ប្រភពពីមន្ត្រីរាជការនៅក្នុង មន្ទីររៀបចំដីដែនដីខេត្តឧត្ដរមានជ័យ មួយចំនួនបានឲ្យដឹងថា លោក គឹម គាវិន ប្រព្រឹត្ត អំពើពុករលួយ យ៉ាងពេញបន្ទុកតាំងពីនៅធ្វើ ជាប្រធានការិយាល័យភូមិបាល ស្រុកអន្លង់វែង ខេត្តឧត្ដរ មានជ័យ ហើយពេលទទួលបានតំណែងជា ប្រធានមន្ទីររៀបចំដែនដីខេត្តឧត្ដរមានជ័យ គឺបុគ្គលនេះប្រើតួនាទី និងអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនទៅទៀត។ ប្រភពបានឲ្យដឹងទៀតថាលោក គឹម គាវិន បានធ្វើប័ណ្ណយកដីបឹងរមណីយដ្ឋានអតីតផ្ទះតាម៉ុក មួយផ្នែកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងគឃ្លើន ហើយចុងក្រោយនេះគឺលោក គឹម គាវិន ស៊ីញ៉េលក់ដីរង្វង់មូលស្រឡៅស្រោង ។ តាមប្រភពដែលស្និទ្ធនឹងលោក គឹម គាវិន បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះលោក គឹម គាវិន បានទន្ទេញឈ្មោះលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជាប់នឹងមាត់របស់ខ្លួនដើម្បីគំរាមកំហែងលើមន្ត្រីក្រោមឱវាទយ៉ាងកំរោល ហើយធ្វើអ្វីៗស្រេចតែអំពើចិត្ត។ ដូច្នេះលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដីដែនដី មិនគួរបណ្ដោយឲ្យមន្ត្រីពុករលួយដល់ឆ្អឹង ដូចជាលោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីខេត្តឧត្ដរមានជ័យ ប្រើតួនាទីនិងអំណាចធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។
បើទោះបីរឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក គឹម គាវិន ប្រធានមន្ទីររៀបចំដីដែនដីខេត្តឧត្ដរមានជ័យ ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី មិនទាន់ចាត់វិធានការទៅលើលោក គឹម គាវិន នៅឡើយទេ។ ប្រការនេះហើយទើបលោក គឹម គាវិន នៅតែបន្តធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនរហូតដល់ហ៊ានស៊ីញ៉េលក់ដីរង្វង់មូលស្រឡៅស្រោង នៅភូមិអូរគគីរកណ្ដាល ទៅឲ្យអ្នកមានអំណាចម្នាក់។ រឿងនេះត្រូវបានបែកធ្លាយតាមរយៈពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ៤៥គ្រួសារនៅភូមិអូរគគីរកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ដែលមបានប្ដឹងលោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តឧត្ដរមានជ័យ ដែលជាអ្នកស៊ីញ៉េលក់ដីរង្វង់មូលស្រឡៅស្រោង ទៅឲ្យអ្នកមានអំណាចម្នាក់ដើម្បីយកលុយធ្វើមានធ្វើបានផ្ទាល់ខ្លួន.។
នៅក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ៤៥គ្រួសារនៅភូមិអូរគគីរកណ្ដាល បានស្នើសុំឲ្យលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី ជួយអន្តរាគមន៍រក្សាទុកដីអតីតរង្វង់មូលស្រឡៅស្រោង ជាសម្បត្តិសាធារណៈវិញគឺទុកធ្វើជាសួនច្បារឬជាកន្លែងធ្វើបុណ្យទានសម្រាប់ប្រជាពលរដ្ឋក្នុងភូមិ។ ប្រជាពលរដ្ឋក្នុងភូមិអូរគគីរកណ្ដាល បានលើកឡើងថា ចាប់តាំងពីលោក គឹម គាវិន ទទួលបានតំណែងជាប្រធានមន្ទីររៀបចំដីដែនដីខេត្តឧត្ដរមានជ័យ គឺមន្ត្រីរូបនេះធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនរហូតដល់ហ៊ានលក់ដីរង្វង់មូលស្រឡៅស្រោង យកលុយធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ អំពើអាក្រក់ច្រើនបែបច្រើនយ៉ាងដែលលោក គឹម គាវិន បានប្រព្រឹត្តមានដូចជា កេងប្រវ័ញ្ចយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននិងស៊ីញ៉េលក់ដីរដ្ឋច្រើនកន្លែងយកលុយធ្វើមានធ្វើបានផ្ទាល់ខ្លួន។(មានត)
Recent Comments