ប្រភពពីមន្ត្រីគយនៅ ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការដែលលោក ហ៊ីវ សុ ធា រិទ្ធ ប្រធានការិយាល័យគយ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ហ៊ានធ្វើអ្វីៗតាមអំពើ ចិត្តគឺអាង មានខ្នងបង្អែកជាអគ្គនាយករងនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ម្នាក់ដែលមានងារជា ឧកញ៉ាដ៏ល្បីឈ្មោះ។ ហេតុនេះហើយទើបលោក ហ៊ីវ សុធារិទ្ធ ហ៊ានប្រើអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែ ខ្លាំង ឡើងៗដោយគ្មានញញើតអ្វីទាំងអស់ ហើយអំពើពុករលួយរបស់លោក ហ៊ីវ សុធារិទ្ធ ត្រូវបានអ្នករត់ការ ឯកសារក្រុមហ៊ុននាំចូលទំនិញតាម ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លាតត្រដាងជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះក៏មានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ហ៊ីវ សុធារិទ្ធ ប្រធានការិយាល័យគយច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាបន្ទាន់ផងដែរ។ ដោយហេតុថា ក្រៅពីគាបយកលុយពីក្រុមហ៊ុននាំចូលទំនិញតាមច្រកនេះ គឺលោក ហ៊ីវ សុធារិទ្ធ បានឃុបឃិតឲ្យឈ្មួញមួយចំនួននាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក ហ៊ីវ សុធារិទ្ធ ដែលជាប្រធានការិយាល័យគយច្រកនេះ ឃុបឃិតបើកដៃឲ្យមន្ត្រីក្រោមឱវាទប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថាលោក ហ៊ីវ សុធារិទ្ធ អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបហ៊ានប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព ធ្វើឲ្យវិធានការកែទម្រង់ស៊ីជម្រៅសម្រាប់ស្ថាប័នគយក្លាយទៅជារឿងឥតន័យ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះលោក ហ៊ីវ សុធារិទ្ធ និងបក្ខពួកកំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតែម្តង។
ប្រភពពីអ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា សម្រាប់ឯកសារប្រតិវេទន៍គយ ក្នុងមួយឯកសារត្រូវបង់លុយពី៣៥ដល់៧៥ដុល្លារ នេះគិតតែទៅលើឯកសារដែលគ្មានកំហុស ចំណែកឯកសារដែលមានកំហុសតិចតួចត្រូវបង់លុយច្រើនជាងនេះទៅទៀត។ តាមការអះអាងរបស់អ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងទៀតថា ពួកគេត្រូវបង់លុយជាច្រើនកន្លែងច្រើនដំណាក់ទើបអាចនាំចូលទំនិញបានរលូនមិនខាតពេលវេលា។ អំពើពុករលួយរបស់លោក ហ៊ីវ សុធារិទ្ធ និងបក្ខពួកកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុននាំចូលទំនិញផ្សេងៗតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយសូម្បីតែក្រុមហ៊ុននាំចូលទំនិញវិនិយោគក៏ត្រូវប្រឈមនឹងការគាបយកលុយយ៉ាងពេញបន្ទុកពីសំណាក់លោក ហ៊ីវ សុធារិទ្ធ និងបក្ខពួកផងដែរ។បឋម
Recent Comments