ប្រភពពីមន្ត្រីនគរបាលនៅក្នុង ក្រសួងមហាផ្ទៃ មួយចំនួនបានបង្ហើបឲ្យ ដឹងថា ចាប់តាំងពីលោក ព្រហ្ម ចាន់សុខា ឡើង កាន់តំណែងជា ប្រធាននាយកដ្ឋានលិខិតឆ្លងដែនជំនួសលោក វុធ ផល្លី រួចមកគឺអំពើពុករលួយ នៅក្នុងនាយ កដ្ឋានលិខិតឆ្លង ដែនរាលដាលកាន់តែខ្លាំងជាងមុនទៅទៀត។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវ ឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើអំពើពុករលួយរបស់លោក ព្រហ្ម ចាន់សុខា ប្រធាននាយកដ្ឋានលិខិតឆ្លងដែននិងមន្ត្រីក្រោមឱវាទជាបន្ទាន់ ព្រោះមួយរយៈពេលចុងក្រោយនេះមន្ត្រីនគរបាលក្នុងនាយកដ្ឋានលិខិតឆ្លងដែនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ ជាពិសេសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដោយឲ្យលោក ព្រហ្ម ចាន់សុខា និងមន្ត្រីក្រោមឱវាទប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដូចសព្វថ្ងៃនេះទេ។
ប្រជាពលរដ្ឋដែលទៅធ្វើលិខិតឆ្លងដែនសម្រាប់ប្រើប្រាស់ បានអំពាវនាវយ៉ាងទទូចឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការលុបបំបាត់អំពើពុករលួយនៅក្នុងនាយកដ្ឋានលិខិតឆ្លងដែនជាបន្ទាន់។ ដោយហេតុថាបច្ចុប្បន្ននាយកដ្ឋានលិខិតឆ្លងដែនដែលមានលោក ព្រហ្ម ចាន់សុខា កំពុងកើតមានរឿងអាស្រូវពុករលួយយ៉ាងពេញបន្ទុក ជាពិសេសទាក់ទងទៅនឹងការគាបយកលុយពីប្រជាពលរដ្ឋដែលធ្វើលិខិតឆ្លងដែននៅទីនោះ។ មានការរិះគន់ចំៗថាលោក ព្រហ្ម ចាន់សុខា ប្រធាននាយកដ្ឋានលិខិតឆ្លងដែនបើកដៃឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ហើយការធ្វើលិខិតឆ្លងដែនធ្មមតានិងការធ្វើលិខិតឆ្លងដែនឆាប់រហ័សមានតម្លៃខុសគ្នាតាមការកំណត់របស់មន្ត្រីទាំងនោះ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា សម្រាប់ការធ្វើលិខិតឆ្លងដែនធម្មតា(ចំណាយរយៈពេលយូរ) ត្រូវបង់លុយចាប់ពី១២៥ដុល្លារទៅ១៣០ដុល្លារ ប៉ុន្តែរយៈពេល៤៥ថ្ងៃឬ៦០ថ្ងៃទើបអាចទទួលបានលិខិតឆ្លងដែនយកមកប្រើប្រាស់ ហើយបើចំណាយ១៩០ដុល្លារ គឺត្រូវរង់ចាំរយៈពេលមួយខែ។ ចំណែកការធ្វើលិខិតឆ្លងដែនមិនធម្មតាឬធ្វើឆាប់រហ័សត្រឹមរយៈពេលមួយសប្ដាហ៍ទៅ១០ថ្ងៃ គឺត្រូវប្រជាពលរដ្ឋត្រូវចំណាយ២៨០ដុល្លារទៅ៣០០ដុល្លារ ហើយប្រសិនបើនរណាចំណាយពី៤០០ដុល្លារទៅ៦០០ដុល្លារ គឺអាចទទួលបានលិខិតឆ្លងដែនរយៈពេល១ថ្ងៃទៅ៣ថ្ងៃ។ តាមរយៈពេលការធ្វើលិខិតឆ្លងដែនដែលមានរយៈពេលខុសគ្នានិងតម្លៃខុសគ្នាបែបនេះ គឺមន្ត្រីលិខិតឆ្លងដែនដែលជាកូនចៅរបស់លោក ព្រហ្ម ចាន់សុខា អាចប្រមូលលុយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបាន។បឋម
Recent Comments