ប្រធាន​ផ្សារក្រោម​ខេត្តសៀមរាប​ លោក ស៊ន់​ នី សប្បាយ​ប្រមូលលុយ​ពីថ្លៃភាស៊ី​​ពីអាជីវក​រ

ប្រភពពី​អាជីវករ​ជាច្រើន​នាក់​​ បាន​ឲ្យ​ដឹងថា ពួកគាត់​រកស៊ី​លក់ ដូរ​សព្វថ្ងៃ​បង់​តែ​ថ្លៃ​ភាស៊ី​និង ​ថ្លៃ​តូប​ស្ទើរតែ​មិន​គ្រប់  ហើយ​លោក  ស៊ន់ នី ប្រធាន​ផ្សារ​ក្រោម  កំពុងតែ​សប្បាយ​ប្រមូល​លុយ​ភាស៊ី ​និង​លុយ​ថ្លៃ​តូប​ពី​អាជីវករ​យ៉ាង ​សុខ​ស្រួល​។ សូម្បី តែ​ពលរដ្ឋ​ ដែល​លក់​បន្លែបង្ការ​តាម​កញ្ច្រែង​ក៏ ត្រូវ​បង់លុយ​ថ្លៃ​ភាស៊ី​តាម​ ការកំណត់​ដែរ បើ​មិន​ដូច្នេះ​ ទេ​លោក ស៊ន់ នី  មិន​អនុញ្ញាត ​ឲ្យ​លក់ដូរ​ឡើយ​។ ប្រការ​នេះហើយ​ទើប​អាជីវករ​ផ្សារ​ក្រោម​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​លោក ឃឹម ប៊ុន​សុង ជា​អភិបាលខេត្ត និង​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តសៀមរាប ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​ទង្វើ​របស់លោក ស៊ន់ នី ប្រធាន​ផ្សារ​ក្រោម​។ ដោយហេតុថា​បច្ចុប្បន្ននេះ​លោក ស៊ន់ នី ទារលុយ​ភាស៊ី​ពី​អាជីវករ​លក់ដូរ​ច្រើនជាង​ផ្សារ​ផ្សេងៗ​ទៀត​នៅក្នុង​ខេត្តសៀមរាប ធ្វើ​ឲ្យ​អាជីវករ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ឡើងៗ​។

អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្រោម​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តសៀមរាប ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ស៊ន់ នី ប្រធាន​ផ្សារ​ក្រោម​ខេត្តសៀមរាប រឿង​យក​ថ្លៃ​ភាស៊ី​ខ្ពស់ជាង​នៅ​ផ្សារ​ដទៃទៀត​។ អាជីវករ​មួយចំនួន​បាន​លើកឡើងថា សព្វថ្ងៃនេះ​ពួកគាត់​រកស៊ី​លក់ដូរ​ស្ទើរតែ​គ្មាន​សល់​ប្រាក់កម្រៃ​សម្រាប់​ដោះស្រាយ​ជីវភាព​ដោយសារ​ត្រូវ​បង់ថ្លៃ​តូប​១២០​ដុល្លារ​ក្នុង​មួយខែ និង​បង់ថ្លៃ​ភាស៊ី​២០០០​រៀល​ក្នុង​មួយថ្ងៃ​។ មានការ​រិះគន់ថា​លោក ស៊ន់ នី ប្រធាន​ផ្សារ​ក្រោម​ខេត្តសៀមរាប គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​គិតពី​ការលំបាក​របស់​អាជីវ​ករ​ដែល​ខំប្រឹង​រកស៊ី​លក់ដូរ​ហើយ​គ្មាន​នៅសល់​ប្រាក់កម្រៃ​នោះទេ​។

អាជីវករ​និង​ពលរដ្ឋ​ដែល​លក់ដូរ​ក្នុង​ផ្សារ​ក្រោម​ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ខេត្តសៀមរាប ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ធ្វើយ៉ាងណា​ឲ្យ​លោក ស៊ន់ នី ប្រធាន​ផ្សារ​ក្រោម​បញ្ចុះតម្លៃ​ភាស៊ី​ឲ្យ​ដូច​ផ្សារ​ដទៃទៀត​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ពួកគាត់​ខ្លះ​ផង​។ ប្រភពពី​អាជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ផ្សារ​ក្រោម​នេះ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ត្រូវ​ទឹក​លិចលង់​លក់ដូរ​មិនកើត ហើយ​ប្រធាន​ផ្សារ​មិន​អភិវឌ្ឍន៍​អ្វី​ទាំងអស់ គឺ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ថ្លៃ​ភាស៊ី​និង​ថ្លៃ​តូប​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ហេតុនេះ​មន្ត្រី​អាជ្ញាធរ​ខេត្តសៀមរាប និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ស៊ន់ នី ប្រធាន​ផ្សារ​ក្រោម​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ៕

25520082_397738013980498_352877552_n 25497154_397738000647166_716027446_n