ប្រភពពីប្រជានេសាទ នៅភូមិរាំងទឹល ឃុំរាំងទឹល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថារបរនេសាទ ជាលក្ខណៈគ្រួសារ របស់ពួកគាត់ស្ទើរតែរកលុយទិញ អង្ករច្រកឆ្នាំងលែងបាន ព្រោះជនជាតិយួនកំពុង ប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងពេញបន្ទុក ។ ប្រភពបានឲ្យដឹងទៀតថា របរដាក់មងចងសន្ទួចរបស់ប្រជានេសាទជាលក្ខណៈគ្រួសារកំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ព្រោះមានជនជាតិយួនប្រើឧបករណ៍ប្រភេទយ៉ាំងកាវ របាំងសាច់អួនក្រឡាញឹក លូស្បៃមុងដែលមានប្រវែងបណ្ដោយរាប់ពាន់ម៉ែត្រដើម្បីចាប់ត្រីយ៉ាងគគ្រឹកគគ្រេង ហើយឧបករណ៍ប្រភេទឆ្នុកភ្លើងពណ៌ក៏កំពុងត្រូវក្រុមជនល្មើសប្រើប្រាស់ដើម្បីចាប់ត្រីយ៉ាងពេញបន្ទូកដែរ។
ប្រជានេសាទក្នុងស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់ បានឲ្យដឹងថាមួយរយៈកន្លងទៅនេះជនជាតិយួនបានប្រើឧបករណ៍ខុសច្បាប់ប្រភេទយ៉ាំងកាវចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងមហន្តរាយ ហើយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ត្រូវគេដឹងថាជាមេខ្លោងនៅពីក្រោយបទល្មើសនេសាទដើម្បីប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួល។ ក្នុងនោះលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏អាចទទួលបានផលប្រយោជន៍ពីបទល្មើសប្រើឧបករណ៍ខុសច្បាប់ដែរ ទើបរក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការបង្ក្រាបបទល្មើសដែលកំពុងកើតឡើងយ៉ាងពេញបន្ទុក។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំរាំងទឹល បានឲ្យដឹងថា មានជនជាតិយួនម្នាក់ឆ្មោះ ង្វៀង យ៉ាំងហុង ហៅអាហុងក្បាលដែក គឺជាអ្នករត់ការកាងបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដោយប្រមូលលុយពីក្រុមអ្នកប្រើឧបករណ៍ខុសច្បាប់ទៅឲ្យមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតដើម្បីជាថ្នូរនឹងការមិនបង្ក្រាប។ ហេតុនេះហើយទើបជនជាតិយួនអាចប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំដើម្បីបំផ្លាញធនធានមច្ឆជាតិក្នុងបឹងទន្លេសាបនៃខេត្តពោធិ៍សាត់ យ៉ាងមហន្តរាយ។ តាមរយៈការបណ្ដោយឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងរាលដាល គឺលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ព្រមទាំងបក្ខពួកឈ្មោះ សាយ សំអោក និងឈ្មោះ ភុន វណ្ណា អាចប្រមូលលុយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។ មានការសង្ស័យថាលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ក៏ប្រហែលជាទទួលបានចំណែកផលប្រយោជន៍ពីបទល្មើសនេសាទ ៕
Recent Comments