ប្រជាពលរដ្ឋបានលើកឡើងថា ទំនាស់ដីធ្លីរវាងពួកគាត់និងក្រុមហ៊ុន អានម៉ារាឌី បានអូសបន្លាយអស់រយៈ ពេលច្រើនឆ្នាំមក ហើយនៅតែមិនទាន់មានដំណោះស្រាយនៅ ឡើយ ព្រោះអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរខេត្តឧត្ដរ មានជ័យមិន យកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមតួនាទីរបស់ខ្លួននោះទេ។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ប្រជាពលរដ្ឋ៣ភូមិនៅក្នុងស្រុកជាំក្សាន្ត គឺភូមិអន្ទឹល ភូមិរស្មី ភូមិជាំស្រែ និងពលរដ្ឋ៣ភូមិទៀត នៅស្រុកត្រពាំងប្រាសាទ គឺភូមិស្រែក្រសាំង ភូមិដីក្រហម និងភូមិត្រពាំងប្រាសាទ បានប្រមូលផ្ដុំគ្នារាប់រយនាក់ដើម្បីតវ៉ាប្រឆាំងនឹងក្រុមហ៊ុនអានម៉ារាឌី ដែលប្រើអំណាចបំពានកាន់កាប់ដីធ្លីរបស់ពួកគាត់យ៉ាងគឃ្លើន។ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ប្រជាពលរដ្ឋរាប់រយនាក់តំណាងឲ្យពលរដ្ឋរងគ្រោះជិត៧០០គ្រួសារបាននាំគ្នាទៅរារាំងមិនឲ្យក្រុមហ៊ុនអានម៉ារាឌី ធ្វើការឈូសឆាយលើដីធ្លីរបស់ពួកគាត់ទៀតឡើយ។ នៅក្នុងការតវ៉ានោះប្រជាពលរដ្ឋរងគ្រោះបានអំពាវនាវឲ្យលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ ចាត់វិធានការដោះស្រាយដល់ពួកគាត់ប្រកបដោយតម្លាភាព។
តំណាងប្រជាពលរដ្ឋដែលប្រមូលផ្ដុំគ្នាតវ៉ាកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថាក្រុមហ៊ុនអានម៉ារាឌី មិនទាន់ដោះស្រាយជូនពួកគាត់នៅឡើយទេ ហើយបែរជាប្រើគ្រឿងចក្រមកឈូសឆាយលើដីធ្លីរបស់ពួកគាត់យ៉ាងគឃ្លើនតែម្តង។ តំណាងប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ពេលពួកគាត់ប្រមូលផ្ដុំគ្នាតវ៉ានោះឃើញលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត និងតំណាងក្រុមហ៊ុនចុះមកជួបពួកគាត់ហើយសន្យារកដំដោះស្រាយ តែបន្ទាប់មកពួកគេឡើងជិះរថយន្តត្រឡប់ទៅវិញបាត់ស្រមោល។ ប្រការនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យអភិបាលខេត្តព្រះវិហារ ក៏ដូចជាអភិបាលខេត្តឧត្ដរមានជ័យ ជួយដោះស្រាយដល់ពួកគាត់ជាបន្ទាន់ ព្រោះការរំលោភបំពានរបស់ក្រុមហ៊ុនអានម៉ារាឌី កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពួកគាត់កាន់តែខ្លាំងឡើងៗ។
សូមបញ្ជាក់ដែរថា ករណីក្រុមហ៊ុនមួយចំនួនធ្វើសកម្មភាពរំលោភបំពានដណ្ដើមកាន់កាប់ដីធ្លីប្រជាពលរដ្ឋយ៉ាងកំរោលរាប់ឆ្នាំមកហើយមិនទាន់មានដំណោះស្រាយនៅឡើយទេ ហើយខាងក្រុមហ៊ុនតែងតែបន្តសកម្មភាពប្រើគ្រឿងចក្រឈូសឆាយលើដីមានទំនាស់យ៉ាងគឃ្លើន។ ជាក់ស្ដែងក្រុមហ៊ុនអានម៉ារាឌី បានប្រើគ្រឿងចក្រឈូសឆាយបំពានលើដីធ្លីប្រជាពលរដ្ឋ៦ភូមិ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យ៉ាងកំរោល ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះរាប់រយនាក់ប្រមូលផ្ដុំគ្នាតវ៉ា ហើយស្រែកអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាល ជួយដោះស្រាយដល់ពួកគាត់ ។បឋម
Recent Comments