ប្រភពពីប្រជាពលរដ្ឋ ក្នុងឃុំសាលាវិស័យ បានឲ្យដឹងថា ដីព្រៃដែលគេឈូសឆាយទន្ទ្រាន កាន់កាប់យកធ្វើជាកម្មសិទ្ធិនោះ គឺជាដីគម្របព្រៃ ឈើរបស់រដ្ឋ ប៉ុន្តែត្រូវនាយសង្កាត់ រដ្ឋបាលព្រៃឈើប្រាសាទបល្ល័ង្ក ក៏ដូចជា មេឃុំសាលាវិស័យ និងអភិបាលស្រុកប្រាសាទ បល្ល័ង្ក ឃុបឃិតឲ្យ ឈ្មួញទន្ទ្រានកាន់កាប់ស្រេចតែ អំពើចិត្ត។ ករណីនេះ ត្រូវបានសមត្ថកិច្ចចម្រុះចុះទៅផ្អាក សកម្មភាពម្តងហើយកាល ពីអំឡុងឆ្នាំ ២០១៧ ប៉ុន្តែរហូតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បែរជាឃើញឈ្មួញឈ្មោះ ម៉េង លៀប នាំយកគ្រឿងចក្រមកឈូសឆាយម្តងទៀតដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកមេឃុំសាលាវិស័យ និងអភិបាលស្រុកប្រាសាទបល្ល័ង្ក បែរជារក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យឈ្មួញឈ្មោះ ម៉េង លៀប ធ្វើអ្វីៗស្រេចតែអំពើចិត្ត។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា ដីព្រៃរបស់រដ្ឋរាប់សិបហិកតានៅក្នុងមូលដ្ឋានរបស់ពួកគាត់ត្រូវឈ្មួញឈ្មោះ ម៉េង លៀប ឈូសឆាយទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិយ៉ាងក្រអឺតក្រទមគ្មានញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋមានការសង្ស័យថាមេឃុំសាលាវិស័យ និងអភិបាលស្រុកប្រាសាទបល្ល័ង្ក គឺជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញឈ្មោះ ម៉េង លៀប ឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋរាប់សិបហិកតាយកធ្វើជាកម្មសិទ្ធិទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ដូច្នេះលោក សុខ លូ អភិបាលខេត្តកំពង់ធំ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះករណីនេះក៏អាចមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ផងដែរ។តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅភូមិដងអន្ទាក់ បានឲ្យដឹងថា ដីគម្របព្រៃឈើរបស់រដ្ឋដែលឈ្មួញឈ្មោះ ម៉េង លៀប ប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់នោះមានទំហំប្រមាណ៤០ហិកតានៅចំណុចត្រាំក្ដារ ភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ប្រភពបានឲ្យដឹងថាឈ្មួញឈ្មោះ ម៉េង លៀប ជាឈ្មួញដែលរស់នៅរាជធានីភ្នំពេញ បែរជាមានអំណាចធំធេងមកឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋនៅចំណុចដងក្ដារ ភូមិដងអន្ទាក់ ឃុំសាលាវិស័យដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ភោគ ចិត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ ក៏ដូចជាពីសំណាក់មេឃុំសាលាវិស័យ និងអភិបាលស្រុកប្រាសាទបល្ល័ង្ក ដែលគិតគូរតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាពិសេសលោក វណ្ណៈ ផានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក គឺជាអ្នកទទួលខុសត្រូវធំជាងគេចំពោះបញ្ហានេះព្រោះអីបើលោក វណ្ណៈ ផានិត មិនជាប់ពាក់ព័ន្ធទេនោះប្រាកដជាចាត់វិធានការទប់ស្កាត់ជាក់ជាមិនខានឡើយ។បឋម
Recent Comments