សកម្មជនព្រៃឈើ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី បានវាយតម្លៃថា ព្រៃឈើ ដែលនៅសេ ស សល់ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាពិសេស តំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ចៀសមិនផុតពីវិនាស សាបសូន្យដោយ សារស្នាដៃមេ ឈ្មួញ សឹង សំអុល នោះឡើយ។ ជាក់ស្ដែង គ្រាន់តែអំឡុងពេលជាង១សប្ដាហ៍សោះ មេឈ្មួញ សឹង សំ អុល ដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗ ជាច្រើនគ្រឿងចេញទៅស្រុកយួនតាម ច្រកត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ ដោយ គ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាប្រធានមន្ទីរបរិស្ថាន និងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានដឹងយ៉ាងច្បាស់ពីយុទ្ធនាការបំផ្លាញព្រៃឈើរបស់មេឈ្មួញ សឹង សំអុល ក៏ប៉ុន្តែគេមិនចាត់វិធានការបង្ក្រាបបទល្មើសជាក់ស្ដែងនោះទេ។ បើទោះបីមេឈ្មួញ សឹង សំអុល មានឈ្មោះក្នុងបញ្ជីខ្មៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយសំណុំរឿងបំផ្លាញព្រៃឈើរបស់មេឈ្មួញ សឹង សំអុល នៅក្នុងដៃតុលាការយ៉ាងណាក៏ដោយ ក៏ឈ្មួញរូបនេះនៅតែអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដដែលច្រើនជាងមុនទៅទៀត។
បើទោះបីមេឈ្មួញ សឹង សំអុល ដែលមានឈ្មោះក្នុងបញ្ជីខ្មៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធបទល្មើសរត់ពន្ធឈើទៅស្រុកយួននាពេលកន្លងមកយ៉ាងណាក៏ដោយ ក៏គ្មាននរណាហ៊ានប៉ះពាល់មេឈ្មួញរូបនេះដែរ។ ជាក់ស្ដែងបច្ចុប្បន្នមេឈ្មួញរូបនេះសាងស្នាដៃកាន់តែធំធេងក្នុងការបំផ្លាញព្រៃឈើនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ឲ្យវិនាសសាបសូន្យ។ ក្នុងមួយថ្ងៃៗមេឈ្មួញ សឹង សំអុល កាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច រាប់រយម៉ែត្រគូបហើយមិនឃើញមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ឡើយ។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើបានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលមេឈ្មួញ សឹង សំអុល បង្កើនសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើទៅស្រុកយួន។
តាមប្រភពពីប្រជាសហគមន៍ការពារព្រៃឈើនិងមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថារយៈពេលជាង១សប្ដាហ៍កន្លងទៅនេះមេឈ្មួញ សឹង សំអុល (ឧកញ៉ា សឹង សំអុល) បានកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចមិនតិចជាង២៦រថយន្តយីឌុបធំៗអស់ខ្នាតនោះទេ។ ប្រភពបានឲ្យដឹងទៀតថាមេឈ្មួញ សឹង សំអុល បានប្រើអាជ្ញាប័ណ្ណក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ដើម្បីកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ដោយគ្មានញញើតអ្វីទាំងអស់។ មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកកោះញែក បានបញ្ជាក់ថា ការដែលមេឈ្មួញ សឹង សំអុល អាចធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ននៅក្នុងខេត្តមណ្ឌលគិរី ដែលគិតគូរតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។
សេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មេការរបស់មេឈ្មួញ សឹង សំអុល បានចំណាយលុយកេណ្ឋប្រជាពលរដ្ឋឲ្យចូលកាប់ឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ហើយដឹកជញ្ជូនចូលទីតាំងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ដើម្បីឲ្យក្លាយជាឈើស្របច្បាប់សម្រាប់ដឹកចេញទៅស្រុកយួន។ ឈើដែលមេឈ្មួញ សឹង សំអុល ប្រមូលទិញពីប្រជាពលរដ្ឋត្រូវបានដឹកចេញទៅស្រុកយួនតាមច្រកព្រំដែនត្រពាំងស្រែ-វ៉ាលឺ ក្នុងស្រុកស្នួល ខេត្តក្រចេះ មិនតិចជាង២៦រថយន្តយីឌុបធំៗនោះទេ ក្នុងរយៈពេលជាង១សប្ដាហ៍កន្លងទៅនេះ។ សកម្មភាពរបស់មេឈ្មួញ សឹង សំអុល ក្នុងការបង្កើនសកម្មភាពកាប់ឈើនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដឹកជញ្ជូនចេញទៅស្រុកយួន គឺដោយសារអាងមានមន្ត្រីនគរបាលពាក់ផ្កាយ៣ម្នាក់នៅពីក្រោយខ្នងដែលចាំជួយការពារនិងដោះស្រាយគ្រប់ពេលវេលា។បឋម
Recent Comments