ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី បានឲ្យដឹងថា ឈ្មួញយួនមួយចំនួនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជាន់ខ្ពស់ក្នុងខេត្តរតនគិរី ដែលក្នុងនោះមានទាំងមន្ត្រីនគរបាលជាន់ខ្ពស់ មន្ត្រីអាវុធហត្ថជាន់ខ្ពស់ និងមន្ត្រីធំៗក្នុងសាលាខេត្តរតនគិរី ហើយជាងនេះទៅទៀតគឺមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។ ដូច្នេះហើយទើបឈ្មួញយួនអាចឆ្លងដែនចូលមកប្រមូលទិញឈើដល់ឃុំភ្នំកុក ស្រុកវ៉ើនសៃ សម្រាប់ដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូនគ្មានការរំខានណាមួយឡើយ។ បញ្ហានេះជារឿងដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក ជា គុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកវ៉ើនសៃ ស្រុកអូរជុំ និងស្រុកតាវែង កំពុងឃុបឃិតឲ្យឈ្មួញយួននិងឈ្មួញខ្មែរជាច្រើននាក់ប្រមូលទិញឈើដឹកជញ្ជូនទៅស្រុកយួនយ៉ាងពេញបន្ទុក។
ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំភ្នំកុក ស្រុកវ៉ើនសៃ ខេត្តរតនគិរី បានឲ្យដឹងថា រយៈពេលប្រមាណ១ខែកន្លងទៅនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីមូលដ្ឋានពួកគាត់យ៉ាងគគ្រឹកគគ្រេង ហើយគ្មានមន្ត្រីអាជ្ញាធរ មន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ផ្ទុយទៅវិញលោក ជា គុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំ៣ស្រុក គឺស្រុកវ៉ើនសៃ ស្រុកអូរជុំ និងស្រុកតាវែង កំពុងសប្បាយប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងសុខស្រួលមិនខ្វល់ពីការរិះគន់អ្វីឡើយ។ ប្រជាពលរដ្ឋបានរិះគន់ថាប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ជា គុណារ៉ា ទេនោះគឺគ្មានឈ្មួញខ្មែរនិងឈ្មួញយួនប្រមូលទិញឈើដឹកជញ្ជូនឈើចេញពីស្រុកទាំង៣ខាងលើនេះយ៉ាងរលូនបានទេ។
ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកវ៉ើនសៃ បានឲ្យដឹងថា រយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះមានឈ្មួញយួននិងឈ្មួញខ្មែរជាច្រើននាក់ ក្នុងនោះមានឈ្មួញឈ្មោះ ប៉ុល វិសាល មេការក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្តរតនគិរី ប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវ៉ើនសៃ យ៉ាងពេញបន្ទុក។ ការដែលឈ្មួញខ្មែរ និងឈ្មួញយួនអាចដឹកឈើចេញពីស្រុកវ៉ើនសៃ ដោយគ្មានការរំខានពីសមត្ថកិច្ចពាក់ព័ន្ធ គឺមានការសម្របសម្រួលពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពុករលួយដែលគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពខ្លះបានឲ្យដឹងថា បើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ទេនោះគឺលោក ជា គុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកវ៉ើនសៃ ស្រុកអូរជុំ និងស្រុកតាវែង មិនហ៊ានឃុបឃិតឲ្យឈ្មួញយួនចូលមកទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រេចតែអំពើចិត្តបានឡើយ។បឋម
Recent Comments