សេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន ខ្មែរ-សៀម ក្នុងក្រុងសំរោង និងស្រុកត្រពាំង ប្រាសាទ ស្រុក អន្លង់វែង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ គឹម ប្រុស និងឈ្មួញឈ្មោះ ហង្ស នៅតែបញ្ចុះបញ្ចូល កៀងគរប្រជាពល រដ្ឋឲ្យឆ្លងដែនចូលកាប់ឈើ គ្រញូងលើទឹកដីសៀម ហើយស្ពាយយកមកលក់ឲ្យពួក គេដែលឈរជើងចាំប្រមូលទិញតាមច្រករបៀងព្រំដែន។ មួយផ្នែកនៃឈើគ្រញូងដែលឈ្មោះ គឹម ប្រុស និងឈ្មោះ ហង្ស ប្រមូលទិញពីប្រជាពលរដ្ឋដែលលបលួយឆ្លងដែនចូលទៅកាប់ក្នុងទឹកដីសៀម ត្រូវគេដឹងថាយកទៅលក់បន្តឲ្យឈ្មួញយួនឈ្មោះ ង្វៀង ធីម៉ាយ ហើយឈ្មួញយួនម្នាក់នេះដឹកជញ្ជូនឈើគ្រញូងចេញទៅស្រុកយួនយ៉ាងរលូន។ មានន័យថាចំណាត់ការរបស់មន្ត្រីតុលាការខេត្តកំពង់ធំ និងខេត្តឧត្ដរមានជ័យ នាពេលកន្លងមកគ្រាន់តែជារឿងលេងសើចឥតន័យព្រោះឈ្មួញយួនឈ្មោះ ង្វៀង ធីម៉ាយ ជាប់ឃុំមិនបានប៉ុន្មានខែផង ក៏ចេញមកជួញដូរឈើគ្រញូងខ្លាំងជាងមុនទៅទៀត។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃមុននេះពួកគាត់បានឃើញវត្តមានឈ្មួញយួនឈ្មោះ ង្វៀង ធីម៉ាយ ហៅយាយម៉ាយ មកបន្តសកម្មភាពជួញដូរឈើគ្រញូងក្នុងស្រុកត្រពាំងប្រាសាទដដែល។ ហេតុនេះហើយទើបប្រជាពលរដ្ឋរិះគន់ថា ចំណាត់ការរបស់តុលាការទៅលើឈ្មួញយួនឈ្មោះ ង្វៀង ធីម៉ាយ នាពេលកន្លងមកគឺជារឿងឥតន័យព្រោះយាយម៉ាយ ជាប់ឃុំក្នុងពន្ធនាគារមិនបានប៉ុន្មានខែផងក៏មានសេរីភាពចេញមកប្រកបជំនួញឈើគ្រញូងខុសច្បាប់ក្នុងខេត្តឧត្ដរមានជ័យ ឡើងវិញយ៉ាងងងើល។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញជាបន្ទាន់ចំពោះបញ្ហានេះ ព្រោះបច្ចុប្បន្នឈ្មួញយួនឈ្មោះ ង្វៀង ធីម៉ាយ និងឈ្មួញជាច្រើននាក់ទៀតនៅតែបន្តសកម្មភាពជួញដូរឈើគ្រញូងក្នុងខេត្តឧត្ដរមានជ័យ ម៉ាសប្បាយ។
មជ្ឈដ្ឋាននានាបានរិះគន់ចំៗថា លោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ និងលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ គ្មានឆន្ទៈក្នុងការបង្ក្រាបជំនួញឈើគ្រញូងខុសច្បាប់ដែលកំពុងកើតឡើងយ៉ាងរាលដាលនោះទេ។ ទន្ទឹមនឹងនេះប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង និងក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីមន្ត្រីអាជ្ញាធរខេត្ត និងពីសំណាក់លោក អ៊ឹម សាវរិទ្ធ មេរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ ទេនោះគឺឈ្មួញយួនឈ្មោះ ង្វៀង ធីម៉ាយ ក៏ដូចជាឈ្មួញខ្មែរឈ្មោះ គឹម ប្រុស និងឈ្មោះ ហង្ស មិនអាចជួញដូរឈើគ្រញូងក្នុងខេត្តឧត្ដរមានជ័យ តទៅទៀតបានឡើយ។ ជាងនេះទៅទៀតមានមន្ត្រីយោធានិងមន្ត្រីនគរបាលជាច្រើននាក់ជាប់ពាក់ព័ន្ធនឹងជំនួញឈើគ្រញូងខុសច្បាប់ ហើយរហូតមកដល់ពេលនេះមិនទាន់ឃើញអភិបាលខេត្តឧត្ដរមានជ័យ លោក ស ថាវី និងលោក អ៊ឹម សាវរិទ្ធ ដែលជាមេរដ្ឋបាលព្រៃឈើខេត្ត ចាត់វិធានការបង្ក្រាបឡើយ។បឋម
Recent Comments