លោកជំទាវ​ លីអ៊ុំអេង​ អះអាងថា​អ្នកដែល​អាជ្ញាធរនាំ​ទៅវាស់​យកដីរបស់​គាត់សុទ្ធតែ​ប្រ​ជាពលរដ្ឋ​សប្បនិមិ​ត្ត

កាលពីរសៀលថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ​ លោកទំទាវ លីអ៊ុំអេង បាន​ផ្តល់​​បទ​សំភាសន៍ដល់​អ្នក​កាសែតថា ប្រជាពលរដ្ឋ​៤៧គ្រួសារ​ដែល​ទៅ​វាស់​យក​ដី​របស់​គាត់​តាម​ការ​ដឹក​នាំ​របស់​អាជ្ញាធរ​ និង​សមត្ថកិច្ចពាក់ព័ន្ធនៅ​ស្រុក​​បន្ទាយ​ស្រី​កាល​ពី​ថ្ងៃ​ទី​០១ ខែ​គុម្ភៈ ថ្មីៗនេះ សុទ្ធសឹង​ជា​ប្រជា​បល​រដ្ឋ​សប្ប​និមិត្ត ដែល​មាន​លុយ​មាន​ឡាន​ទំនើប មាន​ក្បាល​ពោះ​ធំៗ​ សាច់​សទ្រ​លុក​ទ្រលន់ មិន​មែនជា​​ប្រជារាស្ត្រ​ធម្មតានោះទេ ដូច្នេះលោកទំទាវ​ស្នើសុំ​អោយ​ឯក​ឧត្តម​ ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាបពិនិត្យ​សាច់​រឿង​នេះសា​ឡើង​វិញ និងស្មើ​សុំ​​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​ ជួយ​ផ្តល់​យុត្តិ​ធម៌ជូន​គាត់​ផង។

ដី​កសិឧស្សាហកម្មជាង​៤០០ហិកតាស្ថិត​ក្នុង​ភូមិ​ខ្នារ ឃុំខ្នាសណ្តាយ និង​ភូមិរំចេក​ ឃុំ​រំចេក​ ស្រុក​បន្ទាយ​ស្រី ដែល​មាន​ប្លង់​កម្ម​សិទ្ធ​ត្រឹម​ត្រូវ និង​មាន​លិខិត​ស្នាម​ទិញ​លក់​រាប់​រយ​សន្លឹក ដែល​បាន​ប្រថាប់​ត្រាដោយ​មេភូមិ មេឃុំ អភិបាល​ស្រុក សូរិយោដី ហើយ​ក៏ធ្លាប់​ឡើង​តុលាការ​តាំង​ពី​សា​លា​​ដំបូង​ខេត្តសៀមរាប រហូត​ដល់​សាលាឧទ្ធរណ៍ និងតុលាការ​កំពូលនៅ​ក្រុង​ភ្នំពេញ​​ ដែល​ជាកម្ម​សិទ្ធ​របស់លោក​ជំទាវ ​លី អ៊ុំ​អេង និង​សាច់​ញាតិ ត្រូវ​បាន​នុស្ស​មួយ​ក្រុម​តែង​តែ​ស្រក់​ទឹក​មាត់​ចង់​ដណ្តើម​យក​ធ្វើ​ជាកម្ម​សិទ្ធ​របស់​ខ្លួន​ដោយ​បាទដៃទទេគ្មាន​ឯក​សារ​ច្បាស់​លាស់ ឬហៅ​ថាធ្វើ​នំអត់​ម្សៅ នេះ​បើ​យោង​តាម​សម្តី​របស់​លោកជំទាវ​ដែល​បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី៤​​ខែ​គុម្ភៈ ឆ្នាំ២០១៨​ម្សិល​មិញនេះ។

