ប្រភពពីមន្ត្រីក្នុងមន្ទីរ កសិកម្មខេត្តស្ទឹងត្រែង បានឲ្យដឹងទៀតថា បច្ចុប្បន្នឈ្មួញជនជាតិខ្មែរ និងឈ្មួញជនជាតិ យួន ច្រើន នាក់នៅតែអាចធ្វើសកម្មភាពដឹក ជញ្ជូនឈើពីខេត្តស្ទឹងត្រែង ចូលទៅខេត្តរតនគិរី យ៉ាងរាលដាល ព្រោះគ្មានការបង្ក្រាបពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធនោះទេ។ ក្រុមឈ្មួញទាំងនោះអាចដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ចូលខេត្តរតនគិរី ហើយចេញទៅយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុកព្រោះមានការឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយ។ ប្រការនេះកំពុងតែធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងស្រុកសៀមប៉ាង ស្រុកថឡាបរិវ៉ាត់ និងស្រុកសេសាន ខេត្តស្ទឹងត្រែង ចៀសមិនផុតពីសេចក្ដីវិនាសក្នុងពេលឆាប់ៗខាងមុខនេះឡើយ។ ចំណែកលោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង និងលោក មាស សុផុន នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង កំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយយ៉ាងក្រអឺតក្រទម។ សូម្បីតែមន្ត្រីអាជ្ញាធរខេត្តស្ទឹងត្រែង ក៏រក្សាភាពស្ងៀមស្ងាត់ដែរហើយមិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើឲ្យស្របតាមបទបញ្ជាលេខ០០២ របស់រាជរដ្ឋាភិបាលនោះទេគឺពួកគេគិតតែពីរឿងផលប្រយោជន៍ប៉ុណ្ណោះ។ ប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានឲ្យដឹងថាបច្ចុប្បន្នឈ្មួញនៅតែដឹកជញ្ជូនឈើចេញពីមូលដ្ឋានពួកគាត់ទាំងតាមផ្លូវគោកនិងតាមផ្លូវទឹកព្រោះគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកសៀមប៉ាង គិតតែពីរឿងប្រព្រឹត្តអំពើពុករលួយប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក មាស សុផុន នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។ បើតាមប្រភពពីក្រុមមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានឲ្យដឹងថា ការដែលលោក មាស សុផុន មេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការបើកដៃពីសំណាក់លោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។
ចំណែកប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក៏បានឲ្យដឹងដែរថាបច្ចុប្បន្នព្រៃការពារ ព្រៃសហគមន៍ ព្រៃអភិរក្សក្នុងមូលដ្ឋានពួកគាត់កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះឈ្មួញច្រើននាក់នៅតែបន្តសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទាំងយប់ទាំងថ្ងៃ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមានការឃុបឃិតបើកដៃពីសំណាក់លោក មាស សុផុន នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង កំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់។ ចំណែកលោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង សម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួលដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ហើយបណ្ដោយឲ្យឈ្មួញធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះថ្នាក់ដឹកនាំក្រសួងកសិកម្ម មិនគួរមើលរំលងភាពអសកម្មនិងអំពើពុករលួយរបស់លោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង តទៅទៀតទេ។(មានត)
Recent Comments