មន្ត្រីគយក្នុងខេត្តបាត់ដំបង មួយចំនួនបានលើកឡើងថា លោក ហុង សាវុធ មេគយចល័តតំបន់៤ ផ្លូវជាតិលេខ៥ កំពុងបង្កើនសកម្មភាពពុករលួយយ៉ាងកំរោលដោយគ្មានញញើតអ្វីទាំងអស់ ដោយសារអាងមានខ្នងបង្អែករឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ស្នាក់ការគយចល័តតំបន់៤ ផ្លូវជាតិលេខ៥ ចំណុចឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង សុទ្ធតែសុំការយោគយល់ពីលោក ហុង សាវុធ និងលោក យូ ហេង ដែលជាប្រធានសាខាគយខេត្តបាត់ដំបង ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយតាមដងផ្លូវ មិនគួរបណ្ដោយឲ្យលោក ហុង សាវុធ មេគយចល័តតំបន់៤ ផ្លូវជាតិលេខ៥ បង្កើនសកម្មភាពពុករលួយស្រេចតែអំពើចិត្តតទៅទៀតឡើយ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក ហុង សាវុធ ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៤ កំពុងប្រើអំណាចនិងតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។ ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ចំណុចឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានអះអាងថា ទោះបីពួកគេដឹកទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ហុង សាវុធ និងបក្ខពួកនោះទេ។ ផ្ទុយទៅវិញលោក ហុង សាវុធ ឃុបឃិតឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់៤ ផ្លូវជាតិលេខ៥ ចូលទៅរាជធានីភ្នំពេញ យ៉ាងរលូនព្រោះជាប្រភពចំណូលរបស់ពួកគេ។
ប្រភពពីមន្ត្រីគយក្នុងខេត្តបាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក ហុង សាវុធ ប្រើតួនាទីនិងអំណាចរបស់ខ្លួនជាមេគយចល័តតំបន់៤ ហើយធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ម្យ៉ាងទៀតការដែលលោក ហុង សាវុធ ឃុបឃិតឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិលេខ៥ មុខស្នាក់ការគយចល័តតំបន់៤ យ៉ាងសុខស្រួលគឺមានការសម្របសម្រួលពីសំណាក់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ផងដែរ។ បញ្ហានេះ គឺជារឿងដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក ហុង សាវុធ មេគយចល័តតំបន់៤ ផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ ជាយូរមកហើយ។
ប្រភពដែលស្និទ្ធនឹងលោក ហុង សាវុធ មេគយចល័តតំបន់៤ បានឲ្យដឹងទៀតថា ប្រសិនបើគ្មានខ្នងបង្អែករឹងមាំទេនោះ គឺលោក ហុង សាវុធ មិនហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួនធ្វើអ្វីៗស្រេចតែអំពើចិត្តដូចសព្វថ្ងៃនេះទេ។ ប្រភពបានឲ្យដឹងទៀតថា លោក ហុង សាវុធ មានតួនាទីក្នុងការបង្ក្រាបអំពើរត់ពន្ធនៅក្នុងខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ផងដែរដូច្នេះក្នុងមួយខែៗលោក ហុង សាវុធ ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអំពើពុករលួយ។ ប្រការនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់នូវរឿងអាស្រូវពុករលួយរបស់លោក ហុង សាវុធ មេគយចល័តតំបន់៤ ព្រោះមួយរយៈចុងក្រោយនេះលោក ហុង សាវុធ ធ្វើអ្វីៗស្រេចតែអំពើចិត្ត។(មានត)
Recent Comments