ប្រភពពីមន្ត្រីគយនៅក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថា បើគ្មានការបើកដៃពីលោក អ៊ុយ វិត មេគយច្រកភ្នំដី ទេនោះ គឺឈ្មួញមិនអាចនាំចូល ម៉ូតូ២០០គ្រឿងដោយស្រួលៗ បានទេ ហើយការបង្ក្រាបគឺធ្វើ ឡើងតាមបណ្ដឹងរបស់ ក្រុមហ៊ុនCAMBODIA SUZUKI MOTOR តែប៉ុណ្ណោះ។ ហេតុនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គួរពិនិត្យមើលអំពើពុករលួយរបស់លោក អ៊ុយ វិត ប្រធានការិយាល័យគយច្រកភ្នំដីផងដែរ ព្រោះមិនមែនតែម៉ូតូគេចពន្ធប៉ុណ្ណោះទេ ដែលឈ្មួញអាចនាំចូលយ៉ាងអនាធិបតេយ្យ គឺនៅមានទំនិញគេចពន្ធច្រើនប្រភេទទៀត ដែលឈ្មួញអាចនាំចូលយ៉ាងពេញបន្ទុកព្រោះលោក អ៊ុយ វិត និងបក្ខពួកគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅតាមរបៀបពុករលួយតែប៉ុណ្ណោះ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចគយច្រកភ្នំដី ស្រុកសំពៅលូន ក្រោមការគ្រប់គ្រងរបស់លោក អ៊ុយ វិត បានធ្វើការឃាត់ម៉ូតូចំនួន២០០គ្រឿងម៉ាកស៊ុយហ្សុយគីឡេត ដែលដឹកជញ្ជូនតាមរថយន្តធុនធំ២គ្រឿងពីទឹកដីសៀមចូលទឹកដីខ្មែរដោយខុសច្បាប់ និងរំលោភកម្មសិទ្ធិបញ្ញា។ ការបង្ក្រាបម៉ូតូទាំង២០០គ្រឿងនោះត្រូវបានគេដឹងថា ជាការអនុវត្តតាមបណ្ដឹងរបស់ក្រុមហ៊ុនCAMBODIA SUZUKI MOTOR ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវម៉ូតូម៉ាកស៊ុយហ្សុយគីឡេត នៅក្នុងប្រទេសកម្ពុជា។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានបណ្ដឹងរបស់ក្រុមហ៊ុននាំចូលផ្ដាច់មុខទេនោះ គឺលោក អ៊ុយ វិត ប្រធានការិយាល័យគយ និងរដ្ឋាករច្រកភ្នំដី មិនចាត់វិធានការបង្ក្រាបម៉ូតូដែលឈ្មួញនាំចូលទាំង២០០គ្រឿងនោះទេ។
ប្រភពពីមន្ត្រីនៅច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថាការដែលឈ្មួញអាចនាំចូលម៉ូតូម៉ាកស៊ុយហ្សុយគីឡេត តាមច្រកនេះគឺមានការឃុបឃិតជាប្រព័ន្ធ ហើយលោក អ៊ុយ វិត ប្រធានការិយាល័យគយនិងរដ្ឋាករច្រកភ្នំដី គឺជាអ្នកទទួលខុសត្រូវធំជាងគេ។ ការដែលលោក អ៊ុយ វិត មេគយច្រកភ្នំដី ឃាត់ម៉ូតូទាំងនោះទុកដើម្បីឲ្យឈ្មួញចរចាជាមួយក្រុមហ៊ុន គឺដោយសារមានបណ្ដឹងពីក្រុមហ៊ុនដែលទទួលបានសិទ្ធិនាំចូលផ្ដាច់មុខម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពីទឹកដីសៀមចូលប្រទេសកម្ពុជា។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើកគ្មានពាក្យបណ្ដឹងពីក្រុមហ៊ុនCAMBODIA SUZUKI MOTORទេនោះគឺមន្ត្រីគយនៅច្រកភ្នំដី និងសមត្ថកិច្ចដទៃទៀតឃុបឃិតឲ្យឈ្មួញនាំម៉ូតូទាំង២០០គ្រឿងទៅដល់គោលដៅយ៉ាងរលូនជាមិនខាន។
ជុំវិញបញ្ហាខាងលើនេះតំណាងក្រុមហ៊ុនCAMBODIA SUZUKI MOTOR ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខម៉ូតូម៉ាកស៊ុយហ្សុយគីឡេត សម្រាប់ប្រទេសកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ពាក្យប្ដឹងទៅអគ្គនាយកដ្ឋានគយនិងរដ្ឋាកររួចហើយ ដោយក្រុមហ៊ុមិនអាចមានការសម្របសម្រួលចរចាជាមួយឈ្មួញដែលលួចនាំចូលម៉ូតូម៉ាកដូចខាងលើនេះឡើយ។ ដោយហេតុថាករណីឈ្មួញនាំចូលម៉ូតូដូចខាងលើនេះ គឺជាការរំលោភកម្មសិទ្ធិបញ្ញា ខុសច្បាប់ប៉ះពាល់សិទ្ធិនិងប៉ះពាល់គុណភាពម៉ូតូដែលក្រុមហ៊ុនទទួលបានសិទ្ធិផ្ដាច់មុខនាំចូលរួចទៅហើយ។ បឋម
Recent Comments