ខេត្តបន្ទាយមានជ័យ៖ ប្រភពីមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ម្នាក់ បានប្រាប់ដោយសុំមិនបញ្ចេញឈ្មោះ បាននិយាយថា អនុ ប្រធាន ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា -ថៃ ដែលមានរឿងអាស្រូវផឹកស៊ីស្រវឹង ប្រើអំពើហិង្សាយកចានគប់ លើ ក្មេង ស្រីរត់ តុម្នាក់បណ្តាលឲ្យរងរបួសបែកក្បាលដេរ ៤ថ្នេរ កាលពីចុងខែមករា ឆ្នាំ២០១៨ កន្លងមកនេះ ត្រូវបានថ្នាក់លើដកបញ្ឈរ ជើងនៅក្រសួងការពារជាតិហើយ។ ប្រភបន្តទៀតថា លោកផ្លាយ១ទំនើងនោះ ត្រូវប្រឈមនឹងវិន័យ ទណ្ឌកម្មកង កម្លាំង ប្រដាប់អាវុធ។
សូមរំលឹកថា នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ កន្លងមកនេះ វេលាប្រហែលម៉ោងជាង ៧យប់ លោកឧត្ដមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៃក្រសួងការពារជាតិ បានទៅផឹកស៊ីជាមួយមិត្តភក្តិសប្បាយរីករាយ នៅភោជនីយដ្ឋាន “ស្រះត្រជាក់ចិត្តថ្មី” ដែលមានគ្នីគ្នាប្រមាណជា ៨ ទៅ ៩នាក់ ស្ថិតក្នុងសង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីកម្មវិធីផឹកស៊ីអូសបន្លាយពេលដល់យប់ជ្រៅ ដោយក្រុមលោកផ្កាយ១ នេត សំអាត បានផឹកអស់ប្រហែលជាស្រាបៀប្រមាណ ៣-៤ កេស ស្រវឹងគ្រប់គ្នា លុះដល់វេលាម៉ោង ១១ជាងយប់ ថ្ងៃដដែលក្មេងស្រីអ្នកមើលតុបានដើរទៅបន្ទប់ទឹក ពេលមក វិញក៏ត្រូវលោកផ្កាយ១ យកចានគាប់ ទៅលើនាង កណ្ដាលចំថ្ងាសបែកក្បាលហូរឈាមស្រោចខ្លួន រួមបញ្ជូនទៅកាន់មន្ទីរពេទ្យដេរស្នាមរបួសអស់ ៤ថ្នេរ។
មន្ត្រីយោធាជាន់ខ្ពស់ នៃក្រសួងការ ពារជាតិមួយរូប បានបង្ហើបប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មាន នាព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា លោកឧត្តសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំកម្ពុជា-ថៃ ដដែលយកចានគប់លើក្បាលក្មេងស្រី រត់តុ កាល ពីពេលថ្មីៗកន្លងមកនេះ ត្រូវបានថ្នាក់លើដកបញ្ឃរជើងនៅក្រសួង ការពារជាតិបណ្តោះអាសន្ន ដើម្បីទទួលពិន័យទណ្ឌកម្ម។
នារីបំរើភ្ញៀវផ្នែករត់តុ ជាក្មេងស្រីរងគ្រោះ បាននិយាយថា ពេលនាងដើរទៅបន្ទប់ទឹកហើយ ត្រូវបានអ្នកធំថ្នាក់ផ្កាយ១ គប់នាងនឹងចានដោយមិនបានដឹងថា លោកផ្កាយ១ ខឹងនាងរឿងអីនោះទេ? ដោយសារនាងមិនបានឈ្លោះប្រកែកតបតដោយពាក្យធ្ងន់ធ្ងរអីជាមួយលោកផ្កាយ១ រូបនេះទាំងអស់ នាងក៏ឆ្ងល់ដែរថា ហេតុអីបានជាលោកផ្កាយ១ រូបនោះ គប់នាងបែបនេះ? លុះព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ បងស្រីជនរងគ្រោះ បាននាំប្អូនស្រីរូបនោះ ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌។
សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ឈ្មោះ ជិន ស្រីនាង អាយុ១៥ឆ្នាំ មុខរបរ អ្នករត់តុ នៅក្នុងភោជនីយដ្ឋានខាងលើនេះ។ បន្ទាប់ពីមានពាក្យបណ្តឹង អ្នកបង្កខាងលើនេះ គឺបានសម្រុះសម្រួកគ្នាក្រៅប្រព័ន្ធតុលាការដោយសងជំងឺចិត្តនារីរងគ្រោះ ត្រឹមទឹកប្រាក់ ១,៤០០,០០០ រៀល ដើម្បីបញ្ចប់រឿងរ៉ាវអាស្រូវនេះ និងព្យាយាម បិទបាំងព័ត៌មានផងដែរ ប៉ុន្តែត្រូវបានបែកធ្លាយដល់ថ្នាក់លើ ទើមមានចំណាត់ការរហូតដកបញ្ឈជើង។
លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ បានបញ្ជាក់ប្រាប់បណ្ដាព័ត៌មានក្នុងស្រុកកាលពីកន្លងទៅនៅថា ពាក់ព័ន្ធរឿងរ៉ាវអាស្រូវ របស់លោកឧត្តមសេនីយ៍ត្រីឈ្មោះ នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដែលបានយកចានគប់ត្រូវក្បាលក្មេងស្រីរត់តុ នៅក្រុងប៉ោយប៉ែតនោះ លោកនឹងគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់សមត្ថកិច្ចតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់យ៉ាងថា ទង្វើរបស់លោក នេត សំអាត វាខុសនឹងច្បាប់កងយោធ ពលខេមរភូមិន្ទខ្លួនមានតួនាទីរហូតថ្នាក់ឧត្តមសេនីយ៍មិនមែនបំពាក់ឲ្យយកអំណាចនេះ ទៅគាប់សង្កត់ ប្រជាពលរដ្ឋ ឬប្រើអំពើព្រៃផ្សៃបង្កឲ្យមានរបួសស្នាមយ៉ាងនេះបានទេ ហើយក៏មិនអាចយកថវិកាប៉ុណ្ណឹងទៅបន្សាប់ជនរងគ្រោះបាន ត្រូវប្រឈមនឹងដោះស្រាយបញ្ហានេះ អនុវត្តទៅតាមវិន័យកងយោធពលខេមរភូមិន្ទ ហើយក៏មិនអនុញ្ញាតឲ្យមន្ដ្រីយោធា នៃកងទ័ពកិច្ចការព្រំដែន បង្ក ឬធ្វើឲ្យមានស្នាមរបួសដល់អ្នកណាម្នាក់រួចខ្លួនពីសំណាញ់ច្បាប់ដាច់ខាត គឺត្រូវវិធានការណ៍ផ្លូវច្បាប់យ៉ាងដាច់ ដើម្បីការពារមុខមាត់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។
ពាក់ព័ន្ធករណីខាងលើនេះ មហាជនក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ និងប៉ូលិស ប៉េអឹម គួរតែជួយអន្តរាគមន៍បន្ថែម ទោះបីជាសងជំងឺចិត្តក៏ដោយ ក៏គួរអញ្ជើញលោកផ្កាយ១ ទំនើងទៅតុលាការ ព្រោះថា លើកនេះត្រឹមតែបែកក្បាលអ្នករត់តុ ចុះបើថ្ងៃក្រោយពេលផឹកស៊ី លោកផ្កាយ១ មិនសប្បាយចិត្ត ដកកាំភ្លើងបាញ់គេ មិនរបួសស្លាប់គេអស់ហើយ។(បឋមចាំមើលចំណាត់ការតុលាការ)
Recent Comments