សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ មួយចំនួនក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹង ថាក្រុម ហ៊ុន ថាច់វូដ បានជួលពួកគាត់ហើយផ្ដល់ម៉ាស៊ីន ត្រង់ស៊ីន័រឲ្យចូលអារឈើក្នុងព្រៃ ហើយឲ្យត ម្លៃក្នុងឈើមួយ ម៉ែត្រគូប៤ម៉ឺនរៀល។ ប្រភពបានឲ្យដឹងទៀតថា មានពលរដ្ឋជាច្រើនក្រុមស៊ីឈ្នួល ចូលព្រៃ កាប់ ឈើលក់ឲ្យក្រុមហ៊ុនថាច់វូដ ហើយក្រុមខ្លះអាចកាប់ ឈើនិងដឹកជញ្ជូនឈើ ឲ្យក្រុមហ៊ុនថាច់វូដ បាន ប្រមាណជាង១០ ម៉ែត្រគូបក្នុងមួយថ្ងៃៗ។ ប្រការនេះកំពុងតែធ្វើឲ្យ ព្រៃឈើក្នុងតំបន់ដែនជម្រក សត្វព្រៃភ្នំព្រិច ក៏ដូចជាតំបន់ក្បែរ ៗនោះត្រូវប្រឈមនឹងសេចក្ដីវិនាស ។ មន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តមណ្ឌលគិរី ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថាជាអ្នកឃុបឃិតឲ្យក្រុមហ៊ុនថាច់វូដ កាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកកោះញែក យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរមើលរំលងភាពអសកម្មនិងអំពើពុករលួយរបស់លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមន្ត្រីក្រោមឱវាទនោះទេព្រោះបច្ចុប្បន្នក្រុមហ៊ុនថាច់វូដ កំពុងបង្កើនសកម្មភាពបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក យ៉ាងមហន្តរាយ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែក បានឲ្យដឹងថា មួយរយៈចុងក្រោយនេះក្រុមហ៊ុនថាច់វូដ កំពុងបំពានកាប់ឈើនៅក្នុងតំបន់អភិរក្សហើយដឹកជញ្ជូនចូលក្នុងបរិវេណដីសម្បទានរបស់ខ្លួនយ៉ាងគឃ្លើន ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត។ ប្រភពបានឲ្យដឹងទៀតថាក្រុមហ៊ុនថាច់វូដ បំពានកាប់ឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ក៏ដូចជាតំបន់ក្បែរៗនោះយ៉ាងមហន្តរាយ ហើយលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិចជាបន្ទាន់ ក្នុងខណៈដែលសកម្មភាពបំផ្លាញព្រៃឈើក្នុងតំបន់នេះកើតឡើងកាន់តែខ្លាំងក្លា។
សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថាក្រុមហ៊ុនថាច់វូដ បានជួលប្រជាពលរដ្ឋឲ្យចូលកាប់ឈើនៅក្នុងតំបន់ការពារនិងតំបន់អភិរក្ស ហើយបន្ទាប់មកគេបានយកត្រាក់ទ័រឬរថយន្តកែច្នៃអូសឈើទាំងនោះចូលទៅក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងរលូន។ ឈើហ៊ុបដែលជាប្រភេទឈើមូលធំៗត្រូវបានគេអារច្រៀកហើយដឹកជញ្ជូនទៅស្រុកយួន ក៏ដូចជាដឹកជញ្ជូនលក់តាមដេប៉ូក្នុងបណ្ដាខេត្តមួយចំនួនដោយប្រើប្រាស់អាជ្ញាប័ណ្ណស្របច្បាប់របស់ខ្លួន។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភ័គ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ប្រហែលមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផងដែរ ទើបបណ្ដោយឲ្យក្រុមហ៊ុនថាច់វូដ បំពានកាប់ឈើក្រៅបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួន ហើយដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។បឋម
Recent Comments