ប្រជាពលរដ្ឋនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានកត់សម្គាល់ថាមកដល់ ពេលនេះដីព្រៃលិច ទឹកក្នុង ភូមិសេះស្លាប់ និងតំបន់មួយចំនួនទៀត ត្រូវក្រុមជនល្មើស ប្រើគ្រឿងចក្រទន្ទ្រានកាន់ កាប់យកធ្វើជា កម្មសិទ្ធិអស់រាប់ សិបហិកតារួចទៅហើយ។ ប្រជាពលរដ្ឋបានរិះគន់ថាការបង្ក្រាបបទល្មើសបំផ្លាញព្រៃលិចទឹកនាពេលកន្លងមករបស់កម្លាំងចម្រុះក្នុងស្រុកបរិបូរណ៍ គ្រាន់តែជារឿងលេងសើចឥតប្រយោជន៍ព្រោះមិនបានមួយថ្ងៃស្រួលបួលផងក៏មានការដោះលែងត្រាក់ទ័រទៅវិញ ហើយក្រុមជនល្មើសនៅតែបន្តសកម្មភាពឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកយ៉ាងគឃ្លើនដដែល។ បញ្ហានេះប្រជាពលរដ្ឋបានរិះគន់ថាលោក ឈួរ ច័ន្ទឌឿន គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកជម្រកត្រីពងកូននោះទេ ហើយបណ្ដោយឲ្យលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពងឆ្នាំង និងលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្ត។ ជាការពិតមិនមែនតែនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ប៉ុណ្ណោះទេដែលបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកកំពុងកើតឡើងយ៉ាងគំហុក គឺនៅក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង និងឃុំពាមឆ្កោក ស្រុកជលគិរី ក៏មានបទល្មើសកើតឡើងយ៉ាងអនាធិបតេយ្យផងដែរ។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រុមជនល្មើសដែលប្រើប្រាស់គ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ អាចគេចផុតពីសំណាញ់ច្បាប់។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ទាំងស្រុងព្រោះលោក ឈួរ ច័ន្ទឌឿន មិនចាត់វិធានការទប់ស្កាត់បទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងឃុំឆ្នុកទ្រូ ដែលកើតឡើងយ៉ាងពេញបន្ទុកនោះទេ។ មជ្ឈដ្ឋានខ្លះសង្ស័យថាលោក ងិន ហ៊ុន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង លោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ទទួលបានផលប្រយោជន៍ពីក្រុមជនល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកទើបទុកឲ្យពួកគេគេចផុតពីសំណាញ់ច្បាប់ ។
សមត្ថកិច្ចក្នុងឃុំឆ្នុកទ្រូ បានឲ្យដឹងថា ត្រាក់ទ័រដែលធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹកហើយត្រូវកម្លាំងចម្រុះឃាត់យកទៅរក្សាទុកកាលពីពេលថ្មីៗនេះគឺឃាត់បានតែមួយថ្ងៃក៏ត្រូវដោះលែងវិញភ្លាមៗ ហើយក្រុមជនល្មើសក៏គេចផុតពីសំណាញ់ច្បាប់ដែរ។ ប្រភពបានឲ្យដឹងទៀតថា ការដោះលែងត្រាក់ទ័រដែលជាប់ពាក់ព័ន្ធបទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក គឺមានការសម្របសម្រួលពីសំណាក់នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង គឺលោក តាត់ សីហាក់ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំមកហើយ។ ជាងនេះទៅទៀតការដែលលោក តាត់ សីហាក់ ជួយសម្របសម្រួលឲ្យមានការដោះលែងត្រាក់ទ័រជាប់ពាក់ព័ន្ធបទល្មើស គឺដោយសារមានបញ្ជាពីថ្នាក់លើដោយមានការបិទបាំងព័ត៌មានយ៉ាងប្រុងប្រយ័ត្ន។(មានតភាគ)
Recent Comments