ប្រជាពលរដ្ឋក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រយៈពេលប្រមាណ៤ខែកន្លង ទៅនេះមេឈ្មួញ សឹង សំអុល ដែល មាន ខ្នងបង្អែករឹងមាំ ធ្វើសកម្មភាពដឹកជញ្ជូន ឈើចេញទៅស្រុកយួនតាមច្រកដារ ឬច្រកដូង៧ដើមយ៉ាងពេញបន្ទុក។ មេឈ្មួញ សឹង សំអុល បានប្រើប្រាស់រថយន្តយីឌុបធំៗ ចំណុះរាប់សិបម៉ែត្រគូប សម្រាប់ដឹកជញ្ជូនឈើចេញ ទៅស្រុកយួនទាំង យប់ ទាំងថ្ងៃ ហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ច ពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបនោះទេ ព្រោះពួកគេខ្លាចបាត់បង់ផលប្រយោជន៍។ ឈើដែលមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះ គឺជាឈើដែលកាប់នៅតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានការឃុបឃិតជាប្រព័ន្ធ។ សូម្បីតែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាប្រធានគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើក៏រក្សាភាពស្ងៀមស្ងាត់ដែរ ក្នុងខណៈដែលមេឈ្មួញ សឹង សំអុល បន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង។
ក្នុងចំណោមឧកញ៉ាជាច្រើននាក់ដែលកំពុងធ្វើសកម្មភាពកាប់ឈើដឹកចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី គឺឧកញ៉ា សឹង សំអុល កំពុងសាងភាពល្បីល្បាញដាច់គេបើប្រៀបធៀបទៅនឹងឧកញ៉ាមួយចំនួនទៀតដូចជា ឧកញ៉ា តុប វីដា និងឧកញ៉ា ថៃ ជាដើម។ ការដែលឧកញ៉ា សឹង សំអុល កំពុងបង្កើនស្នាដៃក្នុងការបំផ្លាញព្រៃឈើនៅស្រុកកោះញែក ឲ្យរលត់រលាយគឺមានការឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយជាច្រើនស្ថាប័ន។ ហេតុនេះហើយទើបឧកញ៉ា សឹង សំអុល អាចធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងព្រៃការពារក្នុងស្រុកកោះញែក ហើយដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងងងើល។
មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធទៅនឹងករណីទប់ស្កាត់សកម្មភាពរត់ពន្ធឈើប្រណីតទៅក្រៅប្រទេសកំពុងក្លាយជារឿងឥតន័យ ព្រោះជាក់ស្ដែងមេឈ្មួញ សឹង សំអុល ដែលជាមន្ត្រីអាវុធហត្ថផងនោះនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដារ ឬច្រកដូង៧ដើមក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុក។ ការដែលឧកញ៉ា សឹង សំអុល ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ជាងនេះទៅទៀតមេឈ្មួញ សឹង សំអុល មានខ្នងបង្អែកជាមន្ត្រីជាន់ខ្ពស់ចាំជួយការពារគ្រប់ពេលវេលា។ ហេតុនេះហើយទើបគ្មានសមត្ថកិច្ចឬមន្ត្រីជំនាញណាហ៊ានបង្ក្រាបរថយន្តដឹកឈើរបស់មេឈ្មួញ សឹង សំអុល ហើយមានតែជួយបិទបាំងដើម្បីជាថ្នូរនឹងផលប្រយោជន៍។បឋម
Recent Comments