ប្រជាពលរដ្ឋជាច្រើនភូមិនៅ ក្នុងឃុំស្វាយប្រទាល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹង ថា ក ន្លែង ដែល ឧកញ៉ា ឈាង ប៉ាក់សួរ ប្រើគ្រឿង ចក្រឈូសឆាយ ទន្ទ្រានកាន់ កាប់ដីព្រៃលិចទឹកនិង លើទំនប់យ៉ាងខ្ពស់ មិនឲ្យពួកគាត់ឆ្លងកាត់បាន គឺជាទីតាំងដែលពួកគាត់ធ្លាប់ ប្រកបរបរនេសាទជាលក្ខណៈ គ្រួសារនិងដាំដំណាំផ្សេងៗជាយូរមកហើយ។ ឥឡូវនេះស្រាប់តែឧកញ៉ា ឈាង ប៉ាក់សួរ ប្រើគ្រឿងចក្រធ្វើសកម្មភាពឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកដីបឹងធម្មជាតិតាមអំពើចិត្ត ហើយកន្លងមកនៅពេលប្រជាពលរដ្ឋតវ៉ាត្រូវបានមេការក្រុមហ៊ុនរបស់ឧកញ៉ា ឈាង ប៉ាក់សួរ គំរាមចាប់ដាក់គុកច្រវ៉ាក់ ។ ដូច្នេះលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេហើយត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់ព្រោះមេឃុំស្វាយប្រទាល និងមេឃុំត្រើយស្លា ក៏ដូចជាអភិបាលស្រុកស្អាង កំពុងនាំគ្នាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ក្នុងខណៈដែលឧកញ៉ា ឈាង ប៉ាក់សួរ ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងដីបឹងធម្មជាតិក្នុងតំបន់អតីតឡូត៍នេសាទលេខ៣យ៉ាងកំរោល។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយប្រទាល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងថា មួយរយៈកន្លងទៅនេះឧកញ៉ា ឈាង ប៉ាក់សួរ បានធ្វើសកម្មភាពប្រើគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកនិងទន្ទ្រានកាន់កាប់បឹងធម្មជាតិស្រេចតែអំពើចិត្ត ហើយមន្ត្រីអាជ្ញាធរឃុំ និងមន្ត្រីអាជ្ញាធរស្រុក មិនចាត់វិធានការទប់ស្កាត់នោះទេ។ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុនរបស់ឧកញ៉ា ឈាង ប៉ាក់សួរ កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកនៅក្នុងអតីតឡូត៍នេសាទលេខ៣យ៉ាងគឃ្លើន ហើយដុតបំផ្លាញព្រៃលិចទឹកទន្ទ្រានយកធ្វើជាកម្មសិទ្ធិយ៉ាងកំរោល។ ប្រជាពលរដ្ឋសង្ស័យថា មន្ត្រីអាជ្ញាធរឃុំត្រើយស្លា ក៏ដូចជាមន្ត្រីអាជ្ញាធរឃុំស្វាយប្រទាល ព្រមទាំងអភិបាលស្រុកស្អាង ទទួលបានផលប្រយោជន៍ពីឧកញ៉ា ឈាង ប៉ាក់សួរ ទើបបណ្ដោយឲ្យឈ្មួញរូបនេះទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនិងបឹងធម្មជាតិ។
តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងឃុំស្វាយប្រទាល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងទៀតថា ដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូនជាច្រើនហិកតាត្រូវបានឧកញ៉ា ឈាង ប៉ាក់សួរ ប្រើគ្រឿងចក្រឈូសឆាយលើកទំនប់ព័ទ្ធយកធ្វើជាកម្មសិទ្ធិយ៉ាងស្រួលៗដោយគ្មានមន្ត្រីអាជ្ញាធរមូលដ្ឋាន ចាត់វិធានការទប់ស្កាត់ទាល់តែសោះ។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងឃុំទាំង២ខាងលើ បានអំពាវនាវឲ្យលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ឧកញ៉ា ឈាង ប៉ាក់សួរ ដែលកំពុងទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកយ៉ាងងងើល។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីព្រៃលិចទឹកជម្រកត្រីពងកូនជាច្រើនហិកតាត្រូវបានឧកញ៉ា ឈាង ប៉ាក់សួរ ទន្ទ្រានកាន់កាប់រួចជាស្រេចហើយបានលើកទំនប់យ៉ាងខ្ពស់ហ៊ុមព័ទ្ធដីនោះមិនឲ្យប្រជាពលរដ្ឋចេញចូលទៅទីបឹងអតីតឡូត៍នេសាទលេខ៣ដើម្បីប្រកបរបរនេសាទជាលក្ខណៈគ្រួសារបានដូចមុនទៀតទេ។បឋម
Recent Comments