ប្រភពពីសកម្មជនព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា លោក ម៉ុម សារឿន អភិបាលខេត្ត ស្ទឹងត្រែង ប្រ ហែល ជាទទួលបានលាភសក្ការៈ យ៉ាងច្រើនពីបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ទើបមិនចាត់វិធានការ បង្ក្រាបនិងទប់ ស្កាត់បទល្មើសព្រៃឈើឲ្យស្របតាម បទបញ្ជាលេខ០០២របស់រាជរដ្ឋាភិបាល ។ប្រភពដដែលបន្តថា បច្ចុប្បន្នព្រៃឈើដែលនៅសេសសល់ក្នុងមូលដ្ឋានរបស់ពួកគាត់កំពុងរងការបំផ្លាញយ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតពីមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ជាក់ស្ដែងឈ្មួញជាច្រើននាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ចូលទៅខេត្តរតនគិរី និងខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ ហើយមិនឃើញលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ចាត់វិធានការទប់ស្កាត់ឡើយ។ប្រភពពីប្រជាពលរដ្ឋនៅស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នៅតែបំពានកាប់ឈើខាងក្រៅបរិវេណបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង។ សកម្មភាពរបស់ឧកញ៉ា ជ័យ ក្នុងការកាប់ឈើនៅស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ គឺជារឿងដែលលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដឹងយ៉ាងច្បាស់។ក៏ប៉ុន្តែលោកអភិបាលខេត្ត បែរជាធ្វើមិនដឹងទៅវិញ។ ទន្ទឹមនឹងនេះប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ក៏ដូចជាមេរដ្ឋបាលព្រៃឈើនិងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឧកញ៉ា ជ័យ កំពុងបំផ្លាញព្រៃឈើដែលនៅសេសសល់ក្នុងស្រុកសៀមប៉ាង និងស្រុកសេសាន យ៉ាងរង្គាលផងដែរ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំសំអាង និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា មានឈ្មួញជាច្រើននាក់កំពុងធ្វើសកម្មភាពប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីមូលដ្ឋានពួកគាត់យ៉ាងអនាធិបតេយ្យ ហើយឈើប្រភេទលេខ២ ក្នុងតំបន់ព្រៃឡង់កំពុងប្រឈមនឹងសេចក្ដីវិនាស។ ប៉ុន្តែលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងមេរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង មិនចាត់វិធានការបង្ក្រាបបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់នោះឡើយ។ ប្រការនេះហើយទើបប្រជាពលរដ្ឋរិះគន់ថាលោក ម៉ុម សារឿន កំពុងសម្ងំទទួលផលប្រយោជន៍ពីបទល្មើសបំផ្លាញព្រៃឈើក្នុងខេត្តស្ទឹងត្រែង យ៉ាងសុខស្រួលដោយមិនគិតគូរចាត់វិធានការបង្ក្រាបបទល្មើសនោះទេ។ សេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថា ឈ្មួញជាច្រើននាក់នៅតែបន្តសកម្មភាពប្រមូលទិញឈើហើយដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង ទៅស្រុកយួនយ៉ាងរលូនព្រោះលោក ម៉ុម សារឿន ជាអភិបាល ខេត្ត និងមន្ត្រីជំនាញ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនខណៈប្រជាពល រដ្ឋលើកឡើង ថាពុករ លួយជាប្រព័ន្ធ។
Recent Comments