ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តពោធិ៍សាត់ មួយចំនួនបានបង្ហើបឲ្យដឹងថា មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកបាកាន ស្រុកកណ្ដៀង និងស្រុកក្រគរ ត្រូវបង់លុយតាមការកំណត់របស់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់។ ចំណែកលោក ភុំ វិមល ក៏ត្រូវបង់លុយតាមការកំណត់របស់លោក អេង ជាសាន ដែលជាអគ្គនាយករដ្ឋបាលជលផល នៃក្រសួងកសិកម្ម ផងដែរហេតុនេះហើយទើបលោក ភុំ វិមល បណ្ដោយឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនក្នុងស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ធ្វើអ្វីៗតាមអំពើចិត្ត។ ទន្ទឹមនឹងនេះលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ តែងតែរក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប ប្រកបដោយប្រសិទ្ធភាពនោះទេដែលធ្វើឲ្យបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការបង្ក្រាបបទល្មើសនេសាទក្លាយជារឿងឥតន័យ។
ប្រភពពីប្រជានេសាទនៅក្នុងតំបន់បឹងទន្លេសាប នៃស្រុកក្រគរ ស្រុកបាកាន និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំនៅតែបន្តកើតឡើងយ៉ាងរាលដាល ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផលប្រចាំស្រុកទាំង៣នោះ។ ប្រជានេសាទបានឲ្យដឹងទៀតថា ឈ្មោះ ហួន ធី ជាជនជាតិយួន គឺជាអ្នកប្រមូលលុយពីបក្ខពួករបស់ខ្លួនបង់ឲ្យមន្ត្រីរដ្ឋបាលជលផល តាមការកំណត់ដើម្បីអាចប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងតំបន់បឹងទន្លេសាប នៃខេត្តពោធិ៍សាត់ យ៉ាងមហន្តរាយ។ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ គឺជាអ្នកបើកដៃឲ្យមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកបាកាន ស្រុកក្រគរ និងស្រុកកណ្ដៀង ធ្វើអ្វីៗតាមអំពើចិត្ត។
បើតាមការអះអាងរបស់ប្រជានេសាទក្នុងស្រុកក្រគរ បានឲ្យដឹងថា ជនជាតិយួនឈ្មោះ ហួន ធី មានជំនាញខាងរត់ការដើម្បីឲ្យបក្ខពួករបស់ខ្លួនបន្តប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងតំបន់បឹងទន្លេសាប យ៉ាងពេញបន្ទុក។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺសូម្បីតែលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល នៃក្រសួងកសិកម្ម ក៏មានឈ្មោះក្នុងបញ្ជីទទួលលុយពីបទល្មើសនេសាទនៅក្នុងតំបន់បឹងទន្លេសាប នៃខេត្តពោធិ៍សាត់ នោះដែរ។ ដូច្នេះហើយទើបប្រជានេសាទក្នុងស្រុកកណ្ដៀង ស្រុកបាកាន និងស្រុកក្រគរ អំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ពិនិត្យឡើងវិញខ្លះផងចំពោះអំពើពុករលួយរបស់ក្រុមមន្ត្រីរដ្ឋបាលជលផល ដែលកំពុងធ្វើឲ្យបទល្មើសនេសាទកើតឡើងយ៉ាងអនាធិបតេយ្យ។បឋម
Recent Comments