ក្រុមអាជីវករនិង ប្រជាពលរដ្ឋដែលរក ស៊ីនាំកសិផលចេញទៅលក់ នៅស្រុកសៀម តាមច្រកទ្វារអន្តរជាតិព្រំ បានឲ្យដឹងថា សព្វថ្ងៃនេះលោក ទី ប៊ុនឡង់ ប្រើអំណាច គាបយកលុយពីពួកគាត់ តាមរបៀបពុករលួយយ៉ាង កំរោល ដូច្នេះ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយក មិនគួរបណ្ដែតបណ្ដោយត ទៅទៀតទេ។ ប្រភពបានឲ្យ ដឹងទៀតថា អ្នកដឹកកសិផលដូចជា ផ្លែស្វាយចេញទៅ ស្រុកសៀម ត្រូវបង់លុយក្នុងមួយរទេះចាប់ពី៥០០០រៀល ក្នុង១រ៉ឺម៉កចាប់ពី១០០០០រៀលទៅ១៥០០០រៀល ចំណែកអ្នកដឹកតាមរថយន្តនីសាន់ រថយន្តសាំយ៉ុង ឬរថយន្តកូរ៉េត្រូវបង់លុយពី២០០០០រៀលដល់៣០០០០រៀលទើបអាចឆ្លងដែនចូលស្រុកសៀមបាន។ សកម្មភាពនៃអំពើពុករលួយរបស់លោក ទី ប៊ុនឡង់ កំពុងរងការរិះគន់យ៉ាងពេញបន្ទុក ព្រោះពីមួយថ្ងៃទៅមួយថ្ងៃលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។
បើទោះបីលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកក៏ដោយ ក៏លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ទី ប៊ុនឡង់ ជាបន្ទាន់ព្រោះរយៈពេលប្រមាណ៣ខែចុងក្រោយនេះ លោក ទី ប៊ុនឡង់ ប្រើអំណាចនិងតួនាទីប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ បើមិនដូច្នេះទេលោក ទី ប៊ុនឡង់ ដែលមានការឃុបឃិតបើកដៃពីសំណាក់លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន បង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។
បើតាមប្រភពពីមន្ត្រីប្រចាំច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថាលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ កំពុងប្រើអំណាចនិងតួនាទីប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ហោប៉ៅយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ទី ប៊ុនឡង់ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន ផងដែរទើបអ្វីៗដំណើរការយ៉ាងរលូនធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ មន្ត្រីគយតូចតាចក្នុងខេត្តប៉ៃលិន បានបង្ហើបឲ្យដឹងថាលោក ទី ប៊ុនឡង់ ទំនងជាលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ មានខ្នងបង្អែកធំជាងលោក គុណ ញឹម ដែលអគ្គនាយកគយ ទៅទៀតទើបលោក គុណ ញឹម មិនហ៊ានប៉ះពាល់លោក ទី ប៊ុនឡង់ ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយបំផ្លាញចំណូលពន្ធរដ្ឋតាមអំពើចិត្ត។
អំពើពុករលួយធំបំផុតរបស់លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ គឺការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ប្រភពពីមន្ត្រីគយក្នុងខេត្តប៉ៃលិន បានឲ្យដឹងថា ឈ្មួញធំៗដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិព្រំ បង់ពន្ធត្រឹមតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះត្រូវបង់ចូលក្នុងហោប៉ៅលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ និងលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន។ ក្រៅពីនេះក៏មានសេចក្ដីរាយការណ៍ពីរឿងលោក ទី ប៊ុនឡង់ ព្រមទាំងបក្ខពួកឃុបឃិតជាមួយឈ្មួញខិលខូចក្នុងការបន្លំប្រភេទទំនិញដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួនទៀតផង។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះលោក គុណ ញឹម អគ្គនាយកគយ មិនហ៊ានប៉ះពាល់លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំដែលកំពុងតែប្រព្រឹត្តអំពើពុករលួយជិះសេះលែងតទៅទៀត ។(មានត)
Recent Comments