ខេត្តកោះកុង ៖ តាមប្រភពពីមន្ត្រី សាលាខេត្តកោះកុងបានទម្លាយ អោយដឹងថា ករណីលួច បូមខ្សាច់ចាក់លប់ រំលោភយកដីក្នុងតំបន់ ព្រៃការពារ នេះមានបទល្មើស២ផ្សេងគ្នា។ ទី១. បទល្មើសលួចធ្វើ អាជីវកម្មរ៉ែ(បូមខ្សាច់) ដោយគ្មានច្បាប់ អនុញ្ញាតិ ទី២ . បទល្មើសរំលោភយកដី ក្នុងតំបន់ ការពារនិង គ្រប់គ្រងដោយក្រសួងបរិស្ថាន ។
ក្រុមឈ្មួញបាននិង កំពុងធ្វើសកម្មភាពលួចបូមខ្សាច់ចាក់ លប់រំលោភយកដីព្រៃកោងកាង ដែលស្ថិតនៅក្នុងតំបន់ ការពារដោយ ក្រសួង បរិស្ថានរាប់សិប ហិកតា នៅខេត្តកោះកុង ទៀតហើយ ហើយក្រុមឈ្មួញក៏កំពុងឃុបឃិត លាក់បាំងរឿង អា ស្រូវ ។
ប្រភពដដែលបានបញ្ជាក់ច្បាស់ថា ករណីនេះស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តដូចជា ប្រធាន ការិយាល័យភូមិបាលក្រុង ប្រធានមន្ទីរសុរិយោដីខេត្ត ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត ការិយាល័យរ៉ែខ្សាច់ ប្រធានមន្ទីរបរិស្ថាន និង អភិបាលរងខេត្តមួយចំនួន ក៏បានដឹងយ៉ាងច្បាស់ អំពីការរំលោភ ដោយខុសច្បាប់របស់ក្រុមឈ្មួញនេះផងដែរ ។
ប៉ុន្តែខណៈពេលដែលអ្នកសារព័ត៌មាន សួរនាំទៅមន្ត្រីស្ថាប័នពាក់ព័ន្ឋទាំងនោះតាមទូរស័ព្ទ គឺទទួលបានចម្លើយតែមួយគត់ គឺអត់ដឹង និង ចាំចាត់មន្ត្រីអោយចុះទៅពិនិត្យមើល (sic) ។ បន្ទាប់មកមន្ត្រីទាំងនោះបានទូរស័ព្ទប្រាប់ទៅ ជនល្មើសលួចបូមខ្សាច់ដែលគេបានឃុបឃឹតគ្នាជាប្រព័ន្ឋរួចជាស្រេចហើយនោះ អោយអូស យកម៉ាស៊ីនបូមខ្សាច់ទៅលាក់ទុករួចហើយប្រាប់មកភ្នាក់ងារសារព័ត៌មានម្តងទៀតថា ចុះទៅមើល ហើយតែអត់ឃើញសកម្មភាពបូមទេឃើញតែខ្សាច់បូមរួច។
មន្ត្រីខាងលើបញ្ជាក់ទៀតថា ដោយសារតែចង្អេរមិនអាចបាំងដំរីងាប់បាន នៅអំឡុងជាប៉ុន្មានថ្ងៃមុននេះ ម៉ាស៊ីនលួចបូមខ្សាច់ ដដែលបានបណ្តែតខ្លួនមកដាក់នៅលើទីតាំងចាស់ធ្វើសកម្មភាពបូមទៀត ហើយនៅរសៀល ថ្ងៃទី៣០ខែមករាឆ្នាំ២០១៨ មន្ត្រីការិយាល័យរ៉ែ ២រូបបានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពី មានសារព័ត៌មានមួយចំនួនចុះផ្សាយភ្លាម លោក ស្រេង ហុង អភិបាលរងខេត្ត បានបញ្ជាអោយ មន្ទីររ៉ែនិងថាមពលធ្វើរបាយការណ៍ ពាក់ព័ន្ឋនឹងបទល្មើសបូមខ្សាច់នេះ។ ហើយជំនាញ បានររកឃើញថា បរិមាណខ្សាច់ដែលបានលួចបូមនាពេលកន្លងមកមានចំនួនប្រមាណ ១២០០០ម៉ែត្រគូបដែលលួចបូមដោយអត់ច្បាប់ និងត្រូវបង់សួយសារចូលរដ្ឋ តែជនល្មើស មិនទាន់ចូលខ្លួនបង់នៅឡើយទេ។
