ប្រភពពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ បានឲ្យដឹងថា បច្ចុប្បន្ននាយផ្នែករដ្ឋបាលជលផល កំពង់ឃ្លាំង បានបណ្ដែត បណ្ដោយឲ្យអ្នក នេសាទជន ជាតិយួននិងជនជាតិខ្មែរមួយ ចំនួនប្រើឧបករណ៍ប្រភេទ ស៊ីបរុញយកលៀសនិង បំផ្លាញធនធានត្រីក្នុងបឹងទន្លេសាបយ៉ាងពេញបន្ទុកតែម្តង។ ប្រភពខ្លះបានឲ្យដឹងថា នាយផ្នែករដ្ឋបាលជលផលកំពង់ឃ្លាំង កំពុងសប្បាយ ប្រមូលលុយ ពីការបើកដៃឲ្យឈ្មួញរុញស៊ីបយន្តអូសលៀសនិងអូសត្រីយ៉ាងអនាធិបតេយ្យ ដោយបង់គ្រាន់តែបង់លុយក្នុង១វង់ឬ១ទូក១០ម៉ឺនរៀល។ សូម្បីតែតំបន់អភិរក្សត្រីពងកូនក៏នាយផ្នែករដ្ឋបាលជលផលកំពង់ឃ្លាំងបើកដៃឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ប្រភេទស៊ីបរុញដោយទូកម៉ាស៊ីនធំៗយ៉ាងគគ្រឹកគគ្រេងផងដែរ ហើយលោក ព្រិន្ទ សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប គ្មានប្រតិកម្មអ្វីទាំងអស់។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ពិនិត្យមើលបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៃឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ជាបន្ទាន់ព្រោះបទល្មើសប្រើឧបករណ៍ប្រភេទស៊ីបកំពុងកើតឡើងយ៉ាងរាលដាលធ្វើឲ្យធនធានមច្ឆជាតិត្រូវប្រឈមនឹងសេចក្ដីវិនាស។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់មាត់បឹងទន្លេសាបនៃឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឲ្យដឹងថាបច្ចុប្បន្ននៅក្នុងមូលដ្ឋានពួកគាត់មានបទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។ ជាងនេះទៅទៀតបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់អូសលៀសនិងរុញស៊ីបបំផ្លាញធនធានមច្ឆជាតិកំពុងកើតឡើងយ៉ាងរាលដាល ដោយសារមានការបើកដៃពីនាយផ្នែករដ្ឋបាលជលផលកំពង់ឃ្លាំង។ ប្រភពបានឲ្យដឹងទៀតថា ការដែលនាយផ្នែករដ្ឋបាលជលផលកំពង់ឃ្លាំង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ព្រិន្ទ សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
មន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិ ថ្នាក់ឃុំ នៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម បានឲ្យដឹងថា មួយរយៈកន្លងទៅនេះនាយផ្នែករដ្ឋបាលជលផលកំពង់ឃ្លាំង បើកដៃឲ្យអ្នកមានលុយ អ្នកមានអំណាច និងអ្នកភូមិមួយចំនួនឈូសឆាយដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិយ៉ាងគគ្រឹកគគ្រេងដោយគ្មានការទប់ស្កាត់ឡើយ។ ទន្ទឹមនឹងនេះលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក ព្រិន្ទ សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយមិនខ្វល់ពីការរិះគន់របស់ប្រជាពលរដ្ឋនោះទេ។ ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងទៀតថា បច្ចុប្បន្នមានឈ្មួញធំៗច្រើននាក់ឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅតំបន់កំពង់ឃ្លាំង អស់រាប់រយហិកតារួចទៅហើយ។បឋម
Recent Comments