លោក​ ងិន ហ៊ុន​ ប្រធានមន្ទីរ​កសិកម្មខេត្តកំពង់​ឆ្នាំងប្រព្រឹត្តអំ​ពើពុករលួ​យជិះសេះ​លែង​ដៃ

មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង  បានលើកឡើង​ទៀតថា ករណី​កើតមាន ​បទល្មើស​នេសាទ​ពេញ​ផ្ទៃ​បឹង​ នេសាទ​ក្នុង​ខេត្ត កំពង់ឆ្នាំង  ហើយ​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល ​ជល​ផល​ខេត្តកំពង់ឆ្នាំង មិន​បង្ក្រាប​គឺមាន​ការឃុបឃិត ​បើកដៃ​ពី​សំណាក់​លោក ងិន ហ៊ុន ផងដែរ​។ ហេតុនេះហើយ​ទើប ​បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​បរិបូរណ៍  ក្រុង​កំពង់ឆ្នាំង  ស្រុក​កំពង់លែង ស្រុក​ជល​គិរី  និង​ស្រុក​កំពង់ត្រឡាច កំពុង​កើតឡើង​យ៉ាង​រាលដាល ហើយ​លោក ងិន ហ៊ុន និង​លោក សោម ភា​រុណ កំពុង​សម្ងំ​ប្រមូល​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ក្នុងខណៈដែល​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​គ្មាន​ញញើត​អ្វី​ទេ​

មកដល់ពេលនេះ​អំពើពុករលួយ​របស់លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មិនគួរ​ទុក​ឲ្យ​លោក ងិន ហ៊ុន និង​បក្ខពួក​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​តទៅទៀត​នោះទេ​។ តាម​ប្រភពពី​ក្រុមអាជីវករ​កាប់​ជ្រូក គោ ក្របី ដែលមាន​ទីសត្តឃាត​នៅ​ក្រុង​កំពង់ឆ្នាំង និង​តាម​បណ្ដា​ស្រុក​នានា​បាន​ឲ្យ​ដឹងថា លោក ងិន ហ៊ុន កំពុង​ប្រើ​អំណាច​និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ងងើល​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។ បញ្ហា​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ផងដែរ ព្រោះ​លោក ងិន ហ៊ុន និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។

ក្រុមអាជីវករ​ម្ចាស់​ទីសត្តឃាត​ជ្រូក គោ ក្របី នៅ​ក្រុង​កំពង់ឆ្នាំង និង​តាម​បណ្ដា​ស្រុក​នានា​បាន​លើកឡើងថា មាន​មន្ត្រី​ពេទ្យសត្វ​គាបសង្កត់​ឲ្យ​ពួកគាត់​បង់លុយ​ប្រចាំខែ​ទៅ​ឲ្យ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ក្រោម​ហេតុផល​បង់ពន្ធដារ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​ពួកគាត់​មិន​ព្រម​បង់លុយ​ឲ្យ​លោក ងិន ហ៊ុន តាមរយៈ​ក្រុម​ពេទ្យសត្វ​ទេនោះ នឹង​ត្រូវគេ​គំរាមកំហែង​មិន​អនុញ្ញាត​ឲ្យ​បន្ត​រកស៊ី​ទៀត​ទេ ឬ​មិន​ចេញ​ប៉ាតង់​ឲ្យ​ជាដើម​។ ហេតុនេះហើយ​ទើប​ពួកគាត់​សុខចិត្ត​បង់លុយ​ឲ្យ​លោក ងិន ហ៊ុន តាម​ការកំណត់​របស់​មន្ត្រី​ពេទ្យសត្វ​ដែល​បាន​គំរាមកំហែង​ដល់ទី​សត្តឃាត ដើម្បី​អាច​បន្ត​អាជីវកម្ម​ដោយ​គ្មាន​ការរំខាន​។

តាម​ការអះអាង​របស់​ក្រុមអាជីវករ​ម្ចាស់​ទីតាំង​សត្តឃាត​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​ត្រូវ​ការធ្វើ​ប័ណ្ណ​ប៉ាតង់​យកទៅ​ប្រកប​អាជីវកម្ម គឺ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង មិន​ធ្វើ​ឲ្យ​ដោយ​ងាយៗ​ទេ ដោយ​យក​លេស​ថា​ថ្នាក់​ខេត្ត​ធ្វើ​មិនទាន់​។ ប៉ុន្តែ​ប្រសិនបើ​អាជីវក​រណា​ចំណាយលុយ​ច្រើន គឺ​ធ្វើ​ប័ណ្ណ​ប៉ាតង់​បាន​យ៉ាង​លឿន​សម្រាប់​យកទៅ​ប្រើប្រាស់​តាម​សេចក្ដីត្រូវការ​។ ជាងនេះទៅទៀត​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​ទារលុយ​ពី​អាជីវករ​ម្ចាស់​ទីសត្តឃាត​ទូទាំង​ខេត្តកំពង់ឆ្នាំង ច្រើនជាង​តម្លៃ​ធម្មតា​ពី​៣០​ទៅ​៤០​ភាគរយ គឺ​លើសពី​ការកំណត់​ក្នុង​ច្បាប់​៣០​ទៅ​៤០​ភាគរយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

អំពើពុករលួយ​របស់​លោក ងិន ហ៊ុន មាន​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ ក៏ដូចជា​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ផងដែរ ហើយ​តាមរយៈ​អំពើពុករលួយ​នេះ គឺ​លោក ងិន ហ៊ុន អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សម្រាប់​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង មិន​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងិន ហ៊ុន ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ បឋម

27292276_410828012671498_1616975431_n 27157803_410828072671492_1200309964_n