ប្រភពពីមន្ត្រីមន្ទីរកសិកម្មនិង មន្ត្រីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឲ្យដឹងថា មេឈ្មួញ តាំង អៀង អាចបន្ត សក ម្មភាព កាប់ឈើនិងដឹកជញ្ជូនឈើ ចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងរលូនគឺមានការឃុប ឃិតបើកដៃពីសំណាក់ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ និងលោក ប៉ាន់ មរកត ប្រធានមន្ទី របរិស្ថានខេត្ត ពោធិ៍សាត់ ផងដែរ។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស តំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល និងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កំពុងប្រឈមនឹងសេចក្ដីវិនាសជាបន្តបន្ទាប់ចៀសមិនផុតឡើយ។ ផ្ទុយទៅវិញមេឈ្មួញ តាំង អៀង កំពុងសប្បាយប្រមូលលុយពីសកម្មភាពបំផ្លាញព្រៃឈើ ហើយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នកំពុងចាត់ទុកមេឈ្មួញ តាំង អៀង ជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញ តាំង អៀង នៅតែបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់ យ៉ាងរាលដាលដោយសារអាងមានខ្នងបង្អែករឹងមាំ។ ប្រភពបានឲ្យដឹងទៀតថាមេឈ្មួញ តាំង អៀង បានប្រើប្រាស់អាជ្ញាប័ណ្ណក្រុមហ៊ុនអឹមឌីអេស របស់មេឈ្មួញ ទ្រី ភាព ដែលហួសសុពលភាពជាយូរមកហើយនោះដើម្បីដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងចេញពីស្រុកភ្នំក្រវាញ តាមផ្លូវជាតិលេខ៥៥ យ៉ាងគគ្រឹកគគ្រេង។ កន្លងមកសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស និងសមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ ធ្លាប់បង្ក្រាបរថយន្តដឹកឈើរបស់ឈ្មួញមួយចំនួននៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ប៉ុន្តែសម្រាប់រថយន្តដឹកជញ្ជូនឈើរបស់មេឈ្មួញ តាំង អៀង មិនដែលឃើញសមត្ថកិច្ចអាវុធហត្ថចាត់វិធានការបង្ក្រាបឡើយ។
ឈ្មួញឈើក្នុងខេត្តពោធិ៍សាត់ មួយចំនួនបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នមិនហ៊ានប៉ះពាល់មេឈ្មួញ តាំង អៀង នោះទេបើទោះប្បីឈ្មួញម្នាក់នេះប្រើអាជ្ញាប័ណ្ណក្រុមហ៊ុនអឹមឌីអេស របស់មេឈ្មួញ ទ្រី ភាព ដែលហួសសុពលភាពដើម្បីដឹកជញ្ជូនឈើយ៉ាងគឃ្លើនក៏ដោយ។ សូម្បីតែលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏រក្សាភាពស្ងៀមស្ងាត់ហើយបណ្ដោយឲ្យមេឈ្មួញ តាំង អៀង ធ្វើអ្វីៗស្រេចតែអំពើចិត្តដែរ។ ជាងនេះទៅទៀតលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ក្នុងខណៈដែលមេឈ្មួញ តាំង អៀង ដែលមានខ្នងបង្អែករឹងមាំនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុក។បឋម
Recent Comments