ប្រភពដែលស្និទ្ធលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ បានឲ្យដឹងថា ការដែលឈ្មួញ សេង ឈុនឡេង អាចប្រើប្រាស់រថយន្តធុនធំ២គ្រឿងដឹកឥដ្ឋការពារកម្ដៅចំនួន៣២កេសធំឬ៣២តោនពីទឹកដីសៀម ចូលទឹកដីខ្មែរដោយមិនបង់ពន្ធគឺមានការសម្របសម្រួលពីសំណាក់លោក ទី ប៊ុនឡង់ តែម្តង។ ឥឡូវនេះរឿងអាស្រូវពុករលួយរបស់លោក ទី ប៊ុនឡង់ ត្រូវបានបើកកកាយជាសាធារណៈធ្វើឲ្យលោក ទី ប៊ុនឡង់ ខកចិត្តយ៉ាងខ្លាំងព្រោះអំពើពុករលួយរបស់ខ្លួនមិនអាចបិទបាំងតទៅទៀតបានទេ។ ទោះជាយ៉ាងណាប្រភពខ្លះបានឲ្យដឹងថា ការដែលលោក ទី ប៊ុនឡង់ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនគឺមានការសម្របសម្រួលពីសំណាក់លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន ផងដែរ។
ប្រភពខ្លះបានលើកឡើងថា ប្រហែលមានទំនាស់ផលប្រយោជន៍ទើបករណីឈ្មួញ សេង ឈុនឡេង នាំចូលឥដ្ឋការពារកម្ដៅមិនបង់ពន្ធចំនួន៣២កេសត្រូវបានបើកកកាយជាសាធារណៈធ្វើឲ្យមហាជនមើលឃើញកាន់តែច្បាស់ថែមទៀតនូវអំពើពុករលួយរបស់លោក ទី ប៊ុនឡង់ និងបក្ខពួក។ករណីគយចល័តពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ សហការជាមួយមន្ត្រីសាខាគយខេត្តប៉ៃលិន ចុះចាប់ឥដ្ឋការពារកម្ដៅចំនួន៣២កេសធំៗ(ក្នុង១កេសទម្ងន់ជាង១តោន) នៅក្នុងការដ្ឋានសំណង់របស់លោក សេង ឈុនឡេង កាលពីព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបង្ហាញរឿងអាស្រូវពុករលួយរបស់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន យ៉ាងច្បាស់តែម្តង។ ដោយហេតុថាប្រសិនបើគ្មានការឃុបឃិតបើកដៃពីលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ទេនោះគឺឈ្មួញឈ្មោះ សេង ឈុនឡេង មិនអាចនាំចូលទំនិញគេចពន្ធតាមអំពើចិត្តបានទេ។ ជាក់ស្ដែងការដ្ឋានសំណង់របស់ឈ្មួញ សេង ប៊ុនឡេង ស្ថិតនៅទល់កាស៊ីណូចម្ងាយពីច្រកទ្វារព្រំដែនប្រមាណ៥០០ម៉ែត្រប៉ុណ្ណោះ។
ជុំវិញបញ្ហាខាងលើនេះមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តប៉ៃលិន មួយចំនួនបានលើកឡើងថាលោក ទី ប៊ុនឡង់ គឺជាអ្នកឃុបឃិតឲ្យឈ្មួញ សេង ឈុនឡេង នាំចូលឥដ្ឋការពារកម្ដៅ៣២កេសធំៗដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន?។ បើទោះបីជាឈ្មួញ សេង ឈុនឡេង ខំប្រឹងជួយបិទបាំងអំពើពុករលួយរបស់លោក ទី ប៊ុនឡង់ ដល់កម្រិតណាក៏មិនអាចទៅរួចដែរព្រោះនៅពេលក្រុមគយចល័តចុះទៅចាប់យកឥដ្ឋការពារកម្ដៅទាំង៣២កេសនោះ គឺឈ្មួញ សេង ឈុនឡេង នាំចូលទំនិញដោយមិនទាន់បង់ពន្ធគយនៅច្រកព្រំដែននៅឡើយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយ មិនគួរមើលរំលងអំពើពុករលួយរបស់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន តទៅទៀតឡើយ។(មានត)
Recent Comments