មន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចក្នុងមូលដ្ឋាននៃស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ស្រេង ម៉េង បានដាក់កម្លាំងរបស់ខ្លួនឲ្យកាប់ឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងតំបន់អន្ទ្រងជាដើម ហើយប្រមូលដឹកជញ្ជូនតាមរថយន្តធំៗចេញទៅស្រុកយួនយ៉ាងពេញបន្ទុកតែម្តង។ សកម្មភាពរបស់ឈ្មួញឈ្មោះ ស្រេង ម៉េង ហៅម៉េង៣ពូថៅ កំពុងធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងស្រុកកោះញែក ប្រឈមនឹងសេចក្ដីវិនាសក្នុងរយៈពេលដ៏ខ្លីខាងមុខ ព្រោះឈ្មួញឈ្មោះ សឹង សំអុល និងឈ្មួញឈ្មោះ តុប វីដា ក៏កំពុងបង្កើនសកម្មភាពបំផ្លាញព្រៃឈើក្នុងស្រុកកោះញែកដែរ។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាប្រធានមន្ទីរបរិស្ថាន និងប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ត្រូវមជ្ឈដ្ឋាននានាសង្ស័យថា ទទួលបានផលប្រយោជន៍ជាប្រចាំពីឈ្មួញឈ្មោះ ស្រេង ម៉េង និងឈ្មួញដទៃទៀតទើបបណ្ដោយឲ្យឈ្មួញទាំងនោះកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ដោយសេរី ។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើនៅឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ព្រៃឈើដែលនៅសេសសល់ក្នុងមូលដ្ឋានពួកគាត់កំពុងប្រឈមនឹងសេចក្ដីវិនាសចៀសមិនផុតឡើយ ព្រោះមន្ត្រីអាជ្ញាធរ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនចាត់វិធានការបង្ក្រាបបទល្មើសដែលកើតឡើងយ៉ាងអនាធិបតេយ្យនោះទេ។ ក្នុងចំណោមឈ្មួញធំៗដែលបង្កើនសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី គឺឈ្មួញឈ្មោះ ស្រេង ម៉េង ហៅម៉េង៣ពូថៅ អាចដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗចំណុះរាប់សិបម៉ែត្រគូបចេញពីស្រុកកោះញែក ទៅស្រុកយួនដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ ផ្ទុយទៅវិញមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតត្រូវបានគេដឹងថា ជាអ្នកឃុបឃិតគ្នាទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះ ស្រេង ម៉េង ហើយបណ្ដោយឲ្យឈ្មួញរូបនេះ ធ្វើអ្វីៗតាមអំពើចិត្ត។
សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ឈ្មួញឈ្មោះ ស្រេង ម៉េង បានដឹកជញ្ជូនឈើតាមរថយន្តយីឌុបធុនធំចំណុះប្រមាណ៤០ម៉ែត្រគូបចេញពីស្រុកកោះញែក ទៅស្រុកយួនយ៉ាងរលូន។ មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកកោះញែក មន្ត្រីបរិស្ថានក្នុងស្រុកកោះញែក មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ស្រេង ម៉េង នោះទេព្រោះខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះហើយទើបពួកគេឃុបឃិតឲ្យឈ្មួញឈ្មោះ ស្រេង ម៉េង ហៅម៉េង៣ពូថៅ ធ្វើអ្វីៗស្រេចតែអំពើចិត្ត បើទោះបីឈ្មួញឈ្មោះ ស្រេង ម៉េង កំពុងបំពានទៅលើបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏ដោយ។បឋម
Recent Comments