ប្រភពពីមន្ត្រីពាក់ព័ន្ធនៅ ច្រកត្រពាំងក្រសាំង និងច្រកបាក់ដៃ បានឲ្យដឹងថា នៅច្រកទាំង២នេះឈ្មួញនាំចូល ទំនិញគេចពន្ធយ៉ាង ពេញបន្ទុក ជាពិសេសគ្រឿងសំណង់ និងទំនិញចាប់ហួយដោយ សារមានការឃុបឃិតពី មន្ត្រីគយនិង សមត្ថកិច្ចពាក់ ព័ន្ធ ដទៃទៀត។ ការដែលមន្ត្រីគយនៅច្រកត្រពាំងក្រសាំង និងច្រកបាក់ដៃ ហ៊ានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ គឺមានការសម្របសម្រួលពីសំណាក់លោក កែវ វណ្ណី ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ បញ្ហានេះគឺជារឿងដែលលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតជាបន្ទាន់ ព្រោះករណីឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តតាកែវ ដែលមានការបើកដៃពីសំណាក់មន្ត្រីគយពុករលួយ កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធកាន់តែច្រើនឡើងៗ។
ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តតាកែវ មួយចំនួនបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក កែវ វណ្ណី ប្រធានសាខាគយខេត្តតាកែវ កំពុងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយច្រើនរូបភាពដោយគ្មានញញើតអ្វីឡើយ។ ប្រភពបានឲ្យដឹងទៀតថា ទំនិញនាំចូលតាមច្រកភ្នំដិន ច្រកត្រពាំងក្រសាំង និងច្រកបាក់ដៃជាដើម គឺឈ្មួញបង់ពន្ធត្រឹម២០ទៅ៣០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះគឺជាការឃុបឃិតបែងចែកផលប្រយោជន៍រវាងមេគយប្រចាំច្រកទាំងនោះ ជាមួយក្រុមឈ្មួញ។ ការដែលប្រធានការិយាល័យគយច្រកភ្នំដិន ច្រកត្រពាំងក្រសាំង និងច្រកបាក់ដៃ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក កែវ វណ្ណី ដែលជាប្រធានសាខាគយតាកែវ ដោយមានការបែងចែកផលប្រយោជន៍ជាប្រចាំ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករតូចតាចដែលរកស៊ីនាំចូលទំនិញពីស្រុកយួនចូលទឹកដីខ្មែរតាមច្រកភ្នំដិន បានឲ្យដឹងថា បច្ចុប្បន្នពួកគាត់រងការគាបសង្កត់យ៉ាងខ្លាំងពីសមត្ថកិច្ចគយ ហើយមុខរបររបស់ពួកគាត់នៅសល់កម្រៃតិចតួចប៉ុណ្ណោះ។ ប្រភពបានឲ្យដឹងទៀតថា នៅពេលពួកគាត់នាំចូលទំនិញត្រូវបង់ពន្ធនៅច្រកព្រំដែន ហើយត្រូវបង់លុយឲ្យមន្ត្រីគយចល័តតាមដងផ្លូវជាតិលេខ២ ដែលគ្រប់គ្រងដោយលោក លាង ម៉ុង ផងដែរ។ ចំណែកឈ្មួញធំៗដែលនាំចូលទំនិញគេចពន្ធរាប់រយតោនក្នុងមួយថ្ងៃៗ គឺមានការសម្របសម្រួលពីមន្ត្រីគយនៃច្រកព្រំដែន ក៏ដូចជាគយចល័តក្រោមការគ្រប់គ្រងរបស់លោក លាង ម៉ុង។ ប្រការនេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកគយមិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក កែវ វណ្ណី ប្រធានសាខាគយខេត្តតាកែវ និងមន្ត្រីក្រោមឱវាទកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។បឋម
Recent Comments