ប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូចឲ្យលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ចាត់វិធានការទប់ស្កាត់ល្បែងបាញ់កាំជ្រួចនៅក្នុងសង្កាត់អូរស្មាច់ ចំណុចច្រកទ្វារអន្តរជាតិអូរស្មាច់ជាបន្ទាន់។ ដោយហេតុថា សំឡេងផ្ទុះនៃកាំជ្រួចរំខានយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតតំបន់ច្រកទ្វារអន្តរជាតិអូរស្មាច់ ហើយផ្សែងកាំជ្រួចក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទៀតផង។ ប្រជាពលរដ្ឋបានលើកឡើងថា ទំនងជាអភិបាលក្រុងសំរោង និងអធិការនគរបាលក្រុងសំរោង ទទួលបានផលប្រយោជន៍អ្នកបើកល្បែងបាញ់កាំជ្រួចនៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ទើបពួកគេរក្សាភាពស្ងៀមស្ងាត់ ហើយមិនខ្វល់ពីផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាល់តែសោះ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា នៅតាមព្រំដែនខ្មែរ-សៀម ក្នុងមូលដ្ឋានពួកគាត់មានគេបើកលេងល្បែងភ្នាល់បាញ់កាំជ្រួច ដែលជាល្បែងពេញនិយមក្នុងខេត្តឧត្ដរមានជ័យ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្នុងការភ្នាល់បាញ់កាំជ្រួចម្ដងៗមានអ្នកចាញ់ឈ្នះអស់លុយរាប់ពាន់រាប់ម៉ឺនដុល្លារ ហើយមិនទាន់ឃើញមានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នោះដែរ។ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនគរបាលក្នុងសង្កាត់អូរស្មាច់ ក៏ដូចជាអភិបាលក្រុងសំរោង និងអធិការនគរបាលក្រុងសំរោង បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យល្បែងភ្នាល់បាញ់កាំជ្រួចកើតឡើងយ៉ាងអនាធិបតេយ្យ ហើយមានអ្នកចូលរួមលេងយ៉ាងច្រើនកុះករ។
បើតាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងសង្កាត់អូរស្មាច់ បានឲ្យដឹងថា ទីតាំងលេងល្បែងបាញ់កាំជ្រួចគឺនៅចំណុចច្រកអូរស្មាច់ ព្រំប្រទល់ខ្មែរ-សៀម ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយមានការឃុបឃិតពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទើបអ្វីៗអាចដំណើរការយ៉ាងរលូន។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលគេបាញ់កាំជ្រួចម្ដងលាន់ឮសំឡេងខ្ទ័រមេឃ ហើយមានផ្សែងហុយយ៉ាងខ្លាំងពេញខាងលើតំបន់ច្រកអូរស្មាច់។ ប៉ុន្តែគ្មានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណាចុះទៅចាត់វិធានការទប់ស្កាត់នោះទេ ហើយបណ្ដោយឲ្យល្បែងបាញ់កាំជ្រួចដែលជាល្បែងស៊ីសងខុសច្បាប់រាលដាលកាន់តែខ្លាំងថែមទៀត។បឋម
Recent Comments