សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ក្នុងខេត្តក្រចេះ បានឲ្យដឹងថា ការបង្ក្រាបរថយន្តដឹកឈើ៧គ្រឿង ក្នុងស្រុកស្នួល ខេត្តក្រចេះ កាលពីពេលថ្មីៗនេះគឺជារឿងឥតន័យ? ព្រោះជាក់ស្ដែងមេឈ្មួញ សាន ចយ ព្រមទាំងគ្នីគ្នានៅតែអាច គេចផុតពីវិធាន ការច្បាប់ ដដែល។ សកម្មភាពដឹកជញ្ជូនឈើ ខុសច្បាប់របស់មេឈ្មួញ សាន ចយ និងបក្ខពួកចេញទៅ ស្រុកយួនតាមច្រក ត្រពាំងស្រែ គឺជាភស្ដុតាងបង្ហាញថាបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើចេញក្រៅប្រទេស គឺជារឿតឥតន័យព្រោះមេឈ្មួញ សាន ចយ និងបក្ខពួកនៅតែអាចធ្វើអ្វីៗតាមអំពើចិត្ត។ លើសនេះទៅទៀតសកម្មភាពរបស់មេឈ្មួញ សាន ចយ ក្នុងការដឹកជញ្ជូនឈើចេញទៅស្រុកយួនកំពុងធ្វើឲ្យព្រៃឈើនៅតំបន់ព្រំប្រទល់រវាងស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្តរតនគិរី ត្រូវប្រឈមនឹងសេចក្ដីវិនាសព្រោះមេឈ្មួញ សាន ចយ កំពុងសម្រុកកាប់ឈើដឹកចេញពីតំបន់នេះយ៉ាងពេញបន្ទុក។ ប្រការនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ កំពុងព្រួយបារម្ភពីសេចក្ដីវិនាសព្រៃឈើក្នុងមូលដ្ឋានពួកគាត់ព្រោះមេឈ្មួញ សាន ចយ និងឈ្មួញដទៃទៀតសម្រុកដឹកឈើចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ ស្រុកស្នួល យ៉ាងគគ្រឹកគគ្រេង។
កន្លងទៅនេះសមត្ថកិច្ចអាវុធហត្ថក្នុងខេត្តក្រចេះ បានចាត់វិធានការបង្ក្រាបរថយន្តយីឌុបធំៗ៧គ្រឿងដែលបម្រុងដឹកឈើចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ-វ៉ាលឺ ស្រុកស្នួល ខេត្តក្រចេះ ក៏ប៉ុន្តែមជ្ឈដ្ឋាននានាគ្មានជំនឿលើសមត្ថកិច្ចអាវុធហត្ថក្នុងការបង្ក្រាបរថយន្តដឹកឈើនោះទេ។ ដោយហេតុថាបច្ចុប្បន្នឈ្មួញឈ្មោះ សាន ចយ និងបក្ខពួកឈ្មោះ ទឹម នៅតែអាចបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ យ៉ាងគគ្រឹកគគ្រេងហើយការបង្ក្រាបរបស់សមត្ថកិច្ចពុំមានប្រសិទ្ធភាពឡើយ។ ចំណែកថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធបានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលមេឈ្មួញ សាន ចយ និងបក្ខពួកព្រមទាំងឈ្មួញដទៃទៀតកំពុងសម្រុកដឹកឈើចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ ក៏ដូចជាច្រករបៀងក្នុងឃុំ២ធ្នូ និងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងរាលដាល។
តាមប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំ២ធ្នូ និងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ការដែលឈ្មួញអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូនគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នពាក់ទៀត ដែលក្នុងនោះមានទាំងគយចល័ត ក៏ដូចជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃជាដើម ទើបឈ្មួញអាចដឹកឈើទៅដល់គោលដៅដោយគ្មានការរំខាន។ អភិបាលខេត្តក្រចេះ លោក សរ ចំរ៉ុង ក៏ដូចជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ត្រូវមជ្ឈដ្ឋាននានារិះគន់ថាកំពុងសម្ងំទទួលផលប្រយោជន៍ពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួន ហើយបណ្ដោយឲ្យបទល្មើសកើតឡើងកាន់តែខ្លាំងក្លាជាងមុន។បឋម
Recent Comments