លោក​ជំទាវ​បាន​រៀប​រាប់​ទាំង​អស់​សំណើច​ថា ដី​នេះគាត់​ទិញ​តាំង​ពី​មិន​ទាន់​មាន​ផ្លូវ​ហៃវ៉េ (ផ្លូវ​លេខ​​៦៧) កើត​ឡើង​ម្លេះ ហើយ​តំលៃ​ដែល​លោក​ជំទាវ​ទិញ​កាល​នោះ​ត្រឹម​តែ​១ហិក​តា​៣​​ទៅ​៤រយ​ដុល្លារ​តែប៉ុណ្ណោះ ដល់​ឥឡូវ​មាន​ផ្លូវ​មាន​សង្ឃឹម ដី​មានហាងឆេង ១ហិក​តា​២​ទៅ​៣​ម៉ឺន​ដុល្លារអា​មេរីកកាំង ​ម្នាក់​ៗនាំគ្នា​ស្រក់​ទឹក​មាត់តក់ៗចង់​បាន​ តែ​បែរ​ជាចង់​បាន​បែបរំលោភបំពាន​ ប្រើក្បាចគុនកុងហ្វូ​ទៅ​វិញ មិន​មែន​ចង់​បាន​បែបទិញ​ដូរ​តាម​តំលៃ​ទីផ្សារនោះទេ។

លោក​ជំទាវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ប្រាប់​អ្នក​កាសែតថា ដី​ដែល​គាត់​ទិញ​នេះ​មាន​អាយុ​កាល​ជាង​១៤​ឆ្នាំហើយ មានការ​ដោះដូរ​ចៅ​ហ្វាយ​ស្រុក ​ចៅហ្វាយ​ខេត្តសៀមរាប អស់​បី​តំណរ​ទៅ​ហើយ ម្យ៉ាង​វិញ​ទៀត​កាល​ពី​សម័យ​ឯកឧត្តម ស៊ូ ភិរិន្ទ នៅ​ជាអភិបាល​ខេត្តសៀមរាប ធ្លាប់​មាន​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ប្តឹងតវ៉ា​ថា មិន​បាន​លក់​ដី​អោយ​ទៅលោក​ជំទាវ​ទេ បន្ទាប់​មក​ដើម្បី​បញ្ចប់​រឿង​ឯកឧត្តម​ ស៊ូភិរិន្ទ បាន​បង្គាប់​អោយ​លោក​ជំទាវ​បង់​លុយ​អោយ​ប្រជាពល​រដ្ឋពី​វគ្គដែល​មក​ប្តឹង​តវ៉ានោះ​ ​អស់​ជិត​៣០​ម៉ឺន​ដុល្លារ​អាមេរីក ហើយ​តុលាការ​កំពូល​ក៏បាន​សម្រេច​អោយ​លោក​ជំទាវ​ឈ្នះ​ក្តី​ជាមួយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​​ដែល​ចោទ​លោក​ជំទាវ​ និង​សាច់​ញាតិ​​ថា​ទៅ​កាប់​រាន​ដី​ព្រៃមួយ​ចំនួន​ក្នុង​ចំនួន​ដី​ជាង​៤រយ​ហិក​តានេះ។

លុះ​ដល់​សម័យ​ឯកឧត្តម ឃឹង ប៊ុន​សុង ឡើង​ធ្វើ​ជាចៅ​ហ្វាង​ខេត្ត​សៀមរាប ស្រាប់​តែមាន​ប្រជា​ពល​រដ្ឋ​ចេញ​មុខ​មក​ប្តឹងតវ៉ា​សាថ្មី​​ទៀត​ថា លោក​ជំទាវ​កាយ​ប្រឡាយ​ព័ទ្ធ​យក​ដី​ពួក​គេ​ដោយ​មិន​បាន​ទិញ​ដូរពី​ពួក​គេ​​ទៅ​វិញ។

