ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ឈ្មួញឈ្មោះស៊ី ស និង ឈ្មួញឈ្មោះស្នា កំពុងបង្កើនសកម្មភាព ប្រមូលទិញឈើប្រណីត និងឈើប្រភេទលេខ១ ដឹកចេញពីតំប ន់ដែន ជម្រក សត្វព្រៃភ្នំឱរ៉ាល់ យ៉ាងពេញបន្ទុក។ មានការរិះគន់ចំៗថាទាល់តែមានការឃុបឃិតពីសំណាក់ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត ទើបឈ្មួញអាចចូលទៅប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យ៉ាងស្រួលៗដូចសព្វថ្ងៃនេះ។ លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ត្រូវបានមន្ត្រីរាជការក្នុងមន្ទីរនេះ លើកឡើងថាជាមេខ្លោងធំបំផុតនៅពីក្រោយបទល្មើសកាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចូលមកស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប្រភពបានឲ្យដឹងថា ឈ្មួញឈ្មោះ វាសនា ផាន់ថានា ហៅស្នា និងឈ្មួញឈ្មោះ ស៊ី ស នៅតែបន្តប្រមូលទិញឈើប្រណីតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយដឹកជញ្ជូនចូលមកខេត្តកំពង់ស្ពឺ រួចនាំចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងខេត្តតាកែវនិងខេត្តកំពត យ៉ាងរលូនព្រោះមានការ ឃុបឃិតជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធរួចទៅហើយ។ សកម្មភាពរបស់ឈ្មួញទាំង២នាក់នេះអាចប្រព្រឹត្តទៅដោយរលូនគឺ កំពុងតែធ្វើឲ្យព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ។ ជាក់ស្ដែងឈ្មួញឈ្មោះ ស្នា ជាប់ឃុំក្នុងពន្ធនាគារមិនបានប៉ុន្មានផងក៏ចេញមកបន្តអាជីវកម្មប្រមូលទិញឈើប្រណីតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយដឹកជញ្ជូនចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។
ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត ទេនោះគឺឈ្មួញឈ្មោះស៊ី ស និងឈ្មោះស្នា មិនអាចដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចូលមកស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទេ។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានកត់សម្គាល់ថាឈ្មួញឈ្មោះស៊ី ស និង ឈ្មោះស្នា អាចចំណាយលុយយ៉ាងច្រើនក្នុងមួយខែៗទៅឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចបន្តសកម្មភាពប្រមូលទិញឈើដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រេចតែអំពើចិត្ត។ បញ្ហានេះកំពុងតែធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងសេចក្តីវិនាសហើយផលប្រយោជន៍បានទៅលើក្រុមមន្ត្រីនិងសមត្ថកិច្ចពុករលួយដែលគិតគូរតែ ពីរឿងប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបាន ។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញហើយចាត់វិធានការទប់ស្កាត់កុំឲ្យបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រាលដាលកាន់តែខ្លាំងជាងមុនទៅទៀតហើយគួរចាត់វិធាន ការទៅលើក្រុមមន្ត្រីពុករលួយផង ។
ប្រការនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋគ្មានជំនឿលើមន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះក្នុងការបង្ក្រាបបទល្មើសព្រៃឈើព្រោះបច្ចុប្បន្ន សកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកវាលវែងនិងស្រុកភ្នំក្រវាញ នៅតែកើតឡើងយ៉ាងអនាធិបតេយ្យ ហើយឈ្មួញធំៗនៅតែអាចគេចផុត ពីវិធានការផ្លូវច្បាប់ដដែល។បឋម
Recent Comments