ពាក់ព័ន្ធករណីនេះ ភ្នាក់ងារសារព័ត៌មានមួយចំនួនបានទូរស័ព្ទសួរទៅលោកស្រេង ហុង អភិបាលរងខេត្ត ទាក់ទងនឹងចំណាត់ការតាមផ្លូវច្បាប់ចំពោះបទល្មើសនេះ ប៉ុន្តែស្រាប់តែលោក ឆ្លើយត្រឡប់ត្រឡិនថា ម្តងអោយទៅសួរមន្ទីររ៉ែម្តងអោយទៅសួរអ្នកលួចបូមទៅវិញ ហាក់ដូចជា គ្មានភាពទទួលខុសត្រូវ រួចក៏បិទទូរស័ព្ទតែម្តង ។
ចំណែកលោក រស់ វីរ៉ាវុធ ប្រធានមន្ញីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តបាន ប្រាប់ អ្នកសារព័ត៌មានថា សកម្មភាពល្មើសច្បាប់ខាងលើនេះ មិនពាក់ព័ន្ឋជាមួយមន្ទីររបស់លោកទេ ព្រោះវាស្ថិតនៅក្នុងតំបន់ការពារដោយបរិស្ថាន ខណដែលលោក ម៉ម ផល្លា ប្រធានមន្ទីរបរិស្ថាន ធ្លាប់បានប្រាប់ថា ទីតាំងល្មើសច្បាប់នេះ វាស្ថិតនៅក្នុងតំបន់សហគមន៍ ដែនជម្រកសត្វព្រៃពាម ក្រសោបដែល តំបន់នេះប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផលតែគ្មានសិទ្ឋិកាន់កាប់ ឬលក់ដូរ បានឡើយ ។
មន្ត្រីបរិស្ថានមួយរូបបញ្ជាក់ថាក្នុងករណីចាំបាច់ពាក់ព័ន្ឋនឹងការដាក់ទុនវិនិយោគ ក្នុងតំបន់នេះ លុះត្រាតែមានការអនុញ្ញាតពីក្រសួងបរិស្ថានជាមុនសិន។ទោះបីជាយ៉ាង ណាបន្ទាប់ពីសកម្មភាពលួចបូមខ្សាច់ចាក់រំលោភយកដីក្នុងតំបន់ការពារត្រូវបានផ្អាកមួយរយៈខ្លីរួចមកប៉ុន្តែ រយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ជនបង្កបានចាប់ផ្តើមសកម្មភាពរបស់ខ្លួនឡើង វិញដោយគ្មានខ្លាចញញើតសោះឡើយ ។
ប្រជាពលរដ្ឋ រួមទាំងមន្ត្រីជំនាញបរិស្ថានបានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះមន្ត្រីពាក់ព័ន្ធដែល ចេះតែឆ្លើយយករួចខ្លួនក្នុងពេលដែលបទល្មើសនោះ ស្ថិតក្នុងកិច្ចការទទួលខុសត្រូវរបស់ខ្លួន ។ ផ្តើមពីនោះគេបានធ្វើការចោទប្រកាន់ថា អាចម្នាក់ៗ ទទួលលាភសក្ការៈរួចរាល់ហើយ បានជា មិនយកភ្នែកមើល ឬ ទទួលខុសត្រូវក្នុងការបង្ក្រាបបទល្មើសជាក់ស្តែងខាងលើនេះ ៕
Recent Comments