តាមប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ចាប់តាំងពីលោក ឡោ សុខា ចូល កាន់តំណែងជាស្នងការនគរបាលខេត្តមណ្ឌលគិរី ជំនួសលោក អ៊ុក សំណាង រួចមកគឺបទល្មើសព្រៃ ឈើពុំមានការ ថយចុះទេ ហើយព្រៃឈើក្នុងខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងសេចក្ដីវិនាស។ មន្ត្រីនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថា រយៈពេលមួយខែកន្លងទៅនេះឈ្មួញឈ្មោះ សារឿន ម៉ាប់ ឈ្មួញឈ្មោះ ឆុង ឈ្មួញឈ្មោះ គួយ សុឃុន និងឈ្មួញដទៃទៀតទាំងខ្មែរទាំងយួនដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វេភាគីណាំលៀ តាមច្រកទ្វេភាគីដាក់ដាំ និងតាមច្រកទ្វេភាគីឡាប៉ាខេ សរុបរាប់ពាន់រថយន្តទាំងធុនធំនិងធុនតូច ហើយមិនឃើញលោក ឡោ សុខា ចាត់វិធានការទប់ស្កាត់ឡើយ។ ផ្ទុយទៅវិញលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បណ្ដោយឲ្យសមត្ថកិច្ចនគរបាលប្រចាំច្រកទ្វេភាគីទាំង៣កន្លែងខាងលើនេះធ្វើអ្វីៗស្រេចតែអំពើចិត្ត។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក សំរិត ណយ មេនគរបាលប៉ុស្ដិ៍ច្រកទ្វារភាគីណាំលៀ ហៅច្រកប៉ុស្ដិ៍៧ នៅតែឃុបឃិតបើកដៃឲ្យឈ្មួញជាច្រើននាក់បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក ជាពិសេសនៅពេលយប់។ ប្រភពបានឲ្យដឹងទៀតថា លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលលោក សំរិត ណយ មេនគរបាលច្រកប៉ុស្ដិ៍៧ បន្តឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងរាលដាល។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀ ស្រុកពេជ្រាដា កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាបបទល្មើសឡើយ ហើយលោក សំរិត ណយ មានសិទ្ធិអំណាចធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា បានឲ្យដឹងថា ឈ្មួញដែលសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនច្រើនជាងគេ គឺឈ្មួញឈ្មោះ សារឿន ម៉ាប់ ឈ្មួញឈ្មោះ ឆុង និងឈ្មួញឈ្មោះ គួយ សុឃុន ដែលជាមន្ត្រីនគរបាលខេត្តមណ្ឌលគិរី និងជាប្អូនប្រុសរបស់អភិបាលខេត្តមណ្ឌលគិរី។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញទាំង៣នាក់នេះបានសម្រុកដឹកជញ្ជូនឈើក្នុងមួយយប់ៗរាប់សិបរថយន្តឡង់គ្រឺស័រកែច្នៃ រថយន្តហាយឡេនឌ័រ និងរថយន្តឡិចស៊ីសជាដើម ព្រោះគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ឬសមត្ថកិច្ចពាក់ព័ន្ធហ៊ានចាត់វិធានការបង្ក្រាបក្រុមឈ្មួញទាំងនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថាន ក៏ដូចជាសមត្ថកិច្ចនៅច្រកទ្វេភាគីណាំលៀ ជាអ្នកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងសុខស្រួល។បឋម
Recent Comments