ប្រភពដែលស្និទ្ធនឹងលោក លន់ ប៊ុនថុល មេបញ្ជាការកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៧០៩ បានបង្ហើបឲ្យដឹង ថា សម្រាប់ក្រុមឈ្មួញ ដែលដឹកជញ្ជូនឈើតាមម៉ូតូនិងតាមរថយន្តសាំយ៉ុង ក៏ដូចជារថយន្តផ្សេងៗទៀតចេញទៅស្រុកយួនតាមផ្លូវជាតិលេខ៨តំបន់កា៣ ត្រូវតែបង់លុយតាមការកំណត់របស់លោក លន់ ប៊ុនថុល មិនអាចតវ៉ាបានឡើយ។ ប្រសិនបើអ្នកធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមតំបន់កា៣ មិនបង់លុយតាមការកំណត់របស់លោក លន់ ប៊ុនថុល ទេនោះគឺត្រូវប្រឈមនឹងការបង្ក្រាបចៀសមិនផុតឡើយ។ តាមរយៈការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមតំបន់កា៣ គឺក្នុងមួយថ្ងៃៗលោក លន់ ប៊ុនថុល ព្រមទាំងបក្ខពួកប្រមូលលុយបានយ៉ាងច្រើន ហេតុនេះហើយទើបពួកគេមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក លន់ ប៊ុនថុល មេបញ្ជាការកងរាជអាវុធហត្ថស្នាក់ការ៧០៩ ឃុំក្រញូងសែនជ័យ នៅតែឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូនដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ចំណែកលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងបណ្ដោយឲ្យលោក លន់ ប៊ុនថុល មេបញ្ជាការកងរាជអាវុធហត្ថស្នាក់ការ៧០៩ ធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះហើយទើបមជ្ឈដ្ឋាននានាគ្មានជំនឿបន្តិចណាឡើយ ចំពោះវិធានការរបស់លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក្នុងការបង្ក្រាបនិងទប់ស្កាត់ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនតាមតំបន់កា៣ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនពី១៥ទៅ២០រថយន្តនិងរាប់សិបម៉ូតូតាមតំបន់កា៣ ស្រុកស្នួល ខេត្តក្រចេះ ដែលជាប្រភពចំណូលដ៏សំខាន់របស់លោក លន់ ប៊ុនថុល និងមន្ត្រីក្រោមឱវាទ។ ចំណែកលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាលោក ទ្រី សុភ័ក្ត្រ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ព្រមទាំងមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ក្នុងខណៈដែលលោក លន់ ប៊ុនថុល ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។ សូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលចុះទៅបំពេញបេសកកម្មក្នុងខេត្តក្រចេះ ក៏មិនហ៊ានប៉ះពាល់លោក លន់ ប៊ុនថុល មេបញ្ជាការអាវុធហត្ថស្នាក់ការ៧០៩ នោះដែរបើទោះបីលោក លន់ ប៊ុនថុល នៅតែបន្តឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។បឋម
Recent Comments