ប្រភពពីមន្ត្រីរដ្ឋបាល ព្រៃឈើខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ដីបម្រុងទុកសម្រាប់ដាំកូនឈើឡើងវិញ មានទំហំ៥០០ ហិកតានៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ថ្មីៗ កន្លងទៅនេះលោក ស៊ុំ សា រឿន ទន្ទ្រានកាន់កាប់ធ្វើជាកម្មសិទ្ធិ។ ប្រភពបានឲ្យដឹងទៀតថាលោក ស៊ុំ សារឿន និងបក្ខពួកបានធ្វើ សកម្មភាពកាប់ រំលំដើមឈើឈូសឆាយ ដីព្រៃដើម្បីដាំដំណាំផ្សេងៗនៅលើផ្ទៃដីនោះដោយគ្មានញញើតអ្វីទាំងអស់។ ប្រការនេះធ្វើឲ្យមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែង កំពុងតាមដានដោយយកចិត្តទុកដាក់នូវវិធានការរបស់លោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ ដើម្បីទប់ស្កាត់បទល្មើសប្រកបដោយប្រសិទ្ធភាព។ ដោយសារថាកន្លងមកនៅពេលពលរដ្ឋធម្មតាទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋបន្តិចបន្តួចតែងត្រូវប្រឈមនឹងការបង្ក្រាបយ៉ាងកំរោលពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។
លោកវរសេនីយ៍ឯក ស៊ុំ សារឿន មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩០៥ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រិះគន់ថាប្រើអំណាចទន្ទ្រានកាន់កាប់ដីព្រៃការពាររបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រការនេះគឺជារឿងដែលលោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ក៏ដូចជាលោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ បើមិនដូច្នេះទេលោក ស៊ុំ សារឿន មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩០៥ នៅតែបន្តសកម្មភាពទន្ទ្រានកាន់កាប់ដីរក្សាទុករបស់រដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ ដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានបង្ហើបឲ្យដឹងថា កន្លងមកលោក ស៊ុំ សារឿន មេបញ្ជាការនគរបាលវរការពារព្រំដែនលេខ៩០៥ ក៏មានជាប់ពាក់ព័ន្ធនឹងជំនួញឈើគ្រញូងខុសច្បាប់ផងដែរ ក៏ប៉ុន្តែគ្មានមន្ត្រីជំនាញ មន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចណាហ៊ានប៉ះពាល់លោក ស៊ុំ សារឿន ទាល់តែសោះ។ ឥឡូវនេះលោក ស៊ុំ សារឿន ជាប់ពាក់ព័ន្ធនឹងការឈូសឆាយទន្ទ្រានកាន់កាប់ដីបម្រុងទុកដាំកូនឈើឡើងវិញរបស់រដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ ហើយថែមទាំងឆ្លើយដោះសាយករួចខ្លួន។ ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ និងលោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ពិនិត្យមើលភាពមិនប្រក្រតីខាងលើនេះផង ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើបានឃើញសកម្មភាពជាក់ស្ដែងនៃទង្វើរបស់លោក ស៊ុំ សារឿន រួចទៅហើយដែរ(មានត)
Recent Comments