ថ្មីៗនេះតាមប្រភពពីប្រជាពលរដ្ឋរស់ នៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ បានឲ្យដឹងថាមន្ត្រីរដ្ឋបាលជលផល ក្នុងខេត្តតាកែវ ជាពិ សេស ក្នុងស្រុកអង្គរបុរី គឺជា អ្នកឃុបឃិតបើកដៃឲ្យជនជាតិ យួនចូលមកនេសាទក្នុងដែន ទឹកខ្មែរស្រេចតែអំ ពើចិត្តដើម្បី ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋបានរាយការណ៍ ថាលោក អ៊ឹម ផាត នាយផ្នែករ ដ្ឋបាលជលផលអង្គ របុរី គឺជា អ្នកឃុបឃិតបើកដៃឲ្យទូកនេសាទរ បស់ជនជាតិយួនរាប់រយគ្រឿងចូលមកធ្វើសកម្មភាពនេសាទក្នុងដែនទឹកខ្មែរយ៉ាងពេញបន្ទុក។ ចំណែកពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកដីបែរជាត្រូវមន្ត្រីរដ្ឋបាលជលផលនិងមន្ត្រីអាជ្ញាធរខ្មែរមិនអនុញ្ញាតឲ្យចូលទៅនេសាទជាលក្ខណៈគ្រួសារដើម្បីបានត្រីយកលក់ចិញ្ចឹមជីវិតនោះទេ។
មន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងស្រុកអង្គរបុរី ខេត្តតាកែវ បានឲ្យដឹងថាករណីជនជាតិយួនចូលមកនេសាទក្នុងដែនទឹកខ្មែរដោយប្រើឧបករណ៍ខុសច្បាប់យ៉ាងគឃ្លើន គឺមានការបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផលស្រុកអង្គរបុរី មេរដ្ឋបាលជលផលខេត្តតាកែវ និងក្រុមមន្ត្រីអធិការជលផលទន្លេមេគង្គផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ក្រុមមន្ត្រីអធិការជលផលទន្លេមេគង្គដែលដឹកនាំដោយលោក ផុន ចេតនា មានពាក់ព័ន្ធយ៉ាងជ្រៅក្នុងការឃុបឃិតបើកដៃឲ្យជនជាតិយួនចូលមកនេសាទខុសច្បាប់ក្នុងដែនទឹកខ្មែរ ហើយប្រមូលលុយបានរាប់ម៉ឺនរាប់សែនដុល្លារយកទៅចែកគ្នាធ្វើមានធ្វើបាន។ ទន្ទឹមនឹងការបើកដៃឲ្យជនជាតិយួនចូលមកនេសាទខុសច្បាប់ក្នុងដែនទឹកខ្មែរ គឺក្រុមមន្ត្រីពុករលួយទាំងនោះបានហាមឃាត់មិនឲ្យប្រជានេសាទខ្មែរប្រកបរបរនេសាទក្នុងទឹកដីរបស់ខ្លួនឡើយ។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកអង្គរបុរី បានឲ្យដឹងថា លោក អ៊ឹម ផាត នាយផ្នែករដ្ឋបាលជលផលអង្គរបុរី កំពុងឃុបឃិតឲ្យទូកនេសាទរបស់ជនជាតិយួនចូលមកធ្វើសកម្មភាពនេសាទក្នុងដែនទឹកខ្មែររាប់រយគ្រឿងនិងប្រើឧបករណ៍ខុសច្បាប់ជាច្រើនប្រភេទ។ ប្រភពដែលស្និទ្ធនឹងលោក អ៊ឹម ផាត បានឲ្យដឹងថា ក្នុងរបាំងព្រួល១ខ្សែលោក អ៊ឹម ផាត តម្រូវឲ្យជនជាតិយួនបង់លុយចាប់ពី២០០០ដុល្លារដល់៣៥០០ដុល្លារដើម្បីជាថ្នូរនឹងការមិនបង្ក្រាប ដូច្នេះលោក អ៊ឹម ផាត អាចប្រមូលលុយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបានជាមួយចៅហ្វាយនាយរបស់ខ្លួន។ ការដែលលោក អ៊ឹម ផាត ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
សេចក្ដីរាយការណ៍ពីពលរដ្ឋក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសា ខេត្តតាកែវ បានឲ្យដឹងថាបច្ចុប្បន្ននេះនៅក្នុងអតីតឡូត៍នេសាទចាប់ពីព្រំប្រទល់ស្រុកអង្គរបុរី និងស្រុកបុរីជលសា មានដាយនិងរបាំងព្រួលរបស់ជនជាតិយួនជាច្រើនកន្លែង ហើយថែមទាំងមានដាក់សម្រាស់ទៀតផង។ ប្រការនេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល និងលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះមេរដ្ឋបាលជលផលខេត្តតាកែវ លោក សៅ កុសល បានបើកដៃឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនដូចជាលោក អ៊ឹម ផាត និងលោក ឌឹម ប៊ុនថន ធ្វើអ្វីៗស្រេចតែអំពើចិត្តហើយធនធានមច្ឆជាតិកំពុងប្រឈមនឹងសេចក្ដីវិនាស។ មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសា បានលើកឡើងថាទូកនេសាទរបស់យួនរាប់រយគ្រឿងប្រមូលទាំងខ្យងខ្ចៅគ្មានសល់ឡើយ ហើយមន្ត្រីរដ្ឋបាលជលផលក្រោមការគ្រប់គ្រងរបស់លោក សៅ កុសល កំពុងប្រមូលលុយតាមរបៀបពុករលួយ ៕
Recent Comments