សេចក្ដីរាយការណ៍ពី សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ បានឲ្យដឹងថាក្រុមហ៊ុន សំអឿន សុវណ្ណ មិនត្រឹមតែកាប់ឈើ ក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនចិនប៉ុណ្ណោះទេ គឺមានពាក់ព័ន្ធនឹងបទល្មើស កាប់ឈើនៅតំបន់ព្រៃព្រះរកា និងព្រៃឡង់ផងដែរ។ ប្រភពខ្លះបានឲ្យដឹងថា ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរបរិស្ថាន និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ទំនងជាទទួលបានផលប្រយោជន៍ជាប្រចាំពីលោក អឿន ដែលជាម្ចាស់ក្រុមហ៊ុន សំអឿន សុវណ្ណ ទើបបណ្ដោយឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ កាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកឆែប ស្រុកជ័យសែន និងស្រុកត្បែងមានជ័យ ស្រេចតែអំពើចិត្ត។ ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃព្រះរកា ក៏ដូចជាព្រៃឡង់ក្នុងខេត្តព្រះវិហារ កំពុងប្រឈមនឹងសេចក្ដីវិនាសព្រោះក្រុមហ៊ុន សំអឿន សុវណ្ណ អាចកាប់ឈើនិងដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាបង្ក្រាបឡើយ។
ប្រភពពីប្រជាពលរដ្ឋរស់នៅស្រុកឆែប ខេត្តព្រះវិហារ បានឲ្យដឹងថាមានក្រុមហ៊ុនចិនមួយ ទទួលបានដីសម្បទានសេដ្ឋកិច្ចជាង៥ម៉ឺនហិកតានៅស្រុកឆែប និងស្រុកជ័យសែន សម្រាប់ដាំអំពៅ ក៏ប៉ុន្តែជាក់ស្ដែងគេបែរជាឃើញក្រុមហ៊ុន សំអឿន សុវណ្ណ កាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់នោះយ៉ាងពេញបន្ទុក។ ជាក់ស្ដែងកាលពីព្រលប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ អ្នកសារព័ត៌មានមួយក្រុមបានធ្វើដំណើរឆ្លងកាត់ស្រុកឆែប ហើយពេលមកដល់ចំណុចអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ក៏ប្រទះឃើញរថយន្តកែច្នៃប្រភេទបង្គុង២គ្រឿងរបស់ក្រុមហ៊ុន សំអឿន សុវណ្ណ ដឹកជញ្ជូនឈើចូលទៅក្នុងចំការអំពៅរបស់ក្រុមហ៊ុនចិនទៅវិញ។ ប្រការនេះបង្ហាញឲ្យឃើញថាក្រុមហ៊ុន សំអឿន សុវណ្ណ កំពុងសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើនៅក្នុងស្រុកឆែប និងស្រុកជ័យសែន យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីអាជ្ញាធរ មន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបឡើយ។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ បានឲ្យដឹងថាមួយរយៈពេលកន្លងមកនេះលោក អឿន ដែលជាប្រធានក្រុមហ៊ុន សំអឿន សុវណ្ណ បង្កើនសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើយ៉ាងពេញបន្ទុកតែម្តង។ បញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋនិងមន្ត្រីក្រៅរដ្ឋាភិបាលងឿងឆ្ងល់នោះ គឺតំបន់ដែលក្រុមហ៊ុនចិនទទួលបានដីសម្បទានសេដ្ឋកិច្ចជាង៥ម៉ឺនហិកតា គឺជាតំបន់ដែលមានព្រៃក្រាស់សំបូរទៅដោយឈើប្រណីត ឈើប្រភេទលេខ១ និងឈើប្រភេទលេខ២ ដែលមានទំហំធំៗឬហៅថាឈើហ៊ុប។ មិនតែប៉ុណ្ណោះក្រុមហ៊ុនចិនគឺជាអ្នកទទួលបានដីសម្បទានសេដ្ឋកិច្ច ប៉ុន្តែក្រុមហ៊ុន សំអឿន សុវណ្ណ បែរជាធ្វើសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់នោះយ៉ាងពេញបន្ទុកតែម្តងជារៀងរាល់ថ្ងៃ។បឋម
Recent Comments