មន្ត្រីរាជការនិងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ បានកត់សម្គាល់ថា ករណីបទល្មើសនេសាទប្រើឧបករណ៍ ខុសច្បាប់ក្នុង តំបន់បឹងទន្លេសាបនៃស្រុក កំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ គឺជារឿងដដែលៗ ហើយមិនឃើញ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ក្រសួងកសិកម្ម ចាត់វិធានការទប់ ស្កាត់នោះទេ។ ប្រភពខ្លះបានបង្ហើបឲ្យដឹងថា ប្រហែលលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ទំនងទទួលបានផលប្រយោជន៍ពីបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប ខេត្តកំពង់ធំ យ៉ាងសុខស្រួលផងដែរ ទើបបណ្ដោយឲ្យបទល្មើសនេសាទកើតឡើងយ៉ាងរាលដាលដូច្នេះ?។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មិនគួរមើលរំលងភាពអសកម្មនិងអំពើពុករលួយរបស់មន្ត្រីអាជ្ញាធរខេត្តកំពង់ធំ និងមន្ត្រីរដ្ឋបាលជលផលក្នុងខេត្តកំពង់ធំនោះទេ ក្នុងខណៈដែលបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ក៏ដូចជានៅតំបន់ព្រំប្រទល់រវាងខេត្តកំពង់ធំ និងខេត្តសៀមរាប កំពុងកើតឡើងពេញបន្ទុក។
ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នលោក យ៉ាន់ វិសាក់ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ នៅតែឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពពីមន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ធំ មួយចំនួនបានឲ្យដឹងថា ការដែលលោក យ៉ាន់ វិសាក់ ហៅសែ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ។ ចំណែកលោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនចាត់វិធានការទប់ស្កាត់បទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពឲ្យស្របទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលដាក់ចេញកាលពីពេលថ្មីៗកន្លងទៅនេះទេ។
សេចក្ដីរាយការណ៍ពីប្រជានេសាទក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់នៅតែកើតឡើងយ៉ាងរាលដាលព្រោះលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ។ ប្រភពបានឲ្យដឹងទៀតថា លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដែលមានការឃុបឃិតបើកដៃពីសំណាក់លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និងលោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ កំពុងសប្បាយប្រមូលលុយពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងឃុំពាមបាង យ៉ាងក្រអឺតក្រទម។ ហេតុនេះហើយទើបក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ដូចជា របាំងសាច់អួនក្រឡាញឹក និងឆ្នុកភ្លើងពណ៌ជាដើមនៅតែអាចធ្វើសកម្មភាពបំផ្លាញធនធានមច្ឆជាតិក្នុងបឹងទន្លេសាបឲ្យវិនាសអន្តរាយ។បឋម
Recent Comments