លោក​ មាស ​ជូរ៉ានី​ប្រធានមន្ទីរ​រ៉ែនិងថា​មពលខេ​ត្តសៀម​រាបជានៅ​ពីខ្នងឲ្យ​ឈ្មួញជីក​រណ្ដៅដី​ជិត​ដល់ក្បា​ល​​ប្រេត

ថ្មីៗ​នេះ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ ក្នុងស្រុក​ប្រាសាទបាគង  បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម  រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល  ពិនិត្យមើល​ឡើងវិញ​ចំពោះ ​អាជីវកម្ម​រណ្ដៅ​ដី​របស់​ ឈ្មួញ​ឈ្មោះ អូន មន្នី ក្នុងភូមិ​ស្វាយ​ជ័យ  ឃុំ​ត្រពាំង​ធំ ស្រុក​ប្រា សាទបា គង ជាបន្ទាន់​។ ដោយហេតុថា​ការដែល​ឈ្មួញ​ ឈ្មោះ អូន មន្នី ហ៊ាន​ជីក​កាយ​រណ្ដៅ ​ដី​ខុសច្បាប់​និង​ដឹក ជញ្ជូន​អាចម៍ ដី​ធ្វើ​អា ជីវកម្ម​យ៉ាង​ពេញបន្ទុក គឺអាច​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ស្រុក និង​មន្ត្រី​អាជ្ញាធរខេត្ត​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​គឺ​ឈ្មួញ​ឈ្មោះ អូន មន្នី មិនអាច​ជីករណ្ដៅ​ដី​ដែលមាន​ជម្រៅ​ពី​១០​ម៉ែត្រ​ទៅ​២០​ម៉ែត្រ​ដែលជា​ការបំពាន​ច្បាប់​យ៉ាង​គឃ្លើន​នោះឡើយ​។​

ប្រភពពី​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​ឈ្មោះ អូន មន្នី និង​ឈ្មោះ ម៉េង ប៉ូ​គាង ជីករណ្ដៅ​ដី​ខុសច្បាប់​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង យ៉ាង​គឃ្លើន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក មាស ជូ​រ៉ានី ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ អូន មន្នី និង​ឈ្មោះ ម៉េង ប៉ូ​គាង មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។ ជាងនេះទៅទៀត​មន្ត្រី​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង និង​មន្ត្រី​អាជ្ញាធរ​ខេត្តសៀមរាប ក៏​អាច​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​២​នាក់​ខាងលើ​នោះដែរ ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​នៅពេល​ឈ្មួញ​បំពាន​លើ​ច្បាប់​អនុញ្ញាត​របស់​មន្ទីរ​ពា​ក់​ព័ន្ធ​។

​ ​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ អូន មន្នី កំពុង​បន្ត​អាជីវកម្ម​កាយ​រណ្ដៅ​ដី​ដែលមាន​ទំហំ​ធំ​និង​មាន​ជម្រៅ​ជ្រៅ​ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះទេ​។ តាមច្បាប់​កំណត់​គឺ​ឈ្មួញ​ឈ្មោះ អូន មន្នី អាច​ជីករណ្ដៅ​ដី​ត្រឹម​ជម្រៅ​៥​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្ដែង​ឈ្មួញ​រូបនេះ​ជីករណ្ដៅ​ដី​ដែលមាន​ជម្រៅ​ពី​១០​ទៅ​២០​ម៉ែត្រជិតដល់ក្បាលប្រេត ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ មន្ត្រី​អាជ្ញាធរ​ស្រុក និង​មន្ត្រី​អាជ្ញាធរ​ខេត្តសៀមរាប បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ចំណែក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប ត្រូវគេ​សង្ស័យថា​ជា​អ្នកទទួល​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ឈ្មួញ​ឈ្មោះ អូន មន្នី ដែល​ជីករណ្ដៅ​ដី​ក្នុងភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ទើប​មិន​ចាត់វិធានការ​ពិនិត្យ​បទដ្ឋាន​បច្ចេកទេស​ក្នុងការ​ជីករណ្ដៅ​ដី​របស់​ឈ្មួញ​ដែល​គិតគូរ​តែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​តំណាង​ពលរដ្ឋ​នៅ​ភូមិ​ស្វាយ​ជ័យ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ឈ្មួញ​ជីករណ្ដៅ​ដី​ទំហំ​ធំៗ​ជ្រៅៗ​២​កន្លែង​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់ ហើយ​រណ្ដៅ​ដី​ទាំងនោះ​មាន​ជម្រៅ​ពី​១០​ទៅ​២០​ម៉ែត្រ​ឯណោះ​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដោយ​ខ្លាច​កូនចៅ​តូចៗ​របស់​ពួកគាត់​និង​សត្វ​គោ ក្របី ធ្លាក់ចូល​ទៅក្នុង​រណ្ដៅ​ដី​របស់​ឈ្មួញ​ឈ្មោះ អូន មន្នី ព្រោះ​ឈ្មួញ​រូបនេះ​មិនបាន​ធ្វើ​របង​ព័ទ្ធជុំវិញ​រណ្ដៅ​របស់ខ្លួន​ឲ្យ​ស្របតាម​ច្បាប់​អាជីវកម្ម​នោះឡើយ​។ ដូច្នេះ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​អាជីវកម្ម​រណ្ដៅ​ដី​ក្នុងស្រុក​ប្រាសាទបាគង​ជាបន្ទាន់ ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ ​៕

25395352_396669060754060_1585550171_n-Copy 25436386_396668890754077_889605589_n