ប្រភពពីក្រុមឈ្មួញដែលដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីឡាប៉ាខេ និងច្រកទ្វេភាគីណាំលៀ បានឲ្យដឹងថា ពួកគេបង់លុយតាមការកំណត់របស់មន្ត្រីជំនាញ សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចនៅច្រកព្រំដែនទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅដោយគ្មានការរំខាន។ ប្រសិនបើមិនបង់លុយតាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាសមត្ថកិច្ចតាមច្រកព្រំដែនទេនោះ គឺមិនអាចដឹកឈើចេញទៅស្រុកយួនបានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃជាមិនខាន។ មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា ចាប់តាំងពីលោក ឡោ សុខា ទទួលបានតំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរី រួចមកគឺបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីណាំលៀ និងច្រកទ្វេភាគីឡាប៉ាខេ គ្មានការថយចុះនោះទេហើយនៅច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ក៏នៅតែមានបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនកើតឡើងយ៉ាងពេញបន្ទុកដដែល។
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-យួន ក្នុងស្រុកកែវសីមា បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ ហ៊ាង និងឈ្មួញឈ្មោះ លីន នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីឡាប៉ាខេ និងច្រករបៀងក្បែរៗនោះខ្លាំងក្លាជាងមុនទៅទៀត។ ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកកែវសីមា បានឲ្យដឹងថា លោក សា ផល្លា មេប៉ុស្ដិ៍នគរបាលច្រកឡាប៉ាខេ គឺជាអ្នកមានសិទ្ធិអំណាចធំធេងជាងគេក្នុងការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ទន្ទឹមនឹងនេះប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយសារអាងមានលោកឧត្តមសេនីយ៍ទោ ឡោ សុខា ជាបង្អែករឹងមាំទើបលោក សា ផល្លា មេប៉ុស្ដិ៍នគរបាលច្រកឡាប៉ាខេ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត។
ចំណែកសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក សំរិត ណយ មេប៉ុស្ដិ៍នគរបាលច្រកទ្វេភាគីណាំលៀ ហៅច្រកប៉ុស្ដិ៍៧ នៅតែបន្តឃុបឃិតបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងនៅពេលយប់។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ សារឿន ម៉ាប់ និងឈ្មួញឈ្មោះ គួយ សុឃុន ព្រមទាំងឈ្មួញឈ្មោះ ឆុង នៅតែអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកប៉ុស្ដិ៍៧ យ៉ាងពេញបន្ទុកព្រោះមានការឃុបឃិតបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើមន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកព្រំដែន។ លើសនេះទៅទៀតលោក សំរិត ណយ តែងប្រើឈ្មោះលោក ទៀង សៅរតន៍ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកអន្តោប្រវេសន៍និងប្រើឈ្មោះលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដើម្បីការពារទង្វើរបស់ខ្លួន។បឋម
Recent Comments