កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា កន្លងទៅថ្មីៗនេះករណីថ្នាក់ដឹកនាំមន្ទីរសាធារណការខេត្តស្ទឹងត្រែង ប្រើប្រាស់រថយន្តស្ទូចដែលជាជំនួយប្រទេសជប៉ុន ដើម្បីដឹកជញ្ជូនឈើខុសច្បាប់ចេញពីភូមិភ្លុក ស្រុកសេសាន ឆ្ពោះទៅក្រុងស្ទឹងត្រែង កំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានបង្ហើបឲ្យដឹងថាលោក ស គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង មានជាប់ពាក់ព័ន្ធករណីឃុបឃិតឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនប្រើប្រាស់រថយន្តស្ទូច ជាជំនួយប្រទេសជប៉ុន ដើម្បីដឹកជញ្ជូនឈើខុសច្បាប់។ ហេតុនេះលោក ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរពិនិត្យឡើងវិញជាបន្ទាន់ ហើយទប់ស្កាត់កុំឲ្យលោក ស គឹមណាត និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តទៀត។
ក្រោយពេលរឿងអាស្រូវរបស់ខ្លួនក្នុងការប្រើប្រាស់រថយន្តស្ទូចជំនួយរបស់ប្រទេសជប៉ុន ទៅដឹកជញ្ជូនឈើពីស្រុកសេសាន ខេត្តស្ទឹងត្រែង យ៉ាងគឃ្លើនត្រូវបានគេដឹងជាសាធារណៈនោះ ស្រាប់តែលោក ស គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង កំពុងខំប្រឹងបិទបាំងទង្វើរបស់ខ្លួនដោយគ្មានសេចក្ដីអៀនខ្មាស។ លោក ស គឹមណាត ព្យាយាមបិទបាំងការពិតថា ឈើទាំងនោះដឹកចេញពីចំណុចបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីធ្វើស្ពានតាមផ្លូវទៅទំនប់វារីអគ្គិសនីសេសានក្រោម២។ ក៏ប៉ុន្តែជាក់ស្ដែងឈើទាំងនោះមិនមែនជាឈើត្រូវតាមខ្នាតសម្រាប់ធ្វើស្ពានឡើយ ម្យ៉ាងទៀតស្ពានទាំងអស់ចូលទៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ សុទ្ធតែស្ពានដែកបាឡេ គ្មានស្ពានដែលធ្វើពីឈើនោះទេ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរពិនិត្យមើលឡើងវិញចំពោះទង្វើមិនប្រក្រតីរបស់លោក ស គឹមណាត ដែលកំពុងបិទបាំងរឿងអាស្រូវរបស់ខ្លួនយ៉ាងគួរឲ្យអស់សំណើច។
កន្លងមករឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ស គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង ក្នុងការឃុបឃិតឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តធ្វើអ្វីៗតាមអំពើចិត្តត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះភាពអសកម្មរបស់លោក ស គឹមណាត ក្នុងការជួសជុលផ្លូវថ្នល់និងស្ថាបនាផ្លូវថ្នល់ក្នុងខេត្តស្ទឹងត្រែង ក៏ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ដែរ ហើយគម្រោងចំណាយរបស់មន្ទីរសាធារណការខេត្តស្ទឹងត្រែង ត្រូវបានគេដឹងថាពោរពេញទៅដោយភាពមិនប្រក្រតី។ ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានរក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យលោក ស គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនដដែល។ មិនតែប៉ុណ្ណោះលោក ស គឹមណាត តែងតែប្រើប្រាស់ឈ្មោះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីការពារទង្វើរបស់ខ្លួន ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា រយៈពេលមួយសប្តាហ៍មកហើយ ដែលពួកគាត់បានឃើញមន្ត្រីមន្ទីរសាធារណការខេត្តស្ទឹងត្រែង ប្រើប្រាស់រថយន្តស្ទូចជាជំនួយប្រទេសជប៉ុន ដឹកជញ្ជូនឈើឡាំងជ្រុងខ្នាតធំក្នុងមួយថ្ងៃ២ជើង។ ជុំវិញបញ្ហានេះតាមការបង្ហើបពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ស គឹមណាត ដែលជាប្រធានមន្ទីរទេនោះ គឺគ្មានមន្ត្រីណាហ៊ានប្រើប្រាស់រថយន្តស្ទូចជាជំនួយរបស់ប្រទេសជប៉ុន ទៅដឹកជញ្ជូនឈើពីស្រុកសេសាន ចូលក្រុងស្ទឹងត្រែង នោះទេ។ ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានឲ្យដឹងទៀតថា ដោយសារអាងមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនជាបង្អែករឹងមាំ។បឋម
Recent Comments