ក្រុមហ៊ុន​ដួងស្រួចកា​ប់បំផ្លាញ​ព្រៃឈើដីសម្បទាន​សង្គមកិច្ច​ស្រុកជាំក្សាន្ត​ខេត្តព្រះវិហារជិត​រលាយផុត​ពូជ​ហើយ​

មន្ត្រី​សាលាខេត្ត​ព្រះវិហារ  មួយចំនួន​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា  លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ ព្រះវិហារ  ស្នើសុំ​ទៅ​ ក្រសួងកសិកម្ម​ដើម្បី​បញ្ឈប់​ ក្រុមហ៊ុន​ដួង​ស្រួច  ក្នុង​ការធ្វើសកម្មភាព​ប្រមូល ​ផល​អនុផល​ព្រៃឈើ​ក្នុង ​ដី​សម្ប ទាន ​សង្គមកិច្ច​នៅ​ឃុំ​រំដោះ​ស្រែ  ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។  នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨  ទើប​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ចេញ​លិខិត​បញ្ឈប់​សកម្មភាព​ប្រមូល​ផល​អនុផល​ព្រៃឈើ​របស់​ក្រុមហ៊ុន​ដួង​ស្រួច  តាម​សំណើរ​របស់​រដ្ឋបាលខេត្ត​ព្រះវិហារ  ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧​។  ប៉ុន្តែ​លិខិត​របស់លោក វេ​ង សាខុន គឺជា​លិខិត​ដែល​យឺត​ពេល​ព្រោះ​ក្រុមហ៊ុន​ដួង​ស្រួច បាន​កាប់​ឈើ​នៅក្នុង​បរិវេណ​ដី​សម្បទាន​ សង្គមកិច្ច និង​បំពាន​កាប់​ឈើ​នៅ​តំបន់​ក្បែរៗ​នោះ​វិនាស​ហិនហោច​អស់​ទៅហើយ​គ្មាន​នៅសល់​ឈើ​ទៀត​ទេ​។

ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ បាន​លើកឡើងថា កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បានចេញ​លិខិត​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​ដួង​ស្រួច ក្នុងការ​ប្រមូល​ផល​អនុផល​ព្រៃឈើ​នៅ​លើដី​សម្បទាន​សង្គមកិច្ច​ក្នុងស្រុក​ជាំ​ក្សាន្ត​។ ក៏ប៉ុន្តែ​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គឺជា​លិខិត​ដែល​យឺត​ពេល​ព្រោះ​ក្រុមហ៊ុន​ដួង​ស្រួច បាន​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ឡើង​រលត់រលាយ​អស់​ទៅហើយ​។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​ដួង​ស្រួច ដែលមាន​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​ពី​ក្រោយខ្នង​ត្រូវបាន​ប្រភព​ខ្លះ​បញ្ជាក់ថា មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​ឈើ​នៅក្នុង​ស្រុក​ឆែប ស្រុក​ជ័យ​សែន និង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ​ផងដែរ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ បាន​លើកឡើងថា លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះទេ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យ​សែន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ព្រៃ​ព្រះ​រកា កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​លោក អ៊ុន ចាន់​ដា និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​បច្ចុប្បន្ន​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡង់​ក្នុង​ខេត្តព្រះវិហារ កំពុង​កើតមាន​បទល្មើស​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់ គឺជា​អ្នក​ឃុបឃិត​ឲ្យ​បទល្មើស​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ផ្ទាល់ខ្លួន​។(មានតភាគ)

27153442_411193795968253_1450407675_n 27292947_411193769301589_28324913_n (1) 26994973_1783997505229157_724068016_n