តាមសេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថា រយៈពេល៤ខែកន្លងទៅនេះមន្ត្រីគយប្រចាំច្រកតំបន់ម៉ាឡៃ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់និងចំណីអាហារខូចគុណភាពមានផ្ទុកសារធាតុគីមីយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងរលូន។ មិនតែប៉ុណ្ណោះកន្លងមកនៅច្រកតំបន់ម៉ាឡៃ មានសមត្ថកិច្ចឃុបឃិតឲ្យឈ្មួញនាំចូលរថយន្តចង្កូតស្ដាំ ម៉ូតូគេចពន្ធ និងគ្រឿងអេឡិចត្រូនិកជាដើម ព្រោះមេគយច្រកតំបន់ម៉ាឡៃ ដែលមានខ្នងបង្អែករឹងមាំកំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីឡើយ។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោក គុណ ញឹម ជាមេគយធំ ទប់ស្កាត់ទង្វើមិនប្រក្រតីរបស់មន្ត្រីគយនៅច្រកតំបន់ម៉ាឡៃ ខ្លះផងព្រោះបច្ចុប្បន្នពួកគេធ្វើអ្វីៗស្រេចតែអំពើចិត្ត។
តាមប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នមន្ត្រីគយប្រចាំច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកដើម្បីប្រមូលលុយយ៉ាងសុខស្រួល។ ការដែលមេគយប្រចាំច្រកតំបន់ម៉ាឡៃ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់មេគយធំៗនៅក្នុងខេត្តបន្ទាយមានជ័យ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ហើយសូម្បីតែទំនិញប្រភេទចំណីអាហារខូចគុណភាពមានផ្ទុកសារធាតុគីមីក៏ឈ្មួញអាចនាំចូលយ៉ាងរលូន។ បញ្ហានេះគឺជារឿងដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតទេ ព្រោះករណីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់នៅច្រកតំបន់ម៉ាឡៃ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ បានឲ្យដឹងថា មួយរយៈកន្លងទៅនេះភាគីសៀមបានរឹតបន្តឹងយ៉ាងខ្លាំងចំពោះការនាំចូលផលិតផលសាច់សត្វគ្រប់ប្រភេទពីស្រុកខ្មែររាប់ទាំងប្រហុកផ្អក សាច់ក្រក និងចំណីអាហារជាច្រើនមុខទៀត។ ផ្ទុយទៅវិញមន្ត្រីគយប្រចាំច្រកតំបន់ម៉ាឡៃ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពមានផ្ទុកសារធាតុគីមីដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ ប្រហិតជាដើម ចូលទឹកដីខ្មែរយ៉ាងពេញបន្ទុកហើយពួកគេចាំរាប់ចំនួនរទេះយកលុយយ៉ាងស្រួលៗ។ ជាងនេះទៅទៀតទំនិញគេចពន្ធច្រើនប្រភេទដូចជា ស្បែកជើង ស្រាបៀរ សាប៊ូ និងទំនិញចាប់ហួយជាដើមត្រូវមន្ត្រីគយច្រកតំបន់ម៉ាឡៃ ឃុបឃិតឲ្យឈ្មួញនាំចូលយ៉ាងរលូនដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ បើទោះបីទំនិញមួយចំនួនមានក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលផ្ដាច់មុខយ៉ាងណាក៏ដោយ ក៏មន្ត្រីគយច្រកតំបន់ម៉ាឡៃ ឃុបឃិតឲ្យឈ្មួញខិលខូចនាំចូល។បឋម
Recent Comments