ប្រភពពីសមត្ថកិច្ចនគរបាលក្នុង ស្រុកស្អាង ខេត្តកណ្ដាល ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណី ផ្ទុះអាវុធកាលពីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល គឺបង្ក ឡើងដោយ ឧកញ៉ា រឿង សំអាង ហៅពៅ ដែលជាម្ចាស់ រណ្ដៅដីអត់ច្បាប់មួយកន្លែងនៅ ក្នុងភូមិលេខ១។ ប្រភពបាន ឲ្យដឹងទៀតថា ការដែលឧកញ៉ា រឿង សំអាង ហៅពៅ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងខ្លួនមានតួនាទីសំខាន់នៅក្នុងជួរអង្គរក្ស ហើយជាម្ចាស់រណ្ដៅដីអត់ច្បាប់ដែលកន្លងមកមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកស្អាង ក៏ដូចជាមន្ទីរពាក់ព័ន្ធនៅខេត្តកណ្ដាល មិនហ៊ានប៉ះពាល់នោះទេ។ ជាក់ស្ដែងក្រោយពេលប្រើកាំភ្លើងខ្លីបាញ់បោះអនាធិបតេយ្យគំរាមមន្ត្រីក្រសួងរ៉ែនិងថាមពលយ៉ាងកំរោលរួចមក គឺឧកញ៉ា រឿង សំអាង អាចគេចខ្លួនពីសំណាញ់ច្បាប់យ៉ាងស្រួលៗ។
ករណីឈ្មួញឈ្មោះឧកញ៉ា រឿង សំអាង ហៅពៅ ម្ចាស់រណ្ដៅដីឥតច្បាប់នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ប្រើកាំភ្លើងខ្លីបាញ់បោះអនាធិបតេយ្យអស់១បង់ដើម្បីគំរាមទៅលើមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ កំពុងតែធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកស្អាង ខេត្តកណ្ដាល មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទន្ទឹមនឹងនេះមានការអំពាវនាវឲ្យលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល និងលោក សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល ចាត់វិធានការតាមច្បាប់ទៅលើឈ្មួញឈ្មោះ រឿង សំអាង ហៅពៅ ដើម្បីកុំឲ្យឈ្មួញរូបនេះធ្វើអ្វីៗតាមអំពើចិត្តទៀត។ ដោយហេតុថា ការប្រើកាំភ្លើងបាញ់បោះអនាធិបតេយ្យនិងការគំរាមកំហែងទៅលើមន្ត្រីក្រសួងរ៉ែនិងថាមពល គឺជាអំពើខុសច្បាប់ដែលមិនអាចលើកលែងបាននោះឡើយ។
មន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងថា កន្លងមកឈ្មួញឈ្មោះ រឿង សំអាង ហៅពៅ ដែលជាមន្ត្រីប្រដាប់អាវុធហត្ថក្នុងជួរអង្គរក្ស ប្រើអំណាចជីករណ្ដៅដីក្នុងភូមិលេខ១ ដោយអត់ច្បាប់ឲ្យប្រើប្រាស់រថយន្តធុនធំដឹកជញ្ជូនអាចម៍ដីធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយសារតែមន្ត្រីមន្ទីរពាក់ព័ន្ធក្នុងខេត្តកណ្ដាល មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ រឿង សំអាង ហៅពៅ ទើបរាយការណ៍ទៅក្រសួងរ៉ែនិងថាមពល ហើយនៅពេលមន្ត្រីក្រសួងរ៉ែនិងថាមពល ចុះទៅពិនិត្យរណ្ដៅដីអត់ច្បាប់ក៏ត្រូវឈ្មួញឈ្មោះ ពៅ ប្រើកាំភ្លើងខ្លីបាញ់ភ្ជុចដីដើម្បីគំរាមយ៉ាងគឃ្លើនតែម្តង។ តាមប្រភពសមត្ថកិច្ចក្នុងឃុំស្វាយរលំ បានឲ្យដឹងថា កន្លងមកពួកគាត់តែងឃើញឈ្មួញ រឿង សំអាង ហៅពៅ មានកាំភ្លើង៣ដើមជាប់នឹងខ្លួនដោយមិនដឹងថា មានច្បាប់អនុញ្ញាតត្រឹមត្រូវឬក៏អត់នោះទេ ហេតុនេះហើយទើបពលរដ្ឋក្នុងឃុំស្វាយរលំ ខេត្តកណ្ដាល អំពាវនាវឲ្យសមត្ថកិច្ចនគរបាលនិងសមត្ថកិច្ចអាវុធហត្ថខេត្តកណ្ដាល ចាត់វិធានការតាមច្បាប់ទៅលើឈ្មួញ រឿង សំអាង ហៅពៅ ដើម្បីកុំឲ្យឈ្មួញរូបនេះប្រើអំណាចបំពានច្បាប់បន្តទៀត៕
Recent Comments