សេចក្ដីរាយការណ៍ពីសមត្ថកិច្ចខេត្តក្រចេះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃរថយន្តយីឌុបដឹក ជញ្ជូនឈើរបស់ ក្រុមឈ្មួញទាំង នេះនៅតែបន្តសកម្មភាពដឹក ជញ្ជូនឈើចេញទៅស្រុកយួន ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចនៅតាម ដងផ្លូវមិនចាត់វិធានការបង្ក្រាបឡើយ ។ ប្រការនេះកំពុងតែធ្វើឲ្យព្រៃឈើដែលនៅ សេសសល់ក្នុង ស្រុកសំបូរ ខេត្តក្រចេះ ត្រូវប្រឈមនឹងសេចក្ដីវិនាសព្រោះក្រុមឈ្មួញនៅតែអាចប្រមូលទិញឈើហើយដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញឈ្មោះ ចែនី និងប្ដីឈ្មោះ អាត គឺជាបក្ខពួករបស់ឧកញ៉ា ថៃ ដែលល្បីល្បាញខាងដឹកជញ្ជូនឈើទៅស្រុកយួន ហើយពួកគេបែងចែកផលប្រយោជន៍ឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធតាមលំដាប់លំដោយ។ ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺក្រុមឈ្មួញដូចមានឈ្មោះខាងលើនេះ មិនហ៊ានបំពានទៅលើបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលនោះទេ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ទឹម ជាមន្ត្រីយោធាយោធភូមិភាគ២ ក៏ដូចជាឈ្មួញឈ្មោះ ចែនី និងប្ដីឈ្មោះ អាត នៅតែបន្តប្រមូលទិញឈើហើយដឹកជញ្ជូនឈើតាមរថយន្តទំនើបៗនិងរថយន្តយីឌុបធំៗចេញពីទឹកដីឃុំរលួស យ៉ាងរលូន។ ឈើទាំងនោះត្រូវបានគេដឹកជញ្ជូនឆ្លងកាត់ក្រុងក្រចេះ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូនព្រោះមានការឃុបឃិតជាប្រព័ន្ធជាមួយមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចនៅតាមដងផ្លូវ។ បញ្ហានេះលោក អ៊ុង សំអាត ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ទៅលើភាពអសកម្មនិងអំពើពុករលួយរបស់មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ជាបន្ទាន់ព្រោះមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា ឈើមួយផ្នែកធំត្រូវបានឈ្មួញឈ្មោះ ទឹម ក៏ដូចជាឈ្មួញឈ្មោះ ចែនី ប្ដីឈ្មោះ អាត ប្រមូលទិញនៅឃុំរលួស ហើយដឹកជញ្ជូនឆ្លងកាត់ភូមិស្រែស្បូវ ឃុំក្បាលដំរី កាត់តាមផ្លូវក្រុមហ៊ុនឆាយណាដាយណាមិក យ៉ាងគគ្រឹកគគ្រេង។ ឈ្មួញឈ្មោះ ចែនី និងប្ដីឈ្មោះ អាត ត្រូវបានគេដឹងថាជាថៅកែស្ថានីយ៍ប្រេងសាំងស្ពានទេរ ភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ គឺជាឈ្មួញល្បីល្បាញខាងប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយូរឆ្នាំមកហើយ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ចែនី និងប្ដីឈ្មោះ អាត ព្រមទាំងឈ្មួញឈ្មោះ ទឹម កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ក្រុងក្រចេះ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាន់តែច្រើន។(តភាគ)
Recent Comments