ប្រភពពីមន្ត្រីរាជការនៅ ក្នុងមន្ទីរការងារខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងមន្ទីរខេត្ត សៀមរាប បច្ចុប្បន្ន មានមន្ត្រីសរុបប្រមាណ១៧០ នាក់ កំពុងបម្រើការងារហើយ មានតែបក្ខពួករបស់ លោក ច័ន្ទ សុខុមចិត្តា ប៉ុណ្ណោះដែលមានតួនាទីសំខាន់ៗពាក់ព័ន្ធលុយកាក់។ ទន្ទឹមនឹងនេះប្រសិនបើមន្ត្រីណាហ៊ានលាតត្រដាងអំពើពុករលួយបក្ខពួកនិយមរបស់លោក ច័ន្ទ សុខុមចិត្តា គឺលោកប្រធាននឹងរកវិធីដកមន្ត្រីទាំងនោះចេញពីតំណែងយ៉ាងកំរោលជាមិនខានដើម្បីកុំឲ្យទើសមុខទើសមាត់របស់ខ្លួនតទៅទៀត។ ទង្វើរបស់លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារខេត្តសៀមរាប ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ឡើងៗហើយចាបតាំងពីឆ្នាំ២០០៩ រហូតមកដល់ពេលនេះគឺលោក ច័ន្ទ សុខុមចិត្តា ពង្រឹងបណ្ដាញពុករលួយក្នុងមន្ទីរបានរឹងមាំដល់កម្រិតកំពូលតែម្តង។ ប្រភពដែលស្និទ្ធនឹងលោក ច័ន្ទ សុខុមចិត្តា បានបញ្ជាក់ថា បច្ចុប្បន្នលោកប្រធានមន្ទីរតែងតែប្រើប្រាស់ឈ្មោះលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាៈជីវៈ មកបិទបាំងអំពើពុករលួយ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា បើទោះបីរឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីច្រើនបែបច្រើនយ៉ាងរបស់លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារខេត្តសៀមរាប ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រការនេះហើយដែលធ្វើឲ្យលោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារខេត្តសៀមរាប កាន់តែបានមានសិទ្ធិអំណាចធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារខេត្តសៀមរាប ជាបន្ទាន់ហើយចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផងដែរ។
មន្ត្រីក្នុងមន្ទីរការងារខេត្តសៀមរាប ដែលស្និទ្ធនឹងលោក ច័ន្ទ សុខុមចិត្តា បានបង្ហើបឲ្យដឹងថា ចាប់តាំងពីពេលដែលលោក ច័ន្ទ សុខុមចិត្តា ទទួលបានតំណែងជាប្រធានមន្ទីរការងារខេត្តសៀមរាប ក្នុងអំឡុងឆ្នាំ២០០៩ រហូតមកដល់ពេលនេះគឺលោក ច័ន្ទ សុខុមចិត្តា ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាខ្នងបង្អែកយ៉ាងរឹងមាំរបស់លោក ច័ន្ទ សុខុមចិត្តា ដូច្នេះហើយទើបលោក ច័ន្ទ សុខុមចិត្តា ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។ ក្នុងនោះរាល់គម្រោងចំណាយគ្រប់ជំពូកសម្រាប់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តសៀមរាប ពោរពេញទៅដោយអំពើពុករលួយកេងប្រវ័ញ្ចថវិការដ្ឋអស់យ៉ាងច្រើនក្នុងមួយឆ្នាំៗ។ម(មានត)
Recent Comments