ក្រុមហ៊ុន​ដួងស្រួចកាប់បំផ្កាញ​ព្រៃឈើនិងដឹក​ជញ្ជូនឈើខុ​សច្បាប់​ក្នូងខេត្តព្រះ​វិហា​រទាំ​ងយប់ទាំថ្ងៃ​មានការឃុប​ឃិតពីថ្នាក់តូ​ចរហូ​ត​ដល់ថ្នា​ក់ខេត្ត?

ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ជាំ​ក្សាន្ត  ក៏ដូចជា​ស្រុក​ឆែប ស្រុក​ជ័យ​សែន  ស្រុក​ត្បែងមានជ័យ និង​ ស្រុក​រវៀង ខេត្ត ព្រះវិហារ  បាន​លើកឡើងថា  ប្រសិនបើ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះ វិហារ មាន​ឆន្ទៈ​ការពារ​ ព្រៃឈើ​ពិត មែន​ នោះ គឺ​ត្រូវ​ចាត់វិធានការ​ ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ខុស ច្បាប់​នៅក្នុង​ព្រៃ​ព្រះ​រកា  និង​ព្រៃ​ឡង់​ជាបន្ទាន់​ ។ ដោយហេតុថា បច្ចុប្បន្ន​មាន​ឈ្មួញ​ធំៗ​និង​ក្រុម​ជនល្មើស​មួយចំនួន​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡង់ ក្នុង​ខេត្តព្រះវិហារ យ៉ាង​រាលដាល​ហើយ​សូម្បីតែ​ដើម​ច្បោះ​ជ័រ​ដែលជា​មុខរបរ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច ក៏​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ផងដែរ​។ លើស​នេះ​ទៅទៀត​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡង់ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​ក្រុមហ៊ុន​ដួង​ស្រួច ក៏​កំពុង​បន្ត​កាប់​ឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ យ៉ាង​អនាធិបតេយ្យ​ដែរ

ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដែលមាន​លោក វេ​ង សាខុន ជា​រដ្ឋមន្ត្រី​បានចេញ​លិខិត​ឲ្យ​បញ្ឈប់​សកម្មភាព​ប្រមូល​ផល​អនុផល​ព្រៃឈើ​របស់​ក្រុមហ៊ុន​ដួង​ស្រួច​គ្រុប ដែលមាន​សិទ្ធិ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្នុង​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ទំហំ​១៥៤៥​ហិកតា​។ លិខិត​របស់​ក្រសួងកសិកម្ម គឺជា​ការយល់ព្រម​តាម​សំណើ​របស់​រដ្ឋបាលខេត្ត​ព្រះវិហារ ដែលមាន​លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត ព្រោះ​នៅក្នុង​ទីតាំង​ដី​សម្បទាន​សង្គមកិច្ចរ​បស់​ក្រុមហ៊ុន​ដួង​ស្រួច​គ្រុប គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ទេ​។

ទាក់ទង​បញ្ហា​ខាងលើនេះ​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​លើកឡើងថា ចំណាត់ការ​របស់​ក្រសួងកសិកម្ម​ក្នុងការ​បញ្ឈប់​សកម្មភាព​ប្រមូល​ផល​និង​អនុផល​ព្រៃឈើ​នៅ​ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ គឺជា​រឿង​យឺត​ពេល​ទៅហើយ​។ ទន្ទឹមនឹងនេះ​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា កន្លងមក​ក្រុមហ៊ុន​ដួង​ស្រួច​មិន​ត្រឹមតែ​កាប់​ឈើ​ក្នុង​ទីតាំង​ដី​សម្បទាន​របស់ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បំពាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ផ្សេងៗ​ចូលក្នុង​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ដើម្បី​ឲ្យ​ក្លាយជា​ឈើ​មានច្បាប់​ទៀតផង​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​លើកឡើងថា ក្រុមហ៊ុន​ដួង​ស្រួច បំពាន​កាប់​ឈើ​នៅ​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស​ជាច្រើន​កន្លែង​ក្នុងស្រុក​ជាំ​ក្សាន្ត ហើយ​ក្រុមហ៊ុន​នេះ​មាន​ខ្នងបង្អែក​ជាម​ន្ត្រី​យោធា​ជាន់ខ្ពស់​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។(នៅមានតភាគ)

27153227_411193822634917_659850570_n27292243_410828476004785_30490270_n27292947_411193769301589_28324913_n (1)26994973_1783997505229157_724068016_n