សូមរំលឹក​ផង​ដែរថា កាល​ពី​ថ្ងៃទី១ថ្មីនេះ មេឃុំរំចេក​ អភិបាល​រងស្រុកបន្ទាយ​ស្រី សូរិយោដី និង​សមត្ថកិច្ច​មួយចំនួន​បាន​ដឹក​នាំ​តំណាង​ប្រជាពលរដ្ឋ៤៧​គ្រួសារ​ទៅ​វាស់​យក​ដី​របស់​លោក​ជំទាវ​លី​អ៊ុំ​អេង​អស់​ជាង​១រយ​ហិកតា ហើយ​កាល​ពីរសៀល​​ថ្ងៃទី២ លោក​អភិបាល​រង​ស្រុក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទថា ”កាល​ពី​ថ្ងៃទី០១​ម្សិល​មិញការ​ចុះ​វាស់​វែង​ដី​ជូន​ពល​រដ្ឋ​ស្ថិត​ក្នុង​ដី​ចម្ការ​ដែល​ហុំ​ព័ទ​ក្នុង​ក្រវ៉ាត់​ដី​របស់​លោក​ ជំទាវ​លី​អ៊ុំ​អេង បាន​៣០ក្បាល​ដី ក្នុង​១ក្បាលដី ​មាន​២ទៅ​៣ប្លង់ ហើយ​មួយ​ប្លង់​ៗ​មាន​ទំហុំ​មិន​ស្មើគ្នា​ទេ មាន​តូច​មានធំ អាស្រ័យ​លើ​មេ​ឃុំ​ និង​ប្រ​ជាពល​រដ្ឋ​ដើ​រ​ចង្អុល​ថាដី​ណា​ជារបស់​គាត់។ លោក​អភិបាល​រង​បន្តថា ដី​ដែល​មាន​ទំនាស់ជាមួយ​លោក​ជំទាវ​​នេះ​មាន​ចំនួន​៤៧​គ្រួសារ។ លោក​អភិបាល​រង​រូប​នេះបាន​បន្ថែមថា ការ​វាស់​វែង​នេះគឺ​សម្រាប់​ធ្វើ​ឯកសារ​ដាក់​ទៅ​សាលាខេត្ត​តាម​ ស.ជ.ណ របស់​លោក​អភិបាល​ខេត្ត ឃឹម ប៊ុនសុង បន្ទាប់​មកទើប​​ខេត្ត ​និង​បញ្ជូន​ឯកសារ​នេះ​សុំ​គោល​នយោ​បាន​ពី​ថ្នាក់​លើ​ ឬរដ្ឋាភិបាល​បន្តទៀត​ ដើម្បី​យក​ដី​ពី​ជំទាវ​លី​អ៊ុំ​អេង​អោយ​ទៅ​ពលរដ្ឋ​៤៧​គ្រួសារដែល​បាន​ប្តឹង​តវា​“។

លោក​ជំទាវ​ លី-អ៊ុំអេង នៅ​តែអះអាង​យ៉ាង​ដាច់​អហង្កាថា ដី​នេះ​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ អស់​​ហើយ ហើយ​ក៏បាន​បង់​លុយ​លើស​ចំនួនទៀតផង អ្នក​ខ្លះមួយគ្រួសារ​មាន​គ្នា​ប្រាំនាក់​មក​ប្តឹង​ទាលុយ​ប្រាំដងក៏មានដែរ តែ​ដោយ​សារ​តែ​គាត់​ខ្ជិល​មាន​រឿង​ជាមួយរាស្ត្រ ក៏ចេះ​តែ​អោយ​ អោយ​ផុត​ៗទៅ ដល់​ពេល​ឥឡូវ​មាន​អ្នក​ញ៉ាម​ធ្លាប់​ធ្វើ​បាន​ ធ្លាប់​ឃើញ​គេ​បាន បែបមក​ចង់​បាន​ដែរ តែ​លោក​​ជំទាវ​ថា លើក​នេះ​មិន​បាន​ទេ មិន​ដូច​លើក​មុន​ឡើយ។

លោកជំទាវ លី-អ៊ុំអេង លួចខ្សឹប​បន្ថែមថា គាត់កំពុង​តែគៀងគរ​បរទេសអោយ​មក​​​ចាប់​ដៃ​គូ​វិ​និ​យោគ​ជា​មួយគាត់ដើម្បី​យក​ដី​ដែល​គាត់​មានខាង​លើ​នេះធ្វើ​ជាសួនកម្សាន្តសំរាប់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ។

លោកជំទាវ លី អ៊ុំអេង បង្ហើបជាចុងក្រោយថា ដីជាង៤រយហិកតានេះ របស់គាត់តែជាង​២​រយ​ហិក​តា​ទេ ឯជាង​១រយហិកតាទៀតជារបស់សាច់ញាតិ និងលោកឧកញ្ញាម្នាក់ទៀត ហើយ​លុយ​ដែល​​គាត់យក​មក​វិនិយោគដាំដំណាំកសិឧស្សាហកម្មនេះ គឺលុយខ្ចីធនាគារជាច្រើនផងដែរ៕ ដោយ៖ ផ្លុង-រ៉េត

Ly Umeng Plan jpg(3) sorchornor 852530316_224537