ប្រជានេសាទបានលើកឡើងថា ក្នុងបឹងទន្លេសាបនៃស្រុកឯកភ្នំ និងស្រុកសង្កែ មានជនល្មើសដែល ជាជនជាតិយួន និងជនជាតិខ្មែរ ប្រើឧបករណ៍ខុសច្បាប់ចាប់ ត្រីយ៉ាងមហន្តរាយ ហើយមន្ត្រីរដ្ឋបាលជលផល និងមន្ត្រីអាជ្ញាធរ គឺ ជាអ្នកនៅពីក្រោយ បទល្មើសដើម្បីជាថ្នូរនឹងផល ប្រយោជន៍។ ជាមួយគ្នានេះប្រជាពលរដ្ឋបាន អំពាវនាវឲ្យលោក ងួន រតនៈ អភិ បាល ខេត្ត បាត់ដំបង ចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប ស្រុកសង្កែ និងស្រុកឯកភ្នំជាបន្ទាន់ ព្រោះលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ ដំបង និងមន្ត្រីក្រោមឱវាទមិនចាត់វិធាន ការបង្ក្រាបបទល្មើសឡើយ។
ប្រជានេសាទនៅស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថាក្នុងមូលដ្ឋានពួកគាត់បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅតែកើតឡើងយ៉ាងពេញបន្ទុក ព្រោះមន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបប្រកបដោយប្រសិទ្ធភាពនោះទេ។ ប្រភពខ្លះបានឲ្យដឹងថា លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ហេតុនេះហេតុទើបប្រជានេសាទនៅតំបន់បឹងទន្លេសាបក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ អំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ពិនិត្យមើលភាពអសកម្មរបស់មន្ត្រីរដ្ឋបាលជលផលក្នុងខេត្តបាត់ដំបង ជាបន្ទាន់។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងចម្រុះនៅស្រុកមោងប្ញស្សី បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងតំបន់ព្រៃរនាម នៃបឹងទន្លេសាប ក្នុងស្រុកមោងប្ញស្សី។ នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបង្ក្រាបបានឧបករណ៍ខុសច្បាប់យ៉ាងច្រើនដែលក្រុមជនល្មើសប្រើប្រាស់សម្រាប់ចាប់ត្រី ហើយសមត្ថកិច្ចបានលែងកូនត្រីចម្រុះប្រមាណ៧០០គីឡូក្រាមចូលទៅក្នុងទឹកវិញផងដែរ។ តាមរយៈការបង្ក្រាបរបស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង ជាភស្ដុតាងបង្ហាញថាមន្ត្រីរដ្ឋបាលជលផលក្នុងខេត្តបាត់ដំបង គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដែលកំពុងតែកើតឡើងយ៉ាងរាលដាលនោះទេ។
ទាក់ទងបញ្ហាខាងលើនេះប្រជានេសាទនៅតំបន់បឹងទន្លេសាបនៃស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអំពាវនាវឲ្យនគរបាលប្រឆាំងសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់ផងដែរ។
Recent Comments