មាន​អាថ៌កំបាំង​អ្វី​នូវ​ពីក្រោយ បាន​ជា​ភាព​អសកម្ម​របស់​បុគ្គល ខួ​ង ទីន មិន​ត្រូវបាន​គេ​ស៊ើបអង្កេត …!!

ឧត្តរមានជ័យ ៖ តាម​សេចក្តី​រាយ​ការណ៌​ពី​មន្ដ្រី​តូចតាច​នៅក្នុង​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧត្ដរមានជ័យ បាន​បង្ហើប​ឲ្យដឹងថា​: ដោយសារ​តែ​អាង​អំណាច​ដ៍​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ទើប​លោក​ឧត្តមសេនីយ៍ត្រី ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។

​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា ពេលដែល​លោក ខូង ទីន គ្មាន​វត្ត​មាន​បំពេញ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ គឺ​លោក ខូង ទីន បាន​បណ្ដោយ​ឲ្យ​លោក ជា ព្រឿង ដែល​ជា​នាយរង​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មាន​ការបែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ខូង ទីន និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំឲ្យ​ពួកគេ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​បន្តទៀត​។​

​សូមបញ្ជាក់​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ​រឿងអាស្រូវ​ពុករលួយ​តាម​ច្រើន​រូបភាព​របស់​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បើកដៃ​ឲ្យ​លោក ជា ព្រឿង នាយរង​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ គាប​យក​លុយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​បាន​ឆ្លង​ដែន​ចូល​ទឹកដី​សៀម​។ នៅពេលដែល​រឿងអាស្រូវ​របស់​ខ្លួន​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ស្រាប់តែ​ឧត្តមសេនីយ៍ត្រី ខូង ទីន មេ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ ខំ​រក​វិធី​បិទបាំង​រឿងអាស្រូវ​របស់​ខ្លួន ហើយ​អំពាវនាវ​ឲ្យ​ថ្នាក់លើ​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្លួន​ទៅ​វិញ​។ ជាង​នេះ​ទៅ​ទៀត​លោក ខូង ទីន បាន​បើក​ការវាយប្រហារ​ទៅលើ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​យក​រឿង​អាស្រូវ​ច្រើនបែប​ច្រើន​យ៉ាង​របស់​គាត់​មក​ចុះផ្សាយ​ថា ជា​អ្នក​កំពុង​ព័ទ្ធ​ទាញ​ចំណី​ពី​មាត់ទឹក​ទៅវិញ​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​អូរ​ស្មាច់ បាន​បង្ហើប​ឲ្យដឹងថា រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ ហាក់ដូចជា​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង​បន្ទាប់​ពី​បណ្ដាញ​ព័ត៌មាន​នានា​បាន​ផ្សព្វផ្សាយ​រឿងអាស្រូវ​របស់​គាត់​ជា​សាធារណៈ​។ ជា​ពិសេស​ក្រោយ​ពេល​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ ឡើងកាន់តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ គឺ​លោក ខូង ទីន ប្រឹងប្រែង​គ្រប់​វិធី​ដើម្បី​ទប់​តំណែង​របស់​ខ្លួន​បន្តទៀត​។ ហេតុនេះហើយ​ទើប​លោក ខូង ទីន ខំប្រឹង​បិទបាំង​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​ខ្លួន ព្រមទាំង​បក្ខពួក​យ៉ាង​គឃ្លើន​ហើយ​បើក​ការវាយប្រហារ​ទៅ​លើ​អ្នកសារព័ត៌មាន​យ៉ាង​កំរោល​ទៅវិញ​។​

​គួរ​បញ្ជាក់​ដែលថា​ស្និទ្ធ​នឹង​លោក ខូង ទីន បានឲ្យដឹងថា បច្ចុប្បន្ន​លោក ខូង ទីន និង​បក្ខពួក​ឈ្មោះ ជា ព្រឿង ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​នៅតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​ដដែល ជាពិសេស​ការ​គាប​យកលុយ​ពី​ពលរដ្ឋ​ដែល​ធ្វើ​ប័ណ្ណ​ឆ្លងដែន​ចូល​ទឹកដី​សៀម​លើស​សៀវភៅ​បន្ទុក​មិនទាន់​ត្រូវបាន​បញ្ឈប់​នៅឡើយ​ទេ​។ ទន្ទឹមនឹងនេះ​លោក ខូង ទីន បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ក្នុង​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​កាន់តែ​ច្រើនឡើងៗ​។ ដូច្នេះ​លោក គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ខូង ទីន និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។

​ដោយសារ​ថា​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​ផ្សព្វ​បែបយ៉ាង​របស់​លោក ខូង ទីន និង​លោក ជា ព្រឿង ព្រមទាំង​បក្ខពួក​កំពុង​រង​ការរិះគន់​យ៉ាង​ខ្លាំងក្លា​ពី​ប្រជាពលរដ្ឋ ហើយ​ក៏​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​នោះ​ផង​ដែរ ៕

khuangtincc