ការទ​ន្ទ្រានកាន់កាប់ដី​ព្រៃក្នុងឃុំព​ពកស្រុក​ស្ទោងមាន​ការឃុបឃិត​ពីមន្ត្រីអា​ជ្ញាធរ​?

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា ដែល​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅក្នុង​ឃុំ​ពពក ជាបន្ទាន់​។ ដោយហេតុថា​ការដែល​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ពី​សំណាក់​មេឃុំ​ពពក អភិបាលស្រុក​ស្ទោង ក៏ដូចជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដទៃទៀត​នៅក្នុង​ស្រុក​ស្ទោង ផងដែរ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពពក បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​មេឃុំ​ពពក និង​លោក ណែ​ត សារី អភិបាលស្រុក​ស្ទោង ទេនោះ​គឺ​មេឃុំ និង​អភិបាលស្រុក ចាត់វិធានការ​បង្ក្រាប​បទល្មើស​តាំងពី​ចាប់ផ្ដើម​ដំបូង​ម្ល៉េះ​។ ការដែល​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា អាចធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យ៉ាង​គឃ្លើន​នៅពេលនេះ គឺ​ទាល់តែ​មានការ​បើកដៃ​ពី​សំណាក់​មេឃុំ​ពពក និង​អភិបាលស្រុក​ស្ទោង ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពពក ស្រុក​ស្ទោង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ រឿង រដ្ឋា ដែលជា​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​នៅ​ឃុំ​ប្រឡាយ បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេឃុំ​ពពក ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ចំណែក​លោក ណែ​ត សារី អភិបាលស្រុក​ស្ទោង ខេត្តកំពង់ធំ មិនអាច​គេចវេះ​ពី​ការទទួលខុសត្រូវ​បាន​ឡើយ ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​តាម​អំពើ​ចិត្ត​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ពពក ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា កន្លងមក​ពួកគាត់​បានឃើញ​មន្ត្រី​អាជ្ញាធរ​ស្រុក​ស្ទោង ចុះទៅពិនិត្យ​ទីតាំង​ដែល​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា ប្រើ​គ្រឿងចក្រ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ណែ​ត សារី អភិបាលស្រុក​ស្ទោង មិន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា នោះទេ​ហើយ​បែរជាយក​លែស​ថា​តំបន់​នោះ​ជា​តំបន់​ព្រំប្រទល់​រវាង​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ទៅវិញ​។ ប្រការ​នេះហើយ​ដែល​ប្រជាពលរដ្ឋ​រិះគន់ថា​លោក ណែ​ត សារី អភិបាលស្រុក​ស្ទោង កំពុង​គេចវេះ​ពី​ការទទួលខុសត្រូវ​ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ រឿង រដ្ឋា ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិឯកជន​អស់​ជាច្រើន​ហិកតា​រួចទៅហើយ​។បឋម

29746830_436295110124788_883958213_o 29681241_436295236791442_1521545269_o